សាវតានៃបុរីឧទ្យាន សេនត្រលផាក(Central Park) បេះដូងនៃរដ្ឋធានីញ៉ូវរយ៉ក

អត្ថបទដោយ ៖ រឿន វីរៈ

បើគេនិយាយអំពីទីក្រុងញ៉ូវយ៉ក គេនឹងនឹកឃើញមុនគេដល់រូបសំណាក់ស្រ្តីនៃសេរីភាព រូបភាពអាគារខ្ពស់ៗកប់ពពកច្រើនឥតគណនា ហើយនឹងបុរីឧទ្យានដ៏ធំជាងគេមួយនៅកណ្តាលកោះមេនហាតាន់(Manhattan)នៃទីក្រុងមួយនេះគឺ សេនត្រលផាក(Central Park)។ វាគឺជាទីសោមនស្សមួយ អនុញ្ញាតឲ្យអ្នកស្នាក់នៅទីក្រុងដែលមានសកម្មភាពអ៊ូរអរឥតដាច់មួយនេះ ធ្វើការបន្ធូរបន្ថយអារម្មណ៍ជាមួយនឹងលំហបៃតងដ៏ធំល្វឹងល្វើយ អមដោយដោយព្រៃឈើដ៏ក្រាស់ឃ្មឹក ហើយគម្រោងនេះក៏ជារបត់ចាប់ផ្តើមដំបូងបំផុតមួយនៃប្រពៃណីនគរោបនីយកម្មទេសភាពក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកផងដែរ។

គេគ្រប់គ្នាដឹងច្បាស់ណាស់អំពីផលប្រយោជន៍ខាងផ្នែកសោភ័ណ្ឌភាពសម្រាប់ទីក្រុង និងគុណប្រយោជន៍របស់វាចំពោះសុខមាលភាពផ្លូវកាយ និងផ្លូវចិត្តចំពោះប្រជាជនរស់នៅក្នុងទីក្រុងនេះ។ ហេតុដូចនេះហើយ ខ្ញុំនឹងមិនលើយកបញ្ហានេះមកបរិយាយទៀតទេនៅក្នុងអត្ថបទនេះ។ ផ្ទុយមកវិញ អត្ថបទនេះនឹងផ្តោតសំខាន់លើការចាប់ផ្តើម រួមជាមួយគំនិតរចនាដើមដំបូងបំផុតនៃបុរីឧទ្យាននេះ។

រូបភាពបង្ហាញពីបុរីឧទ្យានសេនត្រលផាកប្រៀបធៀបនឹងរដ្ឋធានីញ៉ូវយ៉ក។
រូបភាពរក្សាសិទ្ធដោយ ៖ freddie marriage នៅលើ Unsplash
រូបភាពបង្ហាញពីផ្នែកមួយនៃបុរីឧទ្យានសេនត្រលផាកក្នុងពេលបច្ចុប្បន្ន។
រូបភាពរក្សាសិទ្ធដោយ ៖ Jorge Gardner នៅលើ Unsplash

សាវតាខ្លះៗនៃបុរីឧទ្យាននេះ

គេអាចនិយាយថាគំនិតបង្កើតបុរីឧទ្យានសេនត្រលផាក(Central Park) ជាលទ្ធផលប្រសូតចេញមកពីនគរោបនីយកម្មនៅលើកោះមេនហាតាន់(Manhattan)ដោយផ្ទាល់បាន។ នៅឆ្នាំ១៨១១ អាជ្ញាធរបានចេញផ្សាយប្លង់នៃកោះនេះមានឈ្មោះថា ខុំមីសសិនណឺស៍ផ្លេន (Comissioner’s Plan)។ បើតាមប្លង់នេះ យើងឃើញថាតំបន់មេនហាតាន់ត្រូវបានគេរៀបចំពុះជាក្រឡាចក្រង្គ ហើយផ្តោតសំខាន់ទៅលើការអភិវឌ្ឍអចលនទ្រព្យជាជាងលំហសាធារណៈនៅក្នុងទីក្រុង។ ប៉ុន្តែនេះមិនមែនមានន័យថា គេមិនបានគិតគូរសោះអំពីលំហសារធារណៈនោះទេ គ្រាន់តែលំហទាំងនោះមានផ្ទៃតូចមិនសមាមាត្រទៅនឹងទំហំដ៏ធំរបស់តំបន់ទាំងមូល។ ក្រោយមកដោយសារកំណើតប្រជាជនរស់នៅទីក្រុងកាន់តែច្រើនឡើងៗ បញ្ហាទីក្រុងក៏កើតមានឡើងឥតឈប់ឈរ មានជាអាទិ៍ លំហូរចរាចរ​ណ៍ ឬការបំពុលបរិស្ថានកាន់តែខ្លាំងជាដើម។ ប្រការនេះធ្វើឲ្យមតិសាធារណៈចាប់ផ្តើមគិតគូរខ្លាំងឡើងអំពីលំហបៃតង និងលានសាធារណៈនៅក្នុងទីក្រុងឡើងវិញ។ ជាលទ្ធផលគេបានបង្កើតលំហសាធារណៈខ្លះៗចូលរួមវិភាគទានដោយរដ្ឋនិងឯកជន ប៉ុន្តែចំនួនរបស់ពួកវា នៅតែមិនទាន់សមប្រកបអាចដោះស្រាយបញ្ហាទីក្រុងនានាបានដដែល។

ផែនទីនគរោបនីយកម្មនៃកោះមេនហាតាន់នៅឆ្នាំ១៨១១ មុនការចាប់កំណើតនៃបុរីឧទ្យានសនត្រលផាក។
រូបភាពរក្សាសិទ្ធដោយ ៖ Library of Congress។

គំនិតផ្តួចផ្តើមចង់ឃើញគេបង្កើតបុរីឧទ្យានធំអស្ចារ្យថ្មីមួយ នៅទីក្រុងញ៉ូវយ៉កធ្វើឡើងដោយជនពីររូប។ មួយរូបគឺលោកWilliam Cullen Bryant ដែលជាអ្នកតែងកំនាព្យដ៏ល្បីឈ្មោះ និងក៏ជានិពន្ធនាយកនៃកាសែត New York Evening Post បានសរសេអត្ថបទមួយក្នុងឆ្នាំ១៨៤៤ មានចំណងជើងថា៖ A New Park (ឧទ្យានថ្មីមួយ)។ ក្នុងអត្ថបទនេះ គាត់ចង់ឲ្យគេបង្កើតនូវតំបន់មួយសំរាប់បន្តការលំហែអារម្មណ៍ ហើយអាចផ្តល់ជាម្លប់ និងទីសម្រាប់សកម្មភាពផ្សេងៗទៀតបាន។ លោកមួយរូបទៀតគឺ លោកAndrew Jackson Downing ជាអ្នកដាំរុក្ខជាតិម្នាក់ ហើយក៏ជានិពន្ធនាយកនៃកាលិកប័ត្រ Horticulturist បានធ្វើការរិះគន់យ៉ាងចាស់ដៃជារឿយៗ ទៅលើកង្វះខាតនៃឧទ្យានសាធារណៈនៅសហរដ្ឋអាមេរិក។

ដោយសារតែសំណេរទាំងអំបាលម៉ាណនេះហើយ ទើបធ្វើឲ្យមានការផ្លាស់ប្តូរមតិរបស់មហាជននៅទីក្រុងមួយនេះ រាប់បញ្ចូលទាំងអាជ្ញាធរផងដែរ។ លុះមកដល់ខែមេសាឆ្នាំ១៨៤៩ ទើបចៅហ្វាយក្រុងដែលទើបនឹងឡើងកាន់ដំណែងថ្មី បានបញ្ចូលគោលនយោបាយបង្កើតលំហសាធារណៈធំមួយ ដោយប្រកាសជាឪឡារឹកថា ពួកវា(លំហសាធារណៈ)គឺជាជំនួយសំខាន់ចំពោះសុខាភិបាលសាធារណៈ … (ពួកវា)ជាកន្លែងដកដង្ហើមដ៏អស្ចារ្យសម្រាប់ពលករ។

ប៉ុន្តែគេត្រូវចាំរហូតដល់មានចៅហ្វាយក្រុងថ្មីមួយទៀតឡើងកាន់ដំណែង ទើបការងារចាត់ចែងឲ្យបង្កើតបុរីឧទ្យានដ៏ធំមួយនៅទីក្រុងញ៉ូវយ៉កអាចលេចចេញជារូបរាងឡើង។ ចៅហ្វាយក្រុងនេះបានកំណត់យកតំបន់ព្រៃឈ្មោះថា ៖ Jones’ Wood មកធ្វើជាទីតាំងឧទ្យានថ្មីនេះ ប៉ុន្តែការចរចារទិញដីពីម្ចាស់កម្មសិទ្ធមិនបានធ្វើឡើងដោយរលូនទេ ទើបនៅឆ្នាំ១៨៥១ អាជ្ញាធរបោះឆ្នោតសម្រេចលើក្រឹត្យមួយឈ្មោះថា ៖ Jones’ Wood Park Act ដើម្បីបង្ខំឲ្យកម្មសិទ្ធករលក់ដីព្រៃនេះមកធ្វើជាសម្បត្តិសាធារណៈរបស់ទីក្រុងវិញ។ ទន្ទឹមនឹងនេះគេឃើញមានមតិមួយផ្សេងទៀតទាក់ទងទៅនឹងការជ្រើរើសទីតាំងយកមកធ្វើជាបុរីឧទ្យានថ្មីនេះ ហើយទីតាំងទីពីរនេះគឺជាទីតាំងបុរីឧទ្យាន ដែលគេស្គាល់ថាជាសេនត្រលផាក(Central Park) ឬក៏ការបកប្រែជាភាសាខ្មែរថា ៖ មជ្ឈឹមឧទ្យាន នាពេលប្បច្ចុប្បន្ននេះ។

នៅឆ្នាំ១៨៥១ គេក៏បានបោះឆ្នោតជ្រើសរើសយកទីតាំងថ្មីនេះវិញ ព្រោះតែដីថ្មីនេះអាចអនុញ្ញាតឲ្យគេពង្រីកទំហំរបស់វាបន្ថែមបាន ណាមួយវានៅចំកណ្តាលកោះមេនហាតាន់តែម្តង អញ្ចឹងហើយទើបអ្នករស់នៅទីក្រុងញ៉ូយ៉កអាចមកលំហែបានយ៉ាងងាយស្រួល។ មួយវិញទៀតដីនៅលើទីតាំងនេះ វាសាកសមនឹងធ្វើជាបុរីឧទ្យានជាងអាគារផ្សេងៗ ហើយតំលៃរបស់វាក៏នៅទាបនៅឡើយដែរ។ បើទោះបីជាមានការបោះឆ្នោតសម្រេចចិត្តជ្រើសរើសយកទីតាំងនេះក៏ដោយ ក៏តស៊ូមតិនៅតែផុសផលនៅឡើយចំពោះទីតាំងក៏ដូចជាការរៀបចំបុរីឧទ្យាននេះ។ លុះមកដល់ឆ្នាំ១៨៥៣ ទើបមានការបង្កើតជាច្បាប់មួយដែលមានឈ្មោះថា ៖ Central Park Act ចែងពីទីតាំងរបស់បុរីឧទ្យានជាផ្លូវការ មានដូចតទៅ ៖ ខាងត្បូងជាប់វិថីទី៥៩ ខាងជើងជាប់វិថីទី១០៦ តែដោយសារតែកត្តាស្ថានភាពភូមិសាស្រ្តមិនអំណោយផលទើបគេពង្រីកផ្ទៃក្រឡារបស់វាកើនទៅដល់វិថី១១០(ឥលូវស្គាល់ថាជាវិថីសេនត្រលផាកណូស) ខាងកើតជាប់រុក្ខវិថីទី០៥ ហើយនឹងខាងលិចជាប់នឹងរុក្ខវិថីទី០៨(ឥលូវស្គាល់ថាជាវិថីសេនត្រលផាកវេស)។ ច្បាប់នេះក៏បញ្ជាឲ្យបង្កើតក្រុមសមត្ថកិច្ចចំនួនប្រាំ មានភារៈកិច្ចប៉ាន់ស្មានតំលៃ ក៏ដូចជាទិញដីសំរាប់ធ្វើបុរីឧទ្យាន ហើយមួយវិញទៀត វាក៏បានបញ្ជាឲ្យអាជ្ញាធរទីក្រុងបង្កើតយន្តការគៀងគរប្រមូលថវិការដើម្បីចំណាយក្នុងការទិញដីធ្វើបុរីឧទ្យាននេះ។

បើទោះបីជាមានច្បាប់ដើម្បីបង្កើតជាបុរីឧទ្យានសេនត្រលផាកទៅហើយក្តី ក៏ដំណើរការក្នុងការអនុវត្តច្បាប់នៅតែយឺតយ៉ាវខ្លាំង ហើយក្នុងអន្តរកាលនេះ អាជ្ញាធរមានគំនិតចង់កាត់បន្ថយទំហំរបស់បុរីឧទ្យាននេះផងដែរ ប៉ុន្តែសំណាងល្អដែលចៅហ្វាយក្រុងញ៉ូវយ៉ក លោកFernado Wood ជាប់ឆ្នោតនៅឆ្នាំ១៨៥៤ ជំទាស់នឹងការផ្លាស់ប្តូរអស់ទាំងនេះ ហើយបន្ទាប់មកគាត់ក៏ចាប់អនុវត្តច្បាប់ Central Park Act នេះដោយបង្កើតឲ្យមានអាជ្ញាធរប្រាំផ្សេងទៀតមើលការខុសត្រូវលើគម្រោងមួយនេះ។

គតិរចនានៃបុរីឧទ្យានសេនត្រលផាក

គំនិតរចនាបុរីឧទ្យានសេនត្រលផាកដំបូងបំផុតធ្វើឡើងដោយ លោកEgbert Ludovicus Viele ដែលមាននាទីជាវិស្វករខាងគូរផែនទីប្រចាំគម្រោងមួយនេះ។ គាត់បានចាប់ផ្តើមធ្វើការវាស់វែងដីដែលជាទីតាំងធ្វើជាបុរីឧទ្យាននេះតាំងពីឆ្នាំ១៨៥៣មកម៉្លេះ គឺបីឆ្នាំមុនពេលដែលគាត់ត្រូវបានគេចាត់តាំងឲ្យវាស់វែងទីតាំងនេះដោយអាជ្ញាធរទៅទៀត។ ផែនទីវាស់វែងដីជាផ្លូវការបោះពុម្ភចេញផ្សាយជាលើកដំបូងនៅឆ្នាំ១៨៥៦ ហើយក្នុងផែនទីនេះយើងឃើញថាការរចនារបស់ Viele ឆ្លុះបញ្ចាំងច្រើនពីតថភាពនៃតំបន់នេះ ហើយគោរពគោលកាណ៍នៃររចនាបែបធម្មជាតិច្រើនផងដែរ។

នៅឆ្នាំ១៨៥៧ គេក៏ចាប់ផ្តើមបង្កើតឲ្យមានគណៈកម្មាធិការចាត់តែងកិច្ចការរៀចចំសាងសង់សេនត្រលផាក ហើយគណៈកម្មការនេះបានច្រានចោលគំនិតរចនាបុរីឧទ្យានរបស់លោកViele។ បន្ទាប់មកគេបានបើកការប្រលងប្រជែងជាសាធារណៈវិញ ដើម្បីជ្រើសរើសគំនិតរចនាដែលល្អជាងគេមកសាងសង់បុរីឧទ្យានមួយនេះ។ នៅខែមេសា ឆ្នាំ១៨៥៨ គណៈកម្មការនេះបានទទួលសំណើររចនាចំនួន៣៣ ដែលទាំងអស់សុទ្ធសឹងតែធ្វើឡើងដោយអ្នកនៅក្នុងស្រុក បើទោះបីជាគណៈកម្មាធិការខិតខំអញ្ចើញអ្នកចូលរួមមកពីប្រទេសផ្សេងក៏ដោយក្តី។ សំណើរចុងក្រោយគេបង្អស់ឈ្មោះថា ៖ Greenward រចនាដោយ លោកCalvert Vaux និងលោកFrederick Law Olmsted ត្រូវបានគេជ្រើសរើសជាជ័យលាភីលេខមួយសម្រាប់ការប្រកួតប្រជែង ហើយសំណើរនេះក៏ត្រូវបានគេយកមកសាងសង់។

ផែនទី Greenward Plan សម្រាប់បុរីឧទ្យានសេនត្រលផាក ក្រោយពេលកែសម្រួលហើយដើម្បីចាប់ផ្តើមសាងសង់ នៅឆ្នាំ១៨៦៨។

ក្នុងសំណើររបស់អ្នកទាំងពីរ គេសង្កេតឃើញថាពួកគេបានសិក្សាយ៉ាងល្អិតល្អន់អំពីចរិកលក្ខណៈរបស់ទីក្រុងញ៉ូវយ៉កទាំងមូល ដោយប្រមើលមើលពីការរីកធំធាត់របស់ទីក្រុងទៅថ្ងៃអនាគត ដែលនឹងមានលំហូរចរាចរណ៍មមាញឹក។ ចរាចរណ៍នេះនឹងជៀសមិនផុតពីការឆ្លងកាត់បុរីឧទ្យានមួយនេះនោះទេ។ ដូចនេះហើយទើបពួកគេរចនាប្លង់បុរីឧទ្យានទាំងមូលឲ្យមានផ្លូវឆ្លងកាត់ទទឹង(កើតទៅលិច)ចំនួនបួនពីម្ខាងតភ្ជាប់ទៅផ្នែកម្ខាងទៀតនៃទីក្រុង ក្នុងន័យសម្រួលលំហូរចរាចរណ៍នៅក្នុងទីក្រុង ហើយពួកវាក៏ផ្សារភ្ជាប់ទៅនឹងផ្លូវថ្មើរជើងផ្សេងៗនៅក្នុងបុរីឧទ្យាននេះផងដែរ។ ប្រការនេះនាំឲ្យវាបង្កើតបានទៅជា unity effect តភ្ជាប់ផ្នែកទាំងប្រាំរបស់បុរីឧទ្យានដែលខ័ណ្ឌចែកដោយផ្លូវកាត់ទទឹងទាំងបួន។ មួយវិញទៀតផ្នែកទាំងប្រាំនេះ នឹងធ្វើឲ្យគេងាយស្រួលចាត់ចែងតំបន់ផ្សេងៗទៀត ដែលគណៈកម្មការទទួលបន្ទុកការប្រឡងប្រជែងនេះចង់បាន ដូចជាលានធំល្វឹងល្វើយមានឈ្មោះថា Parade Ground កន្លែងក្មេងលេងចំនួនបី និងបឹងចំនួនពីរ។ ប៉ុន្កែររចនារបស់ លោកVaux និងលោកOlmsted នៅតែមិនអាចឆ្លើយតបបានគ្រប់ជ្រុងជ្រោយនូវកម្មវិធីកំណត់ចេញរបស់គណៈកម្មាធិការទាំងអស់ឡើយ ពីព្រោះវានឹងជះឥទ្ធិពលអាក្រក់ដល់ទេសភាពដែលអ្នកទាំងពីរចង់បានក្នុងបុរីឧទ្យាននេះ។ បើតាម លោកVaux គាត់គិតថាធម្មជាតិគឺជាជម្រើសទីមួយ ហើយបន្ទាប់មកគឺជម្រើសទី២ ទីបី ក្រោយមកទៅគឺនិម្មាបកម្ម(អាគារ)។ នេះប្រហែលអាចជាហេតុផលមួយដែលគេមិនសូវឃើញមានអាគារអ្វីធំដុំសាងសង់នៅក្នុងបុរីឧទ្យាននេះទេ។

ក្នុងសំណើររចនាGreenward គេឃើញមានគម្រោងដាំដើមឈើធំៗជុំវិញខ័ណ្ឌសីមាបុរីឧទ្យានទាំងមូល ដើម្បីធ្វើជារនាំងជញ្ជាំងចែករវាងលំហខាងក្នុងនិងខាងក្រៅ ក្នុងគោលបំណងមិនឲ្យគេអាចមើលឃើញអាគារផ្សេងៗនៅខាងខាងក្រៅឡើយ បើសិនជាអ្នកទាំអស់គ្នាមកទស្សនានៅក្នុងបុរីឧទ្យាននេះ។ នៅខាងក្នុងឧទ្យានវិញ លោកVauxចង់បង្កើតទេសភាពមួយដ៏ស្រស់ស្អាតនៅពេលដែលគេធ្វើដំណើរកាត់តាមឧទ្យាននេះ ឬក៏ថ្មើរជើងដែលមកទស្សនាបុរីឧទ្យាននេះ។ គំនិតមួយទៀតគឺ គេបង្កើតទេសភាពនៅក្នុងបុរីឧទ្យាននេះទាំងមូលដោយប្រើប្រាស់នូវដើមឈើធំៗ ប៉ុន្តែតែងតែអមមកជាមួយនឹងលំហស្មៅបើកទូលាយជានិច្ច។ ធ្វើដូចនេះអ្នកទស្សនាអាចគយគន់សម្រស់ទេសភាពទាំងនោះមកពីគ្រប់ជ្រុងនៃបុរីឧទ្យាន។

នៅមុនពេលចាប់ផ្តើមសាងសង់ គេបានកែប្រែនូវការរចនាដើមខ្លះៗ ដូចជាការពង្រីកទំហំបុរីឧទ្យានឲ្យធំជាងមុន លាតសន្ធឹងរហូតដល់វិថីទី១១០(ឥលូវស្គាល់ថាជាវិថីសេនត្រលផាកណូស) ហើយមួយទៀតនោះគឺការបញ្ចូលអាងស្តុកទឹកប្រើប្រាស់ធ្វើជាស្នូលនៃមនោគតិរចនាទាំងមូលរបស់បុរីឧទ្យាន។ បើទោះបីជាគេមិនអាចកែប្រែគំនិតរចនាបែបធម្មជាតិទាំងស្រុងបានរបស់លោកVaux និងលោកOlmstedក៏ដោយ ក៏អ្នកប្រឆាំងនឹងគម្រោងGreenward បានទាមទារនូវសំណើរឲ្យដាក់បញ្ចូលបន្ថែមនូវផ្លូវជិះសេះសន្ធឹងស្របតាមផ្លូវកាត់ទទឹងទាំងបួនបានសម្រេចដោយជោគជ័យ។

បុរីឧទ្យាននេះបានបើកឲ្យអ្នកទស្សនាចូលមកកំសាន្តជាដំណាក់កាលៗ។ នៅពេលដែលគេបញ្ចប់គម្រោងបឹងហើយ វាក៏បានប្រែក្លាយទៅជាកន្លែងជិះស្គីទឹកកកកំសាន្តសម្រាប់សាធារណជននៅរដូវរងារឆ្នាំ១៨៥៨ដល់១៨៥៩។ ហើយឆ្នាំ១៨៥៩ គេបើកឲ្យមានផ្លូវធ្វើដំណើរកាត់ឧទ្យាននេះជាហូរហែចាប់ពីពេលនោះមក។ នៅ៣០ឆ្នាំក្រោយការបង្កើតបុរីឧទ្យានសេនត្រលផាក យើងសង្កេតឃើញថាមិនមានការកែប្រែអ្វីច្រើនទេ ចំពោះការរចនារបស់វាទេ ទើបតែនៅរវាងទស្សវត្សរ៍ទី៧០ និងទី៨០ ទើបមានការបន្ថែមមុខងារ និងអាគារថ្មីខ្លះៗនៅក្នុងបុរីឧទ្យាននេះ។

សាវតានៃការដំណើរការបង្កើតបុរីឧទ្យានសេនត្រាលផាក ឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតពីសង្គមបែបប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ហើយក្នុងនាមជាបុរីឧទ្យានដំបូងគេនៅក្នុងប្រវត្តិរៀបចំក្រុងរបស់អាមេរិក វាគឺជាគំរូមួយនាំមកនូវបដិវត្តនគរោនីយកម្មទេសភាពតាមបណ្តាទីក្រុងនានានៅក្នុងរដ្ឋសហព័ន្ធមួយនេះ។