រូបបដិវត្ត ៖ និម្មាបនកម្មប៉ារ៉ាម៉ែត្រ (Parametric Architecture)

អត្ថបទដោយ ៖ រឿន វីរៈ

និម្មាបនកម្មប៉ារ៉ាម៉ែត្រដែលខ្ញុំលើកយកមកបង្ហាញនេះ គឺជាវាក្យស័ព្ទប្រែសម្រួលដោយផ្ទាល់ចេញពីវាក្យស័ព្ទជាភាសាអង់គ្លេសហៅថា ប៉ារ៉ាម៉េទ្រិក អាឃីតិកឈឺ (Parametric Architecture)។ ដោយសារតែពាក្យ parametric ជាទម្រង់គុណនាមរបស់ពាក្យ parameter អ៊ីចឹងហើយ យើងអាចបកប្រែវាក្យស័ព្ទនេះ មកជាភាសាខ្មែរបានថា ៖ និម្មាបនកម្មប៉ារ៉ាម៉ែត្រ ។ ជាទូទៅ ប៉ារ៉ាម៉ែត្រគឺជាអង្គដែលអាចឲ្យគេស្គាល់ និងយល់អំពីលក្ខណៈរបស់កម្មវត្ថុមួយបាន ហើយវាក៏ជាអ្នកកំណត់ពីការប្រែប្រួលនៃសភាព លក្ខណៈរបស់កម្មវត្ថុនោះបានផងដែរ។ ក្នុងន័យនេះ និម្មាបនកម្មប៉ារ៉ាម៉ែត្រអាចសំដៅទៅលើការរចនាដែលអាចផ្លាស់ប្តូរបានទៅតាមប៉ារ៉ាម៉ែត្រកំណត់ណាមួយ ឬក៏គេអាចនិយាយបានថាវាជានិម្មាបនកម្មមួយ កើតចេញពីការផ្លាស់ប្តូរប៉ារ៉ាម៉ែត្រផ្សេងៗគ្នា។ ប៉ុន្តែគេនៅមិនទាន់មានឯកភាពគ្នាទាំងស្រុងនៅឡើយទេ ក្នុងការកំណត់និយមន័យឲ្យបានច្បាស់លាស់ក្នុងបរិបទសម័យថ្មីយើងនេះ។ 

អញ្ចឹងវាគឺជាអ្វីឲ្យពិតប្រាកដទៅ?

បើតាមសាស្រ្តាចារ្យ ចាបី វ៉ាស៊ីម (Wassim Jabi) សរសេរក្នុងសៀវភៅ “ ការរចនាប៉ារ៉ាម៉ែត្រសម្រាប់និម្មាបនកម្ម (Parametric Design for Architecture) ” គាត់បានឲ្យន័យថា៖

“Parametric Design: A process based on algorithmic thinking that enables the expression of parameters and rules that, together, define, encode and clarify the relationship between design intent and design response.”

“ការរចនាប៉ារ៉ាម៉ែត្រ ៖ គឺជាដំណើរការមួយឈរលើគតិអាល់ហ្គោរីតនិយម ដែលអនុញ្ញាតឲ្យកន្សោមប៉ារ៉ាម៉ែត្រ និងក្រឹត្យនានារួមជាមួយគ្នា ផ្តល់និយមន័យ ធ្វើកូដការ និងបំភ្លឺឲ្យច្បាស់ អំពីទំនាក់ទំនងរវាងគោលបំណងរបស់ការរចនា និងការឆ្លើយតបរបស់ការរចនា។”

អ្នកផ្សេងទៀតគិតថា ការរចនានិម្មាបនកម្មទាំងអស់ គឺជាការរចនាតាមប៉ារ៉ាម៉ែត្រ ក៏ព្រោះតែការរចនា ឬក៏ការស្វែងរកទម្រង់អាគារ សុទ្ធតែប្រែប្រួលទៅតាមប៉ារ៉ាម៉ែត្រផ្សេងៗគ្នាដូចជា អាកាសធាតុ ឬក៏ថវិការក្នុងការចំណាយក្នុងគម្រោងជាដើម។ សាស្រ្តាចារ្យ ប៊ឺរី ម៉ាក (Mark Burry) ដែលជាអ្នកទទួលមើលការខុសត្រូវបញ្ចប់គម្រោងព្រះវិហារ សាហ្គ្រាដា ហ្វាមីលីយ៉ា ប៉ាស៊ីលីការ (Sagrada Família Basilica) របស់និម្មាបនិក អាន់តូនីញ៉ូ ហ្គៅឌី (Antoni Gaudí) បានលើកឡើងនៅក្នុងឆ្នាំ ២០១១ ថា ៖ 

“Parametric design is tantamount to a sine qua non; what exactly is non-parametric design?”

” ការរចនាប៉ារ៉ាម៉ែត្រ ប្រៀបបីដូចជាធាតុផ្សំមួយដ៏ចាំបាច់ ដែលមានកើតឡើងនៅក្នុងការរចនា អញ្ចឹងហើយតើអ្វីទៅមិនមែនជាការរចនាប៉ារ៉ាម៉ែត្រ?”

អ្នកខ្លះទៀតកំណត់ថា ការរចនាតាមប៉ារ៉ាម៉ែត្រ គឺជារចនាបទនិម្មាបនកម្មតែម្តង។ ប្រធានគ្រប់គ្រងរបស់ការិយាល័យ Zaha Hadid Architects លោក ស្គូម៉ាឈឺ ផាទ្រីក (Patrik Schumacher) បានហៅការចនាបែបនេះ ឬក៏ហៅតាមគាត់ថា ប៉ារ៉ាមេទ្រីស៊ីសឹម (Parametrism) ថាជារចនាបទថ្មីស្រឡាងសុទ្ធសាធសំរាប់ពិភពលោកក្នុងបរិបទសម័យយើងនេះ ដោយជំនួសឲ្យចលនានិម្មាបនកម្មសម័យទំនើប។ ប៉ារ៉ាមេទ្រីស៊ីសឹម (Parametrism) របស់គាត់អាចកើតមានឡើងទៅបាន​​ ក៏ព្រោះតែពិភពលោកមានការអភិវឌ្ឈយ៉ាងខ្លាំងក្នុងបច្ចេកវិទ្យាកុំព្យូរទ័រចាប់តាំងពីទស្សវត្សរ៍ទី៩០មក។ ដើម្បីអត្ថាធិប្បាយបញ្ជាក់បន្ថែមឲ្យបានក្បោះក្បាយពីគោលគំនិតរបស់គាត់ចំពោះវាក្យស័ព្ទនេះ គាត់បានបោះពុម្ពផ្សាយសៀវភៅពីរក្បាល ដែលមានឈ្មោះថា ៖ “ ស្វ័យបង្កើតកម្មនៃនិម្មាបនកម្ម (The Autopoiesis of Architecture) ”។ នៅក្នុងសៀវភៅទាំងពីរនេះ គាត់បានឲ្យនិយមន័យ ប៉ារ៉ាមេទ្រីស៊ីសឹម (Parametrism) តាមរយៈសំណេរខាងក្រោមនេះ ៖

“There is a strong, global convergence in recent avant-garde architecture that justifies the enunciation of a new style: Parametricism. Its most conspicuous outward characteristic is a complex and dynamic curvilinearity accentuated by a swarm-like proliferation of continuously differentiated components.”

“គេឃើញមានចំណុចរួមគ្នាជាសាកល និងច្បាស់លាស់មួយនៅក្នុងពិភពនិម្មាបនកម្មអាវ៉ង់ហ្គាដ ដែលអនុញ្ញាតឲ្យគេអាចកំណត់បាននូវរចនាបទថ្មីមួយបាន នោះគឺ ប៉ារ៉ាមេទ្រីស៊ីសឹម (Parametrism)។ ចរឹកលក្ខណៈនៃទម្រង់ខាងក្រៅដែលលេចចេញច្បាស់ក្រឡែតបំផុតនៃរចនាបទនេះគឺសំណុំខ្សែកោងដ៏ស្មុគស្មាញ និងឌីណាមិច មើលទៅហាក់បីដូចជាបណ្តុំដែលកើនឡើងយ៉ាងឆាប់រហ័សឥតគណនានៃធាតុផ្សំខុសប្លែកផ្សេងៗបន្តកន្ទុយគ្នា។”

ក្នុងពេលបច្ចុប្បន្ន និម្មាបនិកនានាប្រដូចការរចនាបែបនេះទៅនឹងការស្វែងរករូបរាងនៃការរចនានិម្មាបនកម្មផងដែរ ហើយវិធីសាស្រ្តស្វែងរករូបរាងនេះអាចធ្វើទៅបាននៅក្នុងកម្មវិធីកុំព្យូទ័រនានា មានជាអាទិ៍ កម្មវិធី ហ្គ្រាសសបផឺ (Grasshopper) ដែលជាអនុកម្មវិធី (plug-in) នៅក្នុងកម្មវិធីកុំព្យូទ័រ Rhinoceros 3D។ អនុកម្មវិធីមួយនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកំណត់ កែប្រែរូបរាងអាគារបានរហ័សទាន់ចិត្ត ហើយឈរលើគោលការណ៍គ្រឹះនៃរូបវិទ្យាសាស្ត្រសុទ្ធសាធ។ ឧទាហរណ៍ដូចជា អ្នកចង់រចនាជញ្ជាំងប្រ៊ីសសូឡីមួយដែលមានស្លាបព្រិលចំហរសំរាប់ឲ្យខ្យល់ចេញចូលគ្រប់គ្រាន់ តែទន្ទឹមនឹងនោះផ្នែកខ្លះនៃជញ្ជាំងនោះនឹងធ្វើឲ្យកម្តៅភាយចូលខ្លាំងទៅក្នុងអាគារ នេះបើសិនជាអ្នករចនាស្លាបព្រិលឲ្យមានម៉ំបើកធំ។ នៅក្នុងអនុកម្មវិធី ហ្គ្រាសសបផឺ (Grasshopper) អ្នកប្រើប្រាស់អាចដាក់ចេញនូវកូដរូបភាពដែលជាប៉ារ៉ាម៉ែត្រ ដើម្បីរចនាស្លាបព្រិលនៃជញ្ជាំងប្រ៊ីសសូឡី ឲ្យនៅតែអាចអនុញ្ញាតឲ្យខ្យល់ចេញចូលបានគ្រប់គ្រាន់ តែមិនបង្កឲ្យមានកម្តៅខ្លាំងជ្រៀតចូលនោះទេ។ ដើម្បីសម្រេចកម្មវត្ថុនេះបាន គេអាចធ្វើការកែប្រែភ្លាមៗដោយគ្រាន់តែប្តូរប៉ារ៉ាម៉ែត្រនៅក្នុងក្រឹត្យរបស់ ហ្គ្រាសសបផឺ (Grasshopper) មួយនេះតែប៉ុណ្ណោះ។  អញ្ចឹងមានន័យថារូបរាងរបស់ស្លាបព្រិលនានានៅលើជញ្ជាំងប្រ៊ីសសូឡីនេះនឹងបង្កើតឡើងមានទំហំមុំមិនដូចគ្នានោះទេ ដោយផ្នែកដែលប៉ះនឹងពន្លឺព្រះអាទិត្យខ្លាំង ស្លាបព្រិលអាចមានមុំមានដឺក្រេទាបជាងផ្នែកដែលមិនប៉ះចំព្រះអាទិត្យដោយផ្ទាល់។ ក្នុងករណីនេះ កាំរស្មីព្រះអាទិត្យដែលនឹងប៉ះត្រូវជញ្ជាំងប្រ៊ីសសូឡីនេះ គឺជាប៉ារ៉ាម៉ែត្រមួយដែលកំណត់ដល់ការផ្លាស់ប្តូររូបរាងរបស់ស្លាបព្រិលនិមួយៗ។

ក្រឹត្យរបស់ Grasshopper (រូបខាងលើ) តាមរយៈកូដរូបភាព បង្កើតបានជាវិមាត្រធរណីមាត្រ (រូបខាងក្រោមព័ណ៍លឿង)។ ក្រឹត្យបង្កើតដោយ ៖ Junichiro Horikawa ។

ការពិតទៅ គេឃើញមានវាក្យស័ព្ទសម្គាល់និម្មាបកម្មប៉ារ៉ាម៉ែត្រ ដំបូងបំផុតសរសេរឡើងដោយ និម្មាបនិកអ៊ីតាលីឈ្មោះ ម៉ូរេតទី វ៉ាល់ធឺ លូវីជី (Luigi Walter Moretti) នៅក្នុងកំឡុងទស្សវត្សរ៍ឆ្នាំ១៩៤០ នៅក្នុងទស្សវដ្តី ស៉្ពាហ្សីយ៉ូ (Spazio) ច្បាប់ទី០៦ តាមរយៈអត្ថបទមានចំណងជើងថា Struttura come Forma  ឬជាភាសាខ្មែរ គ្រោង(សំណង់)ជារូបរាង(សំណង់) ។ លោកលូវីជី បានហៅអ្វីដែលគាត់បានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំថា អាឆីតិកទូរ៉ា ប៉ារ៉ាម៉េទ្រីកា (Architettura Parametrica) ។ និម្មាបនកម្មថ្មីនេះ មានលក្ខណៈផ្ទុយស្រលះពីគំនិតក្នុងការរចនារបស់និម្មាបនកម្មទំនើបដែលកំពុងពេញនិយមខ្លាំងនៅក្នុងទស្សវត្សរ៍នោះ។ តាមរយៈគាត់ និម្មាបនកម្មប៉ារ៉ាម៉ែត្រកើតឡើងមកក្នុងគោលបំណង ដើម្បីគ្រប់គ្រង់អន្តរទំនាក់ទំនងរវាងគ្រោង និងរូបរាង។ គាត់បានដាក់តាំងបង្ហាញការរចនាពហុកីឡាដ្ឋានមួយ ដែលគាត់បានរចនាឡើង ក្នុងគោលបំណងបញ្ជាក់ពីគំនិតរបស់គាត់។ តាមការដាក់តាំងបង្ហាញនៅទស្សវត្សរ៍ឆ្នាំ១៩៦០នោះ គេអាចសង្កេតឃើញថា ការរចនាពហុកីឡាដ្ឋាននោះពិតជាបានកើតឡើងពីប៉ារ៉ាម៉ែត្រចំនួន១៩ផ្សេងៗគ្នា។ បើអ្នកចង់ជ្រាបច្បាស់បន្ថែមថាតើអន្តរទំនាក់ទំនងនេះកើតឡើងយ៉ាងដូចម្តេច សូមអានឯកសារពិគ្រោះដែលខ្ញុំមានដាក់នៅខាងក្រោមអត្ថបទមួយនេះ ឬក៏ប្រហែលជាខ្ញុំអាចធ្វើការបកស្រាយនៅអត្ថបទក្រោយៗទៀត។

រូបសំណាកពហុកីឡាដ្ឋានរបស់ លោកម៉ូរេតទី វ៉ាល់ធឺ លូវីជី (Luigi Walter Moretti) ដែលកើតចេញពីការរចនានិម្មាបនកម្មតាមប៉ារ៉ាមែត្រ តាំងបង្ហាញនៅពិព័ណ៍នាទីក្រុងមីឡាន ប្រទេសអ៊ីតាលី។

យើងនៅមានសាកច្ឆាជាច្រើនទៀតដែលត្រូវធ្វើ មុននឹងឈានទៅដល់ការឲ្យនិយមន័យពិតប្រាកដទៅដល់វាក្យស័ព្ទមួយនេះ។ នៅពេលនេះ វាស្ថិតនៅលើនិម្មាបនិកម្នាក់ៗក្នុងការកំណត់ផ្ទាល់ខ្លួនអំពីការអនុវត្តការរចនាមួយប្រភេទនេះ។ ដូចដែលខ្ញុំបានជម្រាបពីខាងលើអញ្ចឹង នៅក្នុងសម័យយើងនេះភាគច្រើនគេសម្គាល់វា ថាជាការស្វែងរកទម្រង់រូបរាងរបស់អាគារតែម្តង ហើយក្នុងការប្រត្តិបត្តិក៏ដូចគ្នា។ ខ្ញុំមានគំនិតស្របគ្នាទៅនឹងប្រវត្តិវិទូនិម្មាបនកម្ម ហ្វ្រាហ្សឺ ចន (John Frazer) ចំពោះនិម្មាបនកម្មប៉ារ៉ាម៉ែត្រក្នុងបរិបទសម័យដែលយើងកំពុងតែរស់នៅនេះ ដោយការពិតទៅ វាប្រាកដណាស់ថាមិនមែនជារចនាបទដូចដែលគេលើឡើងនោះទេ។ វាគ្រាន់តែជាយុទ្ធវិធីមួយអនុវត្តនៅក្នុងវិស័យនិម្មាបកម្មតែប៉ុណ្ណោះ ហើយមួយវិញទៀតការរចនានិម្មាបនកម្មមិនត្រូវធ្វើឡើងដោយការគិតបែបអាល់ហ្គោរីតនិយមដែរ។ ប៉ុន្តែយើងមិនអាចបដិសេធនូវភាពសំខាន់របស់វាទាំងស្រុងបាននោះទេ។ យុទ្ធសាស្រ្តប៉ារ៉ាម៉ែត្រក្នុងនិម្មាបនកម្មកំពុងតែនាំមកនូវបដិវត្តរូបរាងក្នុងនិម្មាបនកម្មបន្តិចម្តងៗ ដូចដែលយើងបានសង្កេតឃើញសព្វថ្ងៃនេះ។ នៅពេលខាងមុខ យើងប្រហែលជាអាចលះបង់ចោលទាំងស្រុងផងក៏មិនដឹង នូវគំនិតរចនាឈរលើគោលការណ៍គ្រឹះនៃនិម្មាបនកម្មសម័យទំនើប។ 

អនាគតពិតជាមានរស្មី!

ឯកសារពិគ្រោះ 

Burry, M. (2016). Antoni Gaudí and Frei Otto: Essential Precursors to the Parametricism Manifesto. Architectural Design, 86(2), 30–35. https://doi.org/10.1002/ad.2021

CAPONI, P., CUTRONI, F. and RHODE-BARBARIGOS, L., 2019. Revisiting the “M Stadium” Project by Luigi Moretti: A Forgotten Model of Parametric Architecture. In: Proceedings of the IASS Annual Symposium 2019 – Structural Membranes 2019 Form and Force. Barcelona.

Davis, Daniel. 2013. “Modelled on Software Engineering: Flexible Parametric Models in the Practice of Architecture.” PhD dissertation, RMIT University.

Frazer, J. (2016). Parametric Computation: History and Future. Architectural Design, 86(2), 18–23. https://doi.org/10.1002/ad.2019

Gage, M. F. (2016). A Hospice for Parametricism. Architectural Design, 86(2), 128–133. https://doi.org/10.1002/ad.2034

Jabi, W., Johnson, B., & Woodbury, R. (2013). Parametric Design for Architecture. Laurence King Publishing.

Palestini C., Basso A. (2019) Parametric Architecture and Representation, the Experiments of Luigi Moretti. In: Marcos C. (eds) Graphic Imprints. EGA 2018. Springer, Cham. https://doi.org/10.1007/978-3-319-93749-6_15

Schumacher, P. (2008). Parametricism – A New Global Style for Architecture and Urban Design. Patrik Schumacher. https://www.patrikschumacher.com/Texts/Parametricism%20-%20A%20New%20Global%20Style%20for%20Architecture%20and%20Urban%20Design.html

W. Huang, M. Williams, D. Luo, Y. Wu and Y. Lin (eds.), Learning, Prototyping and Adapting, Short Paper Proceedings of the 23rd International Conference on Computer-Aided Architectural Design Re- search in Asia (CAADRIA) 2018. © 2018, The Association for Computer-Aided Architectural Design Re- search in Asia (CAADRIA), Hong Kong.

2 Comments

សូមអគុណសម្រាប់អត្ថបទមួយនេះ។ ខ្ញុំទន្ទឹងរង់ចាំអានអត្ថបទល្អៗដូចនេះទៀត។

សូមអរគុណចំពោះមតិយោបល់មួយនេះ។ យើងពិតជារីករាយខ្លាំងមែនទែន ដែលSopharithចូលចិត្តអត្ថបទពួកយើង។ បើសិនជា Sopharith មានមតិកែលម្អផ្សេងៗ សូមកុំស្ទាក់ស្ទើរក្នុងការសរសេរសារអេឡិចត្រូនិកមកកាន់ពួកយើង។ យើងស្វាគមន៍មតិយោបល់អ្នកជានិច្ច។

Comments are closed.