រាជធានីឡុងដ៍ ៖ ជើងឯកខាងបុរីឧទ្យាន

អត្ថបទដោយ ៖ រឿន វីរៈ

កាលពីមុនពេលដែល ខ្ញុំបានទៅដល់ទីក្រុងឡុងដ៍ ខ្ញ៉ំពិតជាមិនបានដឹងអ្វីច្រើនពីទីក្រុងមួយនេះឡើយ ហើយក៏មិនសូវចាប់អារម្មណ៍ពីវាប៉ុន្មានដែរ។ នេះក៏ប្រហែលមកពីខ្ញុំអត់សូវបានសិក្សាពីវាច្រើននៅក្នុងថ្នាក់បរិញ្ញាប័ត្ររបស់ខ្ញុំ ហើយណាមួយប្រហែលជាស្រុកយើងមិនដែលស្ថិតនៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស អញ្ចឹងហើយទើបយើងមើលឃើញមានតែឥទ្ធិពលកេរដំណែលរបស់បារាំងច្រើនជាង ដោយមានដូចជាអាគាររដ្ឋបាល ឬក៏គតិរចនាសួនច្បារសាធារណៈនៅក្នុងក្រុងយើងជាដើម។ ខ្ញុំក៏ធ្លាប់មានគំនិតលម្អៀងចូលចិត្តរដ្ឋធានីប៉ារីសជាជាងទីក្រុងឡុងដ៍ ដោយសារឆន្ទាគតិខ្លាំងលើសលប់ទៅលើគំនិតដែលថាទីក្រុងល្អឯក ល្គឹកណាមានការគូសវាសរៀបចំប្លង់ត្រឹមត្រូវដោយនគរោបនីយករអាជីព។

អ្វីៗបានផ្លាស់ប្តូរបន្តិចម្តងៗនៅពេលដែលខ្ញុំបានមានឪកាសមកសិក្សា និងរស់នៅក្នុងរាជធានីនេះអស់កំឡុងពេលមួយឆ្នាំ។ នៅរាជធានីឡុងដ៍ ខ្ញុំបានសង្កេតឃើញមានរឿងរ៉ាវថ្មីៗជាច្រើនដែលខ្ញុំចាប់អារម្មណ៍ខ្លាំង ហើយរឿងសំខាន់មួយដែលដក់ជាប់ក្នុងចិត្តខ្លាំងមែនទែន នោះគឺបុរីឧទ្យានសម្រាប់សាធារណជននៅក្នុងរាជធានីមួយនេះ។ នេះប្រហែលមកពីពេលខ្លះ ខ្ញុំធ្លាប់ដើរកាត់បុរីឧទ្យានមួយឈ្មោះថា រីជិនស៍ផាក(Regent’s Park) ពីកន្លែងដែលខ្ញុំធ្លាប់ស្នាក់នៅឆ្ពោះទៅកាន់សាកលវិទ្យាល័យ វ៉េសមីនស្ទឺ(Westminster) ដែលមានទីតាំងស្ថិតតាមបណ្តោយវិថី ម៉ាលីបូន(Marylebone)។ ខ្ញុំគិតថា ហេតុផលមួយទៀតប្រហែល វាទាក់ទងទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញ៉ំផងដែរ ពីព្រោះថា ខ្ញុំអត់ដែលចេញទៅរស់នៅក្នុងទីក្រុងណាមួយនៅឯបរទេសទេ ហើយមួយវិញទៀតដូចអ្នកទាំងអស់គ្នាបានជ្រាបហើយថា នៅរាធានីភ្នំពេញយើងមិនសូវមានសម្បូរសួនច្បារសាធារណៈឡើយ ហើយបើសិនជានិយាយពីបុរីឧទ្យានវិញ ខ្ញុំសង្កេតឃើញមានមួយកន្លែងគត់ដែលតាមគំនិតខ្ញុំ អាចចាត់ចូលបានថាជាបុរីឧទ្យាន ប៉ុន្តែទំហំវាមិនសូវជាធំប៉ុន្មានទេ បើសិជាប្រៀបធៀបជាមួយបុរីឧទ្យានផ្សេងៗនៅរាជធានីឡុងដ៍។

ផ្លូវដើរតូចមួយនៅជិត បុរីឧទ្យាន ហាំស្ទិទហីត(Hampstead Heath) នៅក្នុងក្រុងឡុងដ៍។
រូបភាពរក្សាសិទ្ធដោយ ៖ រឿន វីរៈ។
រូបភាពកណ្តាលក្រុងឡុងដ៍ មើលពីទួលមួយក្នុងបុរីឧទ្យាន ហាំស្ទិទហីត(Hampstead Heath) នៅក្នុងក្រុងឡុងដ៍។
រូបភាពរក្សាសិទ្ធដោយ ៖ រឿន វីរៈ។

សាវតាខ្លះៗអំពីបុរីឧទ្យាននៅក្នុងរាជធានីឡុងដ៍

រាជធានីឡុងដ៍នៅមុន នឹងក្នុងកំឡុងពេលបដិវត្តន៍ឧស្សាហកម្ម មានសភាពកខ្វក់ និងខ្វះអនាម័យជាទីក្រៃលែង ហើយមិនគួរចង់ឲ្យរស់នៅដូចពេលបច្ចុប្បន្ននោះទេ។ ផ្សែងចេញពីរោងចក្រផ្សេងៗបង្ករជាកង្វល់សម្រាប់មនុស្សរស់នៅក្នុងទីក្រុងទាំងមូល។ ដោយសារកង្វះអនាម័យ និងការបំពុលទាំងនេះហើយ ទើបមានចលនាទាមទារឲ្យមានបង្កើតកន្លែងសម្រាប់ដើរកម្សាន្ត ក៏ដូចជាហាត់ប្រាណផ្សេងៗសម្រាប់សាធារណជន។ ជាលទ្ធផល រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានបង្កើតច្បាប់ សុខាភិបាលសាធារណៈ ឬក៏ជាភាសាអង់គ្លេសថា៖ The Public Health Act នៅក្នុងឆ្នាំ១៨៤៨។ គួរបញ្ជាក់ថា ក្រឹត្យនេះគឺប្រើទូទៅចំពោះទីក្រុងឧស្សាហកម្មទាំងអស់ មិនមែនចំពោះតែទីក្រុងឡុងដ៍មួយនោះទេ។ ការពិតទៅ នៅក្នុងច្បាប់នេះគ្រាន់តែមានចែងអំពីភារកិច្ចរបស់អង្គភាពរដ្ឋបាលថ្នាក់តំបន់នីមួយៗ ឲ្យពិនិត្យមើលបង្កើតឡើងនូវលំហសាធារណៈតែប៉ុណ្ណោះ។ ដូចនេះហើយ ទើបបុរីឧទ្យាននៅក្នុងឡុងដ៍បង្កើតដំបូងឡើង ឈរលើគោលការណ៍ជាកន្លែងបង្ហាត់បង្រៀនពីរុក្ខជាតិ ឬក៏ជាសួនរុក្ខសាស្រ្តជាជាងបុរីឧទ្យាន ដែលយើងសង្កេតឃើញមានសព្វថ្ងៃ។ លុះមកដល់ឆ្នាំ១៨៦០ ទើបអង្គភាពថ្នាក់តំបន់ទាំងនោះមានលទ្ធភាពស្របច្បាប់ក្នុងការបង្កើត ឬក៏សាងសង់អ្វីមួយនៅក្នុងឧទ្យានទាំងនេះ។

ប៉ុន្តែមានពេលខ្លះបុរីឧទ្យាននៅក្នុងរាជធានីឡុង បង្កើតឡើងតាមរយៈការបរិច្ចាគមនុស្សធម៌របស់អ្នកមានទ្រព្យសម្បត្តិរស់នៅក្នុងទីក្រុងនោះតែម្តង។ មួយវិញទៀត គេក៏បង្កើតឧទ្យានខ្លះក្នុងការបង្កើនតម្លៃរបស់អចលនទ្រព្យនៅតំបន់ជុំវិញនោះផងដែរ។

ក្នុងពេលបច្ចុប្បន្ននៅឡុងដ៍មានឧទ្យានចំនួន៣០០០ ហើយគ្របដណ្តប់ជិត១៨ភាគរយនៃផ្ទៃទីក្រុងទាំងមូលតែម្តង។ ហើយបើថ្វីត្បិតតែរាជធានីឡុងដ៍ឥលូវមិនមានរោងចក្រស្កេកស្កះដូចមុនមែន តែបុរីឧទ្យាន និងលំហបៃតងនៅតែមានសារៈសំខាន់ច្រើនចំពោះសុខមាលភាពប្រជាជន ក៏ដូចជាការអភិរក្សជីវៈចំរុះដដែល។

បទពិសោធន៍ខ្ញុំផ្ទាល់ជាមួយនឹងបុរីឧទ្យាននៅឡុងដ៍

ដូចដែលខ្ញុំបានប្រាប់ពីខាងលើថា មានពេលខ្លះខ្ញុំត្រូវដើរកាត់បុរីឧទ្យាន រីជិនស៍ផាក(Regent’s Park) ដើម្បីទៅរៀន។ ខ្ញុំកត់សម្គាល់ឃើញថាខ្យល់នៅក្នុងឧទ្យាននេះមានសភាពបរិសុទ្ធជាងខ្យល់នៅខាងក្រៅបន្តិច ហើយអារម្មណ៍ស្រស់ស្រាយ ស្ងប់ស្ងាត់ក៏មានច្រើនជាងមុនដែរ បើទោះជាមានមនុស្សម្នាមកដើរស្រូបយកខ្យល់អាកាស ឬក៏លេងកីឡាបញ្ចេញសំលេងកងរំពងយ៉ាងណាក្តី។ សំលេងបក្សាបក្សីស្រែកច្រៀងនៅលើចុងព្រឹក្សា ធ្វើឲ្យយើងនឹកមមៃទៅដល់ការដើកំសាន្តនៅក្នុងព្រៃ ប៉ុន្តែបើយើងដើរទៅដល់ខណ្ឌសីមាវា ទើបយើងដឹងថាតាមពិតយើងកំពុងតែនៅក្នុងទីក្រុងសោះ។ បើសិនជាអ្នកធ្លាប់បានអញ្ជើញទៅទស្សនារាជធានីឡុងដ៍ ជាពិសេសតំបន់កណ្តាលក្រុង អ្នកនឹងដឹងថាការបំពុលដោយសំលេងមានច្រើនខ្លាំងមែនទែន។ ដូចនេះហើយទើបសភាពស្ងប់ស្ងាត់នៅក្រុងទីក្រុងដ៏អូរអរ គឺជារឿងមួយដែលត្រូវតែលើកសរសើ។ អ្នកក្រុងឡុងដ៍ ឬក៏ទេសចរនានាអាចមកម្សាន្តនៅក្នុងបុរីឧទ្យាននេះបានដោយឥតគិតថ្លៃអ្វីទាំងអស់ លើកលែងតែតំបន់ខ្លះដែលយើងត្រូវបង់លុយចូលទស្សនាដូចជាសួនសត្វនៅក្នុងឧទ្យាននេះជាដើម។

សួនច្បារបែប Picturesque នៅក្នុងបុរីឧទ្យាន រីជិនស៍ផាក(Regent’s Park)។
រូបភាពរក្សាសិទ្ធដោយ ៖ រឿន វីរៈ។
បក្សាបក្សីព្រៃ នៅក្នុងបុរីឧទ្យាន រីជិនស៍ផាក(Regent’s Park)។
រូបភាពរក្សាសិទ្ធដោយ ៖ រឿន វីរៈ។
ការប្រើប្រាស់លំហផ្សេងៗ នៅក្នុងបុរីឧទ្យាន រីជិនស៍ផាក(Regent’s Park)។
រូបភាពរក្សាសិទ្ធដោយ ៖ រឿន វីរៈ។

ខ្ញុំឃើញមានសកម្មភាពជាច្រើនកើតមានឡើងនៅក្នុងឧទ្យាននេះ មិនថាថ្ងៃចុងសប្តាហ៍ឬក៏ថ្ងៃធ្វើការឡើយ។ ខ្ញុំឃើញអ្នកខ្លះគេមកញ៊ាំអាហារថ្ងៃត្រង់នៅក្នុងនេះផងក៏មាន។ តើនរណាខ្លះដែលមិនចង់ញ៊ាំអាហារនៅក្នុងបរិយាកាសដ៏បរិសុទ្ធ នឹងក្រោមម្លប់ត្រឈឹងត្រឈៃ? ខ្ញុំយល់ថា សកម្មភាពបែបនេះអាចជួយសម្រួលដល់សុខភាពផ្លូវចិត្តរបស់អ្នកធ្វើការក្នុងការិយាល័យបានមួយកំរិតដែរ។ យើងដឹងហើយថា ជាធម្មតាពួកគេតែងតែប្រឈមមុខនឹងបន្ទុកការងារដ៍តានតឹង ហើយណាមួយពួកគេធ្វើការច្រើននៅក្នុងបរិស្ថានអធម្មជាតិ អញ្ចឹងចំណាយពេលមួយម៉ោងឬក៏៣០នាទីជាមួយនឹងធម្មជាតិគឺជារឿងមួយដែលត្រឹមត្រូវ និងសំខាន់មិនអាចមើលរំលងបានឡើយ។ បើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលឡុងដ៍ គេដឹងថាក្រុងនេះអាចបញ្ចៀសបន្ទុកចំនាយ ៩៥០លានផោនជារៀងរាល់ឆ្នាំ ទៅលើបញ្ហាសុខមាលភាពរបស់ប្រជាជនក៏ព្រោះតែលំហបៃតងក្នុងទីក្រុងទាំងនេះ។ រដ្ឋបាលក្រុងឡុងដ៍ មើលឃើញពីសារៈសំខាន់របស់បុរីឧ្យាន និងលំហបៃតងសាធារណៈទាំងអស់នេះចំពោះអ្នករស់នៅក្នុងទីក្រុងនេះ ដូចនេះហើយទើបគេប្តេជ្ញាចិត្តក្នុងការបង្កើតឲ្យមានបុរីឧ្យាននិងលំហបៃតងឲ្យកើនដល់៥០%នៃផ្ទៃទីក្រុងទាំងមូលនៅឆ្នាំ២០៥០។

បើនិយាយពីបុរីឧទ្យាន ឡុងដ៍គឺជាគំរូមួយដ៏សំខាន់សំរាប់ការសិក្សារៀនសូត្រ និងយកតម្រាប់តាមដោយសារតែយើងទាំងអស់គ្នាបានដឹងជាក់ហើយពីប្រយោជន៍របស់វាដែលផ្តល់ឲ្យមនុស្ស និងប្រព័ន្ធជីវៈចំរុះនៅក្នុងទីក្រុង។ ប៉ុន្តែបើផ្អែកតាមតឹងតាងប្រវត្តិសាស្ត្រ យើងដឹងច្បាស់ថាការបង្កើត ឬក៏រក្សាបុរីឧទ្យានពិតជាមិនមែនជារឿងដែលយើងអាចធ្វើត្រឹមតែក្នុងមួយឆ្នាំ ឬក៏ពីរឆ្នាំឡើយ គឺវាឆ្លងកាត់ច្រើនជំនាន់ តំណាក់កាល និងការតស៊ូមតិយ៉ាងស្វិតស្វាញ។ ហើយមួយវិញទៀត វាទាមទារការចូលរួមពីគ្រប់ស្រទាប់មជ្ឈដ្ឋាននៅក្នុងសង្គម រាប់ទាំងការគាំពារដោយច្បាប់ជាតិ តំបន់ និងសេចក្តីស្រឡាញ់នឹងការពារផ្ទាល់ពីប្រជាជនរស់នៅក្នុងទីក្រុងឡុងដ៍៕