កិច្ចការកសាងកេរ្តិ៍តំណែលមួយ៖ បទសម្ភាសន៍ជាមួយលោក លុយ បានហាប់

អត្ថបទដើមដោយ៖ លោក ម៉ួរីត ហេននីង

បកប្រែជាភាសាខ្មែរក្រៅផ្លូវការដោយ៖ រឿន វីរៈ

ខាងក្រោមនេះ គឺជាអត្ថបទបកប្រែពីភាសាអង់គ្លេសបោះពុម្ពផ្សាយនៅលើកាសែត ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៥។ ប៉ុន្តែអត្ថបទនេះសរសេឡើងដោយនិម្មាបនិកអាល្លឺម៉ង់មួយរូបមានឈ្មោះថា ម៉ូរីត ហេននីង (Moritz Henning) ដែលលោកបានធ្វើការស្រាវជ្រាវអំពីលោកលុយ បានហាាប់ រហូតដល់បានទៅសម្ភាសនិម្មាបនិកកម្ពុជានាទសវត្សរ៍ទី៦០មួយរូបនេះដល់គេហដ្ឋានរបស់លោកផ្ទាល់នៅជាយក្រុងប៉ារីស ប្រទេសបារាំង។ សូមចូលអានអត្ថបទដើមជាភាសាអង់គ្លេសតាមរយៈតំណភ្ជាប់មួយនេះ

អត្ថបទប្រែសម្រួលជាភាសាខ្មែរនេះបោះពុម្ភផ្សាយអនឡាញក្រោមការយល់ព្រមពីលោកម៉ូរីត ហេននីង (Moritz Henning)


ពេលវេលាកន្លងទៅជាង៤០ឆ្នាំមកហើយដែលលោកលុយ បានហាប់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា។ លោកម៉ូរីត ហេននីង ជានិម្មាបនិកនិងជាអ្នកកាសែតផងនោះបានដាក់កំហិតខ្លួនឯងក្នុងការរកឲ្យឃើញពីអ្នកចូលរួមចំណែកកសាងកេរ្តិ៍តំណែលនិម្មាបនកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជារឿយៗតែងតែត្រូវគេមើលរំលង។

ក្នុងខែធ្នូ ឆ្នាំមុន វាជាថ្ងៃមួយដ៏សែនត្រជាក់ មេឃាបាំងបិទជុំជិតដោយពពកខ្មៅគ្រប់ទិសទី។ អស់កំឡុងពេលជិតពីរឆ្នាំមកហើយ ដែលខ្ញុំខិតខំស្វែងរកម្តងហើយម្តងទៀត ជួនកាលរកទាល់តែដល់យប់ជ្រៅក៏មានដែរ តាមរយៈម៉ាស៊ីនរុករកហ្គូហ្គលអំពីលេខទូរស័ព្ទ សៀវភៅរាយឈ្មោះនិងអាស័យដ្ឋានទីលំនៅរបស់និម្មាបនិកមួយរូបនេះ។ ប៉ុន្តែជាអកុសល ការខំប្រឹងប្រែងទាំងអំបាលម៉ាននេះមិនបានទទួលជោគជ័យទាល់តែសោះ។ បន្ទាប់មក នៅពេលដែលខ្ញុំបានត្រៀមចិត្តរៀបនឹងចុះចាញ់ទៅហើយ ខ្ញុំក៏បានរកឃើញមនុស្សម្នាក់ដែលប្រហែលជាអាចជួយខ្ញុំបាន។ ម្នាក់នោះគឺផលិតករភាពយន្តបារាំង ដែលខ្ញុំរកឃើញគាត់តាមរយៈហ្វេសប៊ុគ។ គាត់ម្នាក់នេះបានផ្តល់ព័ត៌មាន(អំពីនិម្មានិកដែលខ្ញុំចង់រក)ជាមួយនឹងអាស័យដ្ឋានមួយ។ ហើយពេលនេះ ខ្ញុំកំពុងឈរនៅតំបន់ជាយក្រុងប៉ារីសដ៏សែនស្ងប់ស្ងាត់ នៅពីខាងក្រៅផ្ទះដ៏សាមញ្ញមួយជាកម្មសិទ្ធរបស់លោកលុយ បានហាប់ ដែលជានិម្មានិកដ៏ចំណានមួយរូបក្នុងចំណោមនិម្មានិកសម័យទំនើបជាច្រើនរូបផ្សេងទៀតរបស់ប្រទេសកម្ពុជា។ តាមយោបល់ខ្ញុំ គេភាគច្រើនតែងតែមើលរំលងពីគាត់។

ក្នុងឆ្នាំ២០០៦ អត្ថបទបោះពុម្ពផ្សាយជាក្រាំងគន្លឹះរបស់ Helen Grant Ross និងDarryl Collins មានឈ្មោះថា កសាងកម្ពុជា៖ និម្មាបនកម្មខ្មែរសម័យថ្មី ឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ (Building Cambodia: New Khmer Architecture 1953-1970) បានបណ្តុះពន្លកសារជាថ្មីឡើងវិញក្នុងការចាប់ចិត្តស្រឡាញ់ចូលចិត្តចំពោះនិម្មាបនកម្មក្នុងយុគមាសដែលយុគនេះគឺជារយៈពេលមួយមានការរីកចំរើនខ្លាំងក្នុងផ្នែកនិម្មានកម្មនៅក្នុងប្រទេស។ រាល់អាគាររចនាឡើងប្រកបដោយភាពទាក់ទាញ។ ក្នុងពេលនោះព្រះបាទនរោត្តម សីហនុ ខ្លួនទ្រង់ផ្ទាល់ក៏បានប្រកាសពីភាពស្មើគ្នា(របស់យុគមាសនេះ)ទៅនឹងសមិទ្ធិផលសម្រេចបាននៅក្នុងសម័យអង្គរផងដែរ។

ប៉ុន្តែជំនោរកើនរហ័សនៃចំណាប់អារម្មណ៍ក្រោយពីការបោះពុម្ពសៀវភៅនេះ បានផ្តោតសំខាន់តែទៅលើនិម្មាបនិកមួយរូបតែប៉ុណ្ណោះគឺ លោកវណ្ណ ម៉ូលីវណ្ណ ដែលជាអ្នកបង្កើតគ្រឿងអលង្ការនិម្មាបនកម្មផ្សេងៗដូចជា ពហុកីឡាដ្ឋានជាតិ និងសាលមហោស្រពចតុមុខជាដើម។

ផ្ទះដែលរចនាដោយនិម្មាបនិក លុយ បានហាប់ខ្លួនឯងជាគំរោងមួយក្នុងចំនោមដែលគាត់មានមោទនភាពបំផុត។

លោកម៉ូលីវណ្ណ ប្រហែលជាអ្នកមូលវិវដ្តនិយមខ្លាំងបំផុត និងប្រហែលជានិម្មាបនិកដ៏ជោគជ័យបំផុតម្នាក់ផងដែរនៅក្នុងសម័យនោះ ដោយសារតែគាត់បានរចនាអាគារជាងមួយរយ ប៉ុន្តែនៅពេលនោះមិនមែនមានតែគាត់ម្នាក់ឯងនោះទេ។ ធ្វើការរួមជាមួយលោក នៅមាននិម្មាបនិកនិងអ្នកធ្វើផែនការក្រុងប្រកបដោយមហិច្ចតាជាច្រើនរូបផ្សេងទៀត ដែលពួកគេទាំងនេះបានបញ្ចប់ការសិក្សាពីបរទេស ត្រឡប់មកវិញដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍទេសភាពទីក្រុង។ លោកលុយ បានហាប់ ប្រហែលជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងចំណោមក្រុមមួយនេះផងដែរ។

និម្មាបនកម្មរបស់លោកលុយ បានហាប់ នៅតែស្ថិតនៅជាធាតុផ្សំនៃទេសភាពរបស់ទីក្រុងភ្នំពេញនៅឡើយ មានតួយ៉ាងដូចជា៖ សណ្ឋាគារកាំបូឌីយ៉ាណា សាលមហោស្រពចេនឡា និងអាគារអតីតវិទ្យាល័យទួលស្វាយព្រៃ តែប្រហែលជាគាត់មិនចង់មានឈ្មោះជាអ្នករចនាវានោះទេ ដោយហេតុតែអាគារបានក្លាយទៅជាជំរុំគុកស២១ ក្នុងការគ្រប់គ្រងរបស់របបខ្មែរក្រហមទៅវិញ។ សំណង់ជាប្រវត្តិសាស្រ្តរបស់គាត់ដែលល្បីល្បាញជាងគេ ហើយប្រហែលជារឿយៗ គេតែងតែច្រលំថាជាស្នាដៃលោកវណ្ណ ម៉ូល្លីវណ្ណទៅវិញ នោះគឺអាគារប៊ូឌីង(អាគារប៊ូឌីងស)។ គាត់រចនាអាគារនេះឡើងនៅឆ្នាំ១៩៦៣ រួមជាមួយវិស្វករដើមកំណើតអ៊ុយក្រែន លោក វ្លាឌីមៀ ប៊ុនឌីយ៉ង់ស្គី

ប៉ុន្តែដោយសារតែកាលនោះ លោកជាអ្នកគ្រប់គ្រងវិទ្យាស្ថានរៀបចំប្លង់ក្រុងដ៏សំខាន់ជាងគេរបស់រាជធានីភ្នំពេញ ដូចនេះហើយទើបឥទ្ធិពលរបស់លោកបានហាប់ ក្នុងការបង្កើតរូបរាងទីក្រុងបានលាតសន្ធឹងលើសពីការរចនាអាគារនានារបស់គាត់ទៅទៀត។ គាត់បានទទួលបន្ទុកបង្កើតសួនច្បារសាធារណៈនៅជុំវិញអាគារប៊ូឌីង ឧទ្យានជុំវិញអតីតបឹងកក់ដែលគេចាក់ដីបំពេញហើយ(ដោយយកគំរូតាមឧទ្យានដ៏ល្បីល្បាញនៅទីក្រុងប៉ារីសឈ្មោះថា Bois de Boulogne) ហើយនឹងសួនច្បារនៅលើមហាវិថីដ៏វែងអន្លាយនៅមុខវិមានឯករាជ្យដែលនៅសេសសល់រហូតដល់សព្វថ្ងៃនេះ។

ក្នុងនាមជានិម្មាបនិកនិងអ្នកសារព័ត៌មាន រស់នៅទីក្រុងប៊ែកឡាំង ខ្ញុំបានលឺពីឈ្មោះលុយ បានហាប់ដំបូងឡើយ នៅពេលដែលខ្ញុំមកលេងប្រទេសកម្ពុជានៅឆ្នាំ២០០៧។ ខ្ញុំបានរកឃើញពីការងារដ៏អស្ចារ្យរបស់ វណ្ណ ម៉ូល្លីវណ្ណ តែខ្ញុំចង់យល់ដឹងស៊ីជម្រៅជាងនេះទៅទៀត ដើម្បីបើកនេត្រាអ្នកដទៃឲ្យយល់ដឹងពីមុខងាររបស់និម្មាបនិកកម្ពុជាផ្សេងទៀតធ្វើការនៅក្នុងសម័យនោះផងដែរ។ ដូចនេះហើយ ខ្ញុំក៏បានចាប់ផ្តើមដំណើរស្វែងរកគាត់ ដែលនៅទីបំផុតទៅ នាំខ្ញុំឲ្យមកពើបនឹងអាស័យដ្ឋានមួយនេះដែលស្ថិតនៅឯជាយទីក្រុងប៉ារីស។

លោកលុយ បានហាប់ រចនាសួនច្បារវិមានឯករាជ្យដ័វិចិត្រនេះ។

ការស្វាគមន៍ដែលខ្ញុំទទួលបានក្នុងរសៀលនោះ វាផ្ទុយគ្នាស្រឡះពីអាកាសធាតុដ៏សែនត្រជាក់នៅខាងក្រៅ៖ ទ្វារបើកឡើង គាត់អញ្ជើញខ្ញុំឲ្យចូលមកក្នុង ហើយផ្តល់ភេសជ្ជៈទទួលខ្ញុំ (“ប៊ែណូ ឬក៏ស្រាវីស្គី?”)។ គារវកិច្ចទទួលភ្ញៀវបានបញ្ចប់ទៅ លោកបានហាប់ ក៏ចាប់ផ្តើមនិយាយ។ បើទោះបីជាស្ថិតនៅក្នុងជរាវ័យ តែបេះដូងគាត់នៅតែក្មេងខ្វីនិងគួរឲ្យស្រឡាញ់រាប់អាន។ គាត់បានធ្វើឲ្យរសៀលមួយនេះពោរពេញទៅដោយសេចក្តីសោមនស្ស។ តាមមើលទៅ វាហាក់បីដូចជាអស់កាលដ៏យូរលង់ណាស់មកហើយ ដែលមាននរណាម្នាក់សួរគាត់ទាក់ទងទៅនឹងនិម្មាបនកម្ម ហើយពេលខ្លះគាត់ទាត់ចោលសំណួរផ្សេងៗរបស់ខ្ញុំផងដែរដោយនិយាយថា ”អាគារទាំងអំបាលម៉ានរបស់ខ្ញុំគឺគ្រាន់តែអនុស្សាវរីយ៍ទេសព្វថ្ងៃនេះ ពួកវាមិនសំខាន់ទៀតទេ” បន្ទាប់មកក៏បន្តសម្តីទៀតក្រោយពីឈប់មួយរយៈ។

ចាប់ពីតាំងពីដំណើរលើកទីមួយមក ខ្ញុំបានទៅទីក្រុងប៉ារីសបីបួនដងទៀត ដោយអង្គុយនៅលើសាឡុងនៅផ្ទះលោកលុយ បានហាប់ ហើយស្តាប់គាត់និងប្រពន្ធជនជាតិបារាំងរបស់គាត់ឈ្មោះ អាមេល រៀបរាប់ពីរឿងរ៉ាវផ្សេងៗច្រើនជាងម្តងរហូតដល់ពាក់កណ្តាលយប់។

យុវជនដ៏មានទេពកោសល្យមួយរូប

លោកលុយ បានហាប់ កើតនៅឆ្នាំ១៩៣១ នៅខេត្តកំពង់ចាម។ នាអាយុ១៤ឆ្នាំ គាត់បានផ្លាស់ទីលំនៅមកទីក្រុងភ្នំពេញដើម្បីចូលរៀននៅអនុវិទ្យាល័យមួយ។ គាត់ប្រាប់ខ្ញុំថា កាលពីពេលដំបូងៗនោះ “ជិវិតពិតជាលំបាកខ្លាំងណាស់។ ខ្ញុំរស់នៅក្នុងវត្ត ហើយគ្មានលុយមួយរៀលទេ គ្រួសារក៏នៅឆ្ងាយទៀត។ ខ្ញុំអាចរៀនបានទៅកើតដោយលំបាកលំបិន ក៏ព្រោះតែជីវិតរាល់ថ្ងៃនៅក្នុងវត្ត វាមិនដូចជីវិតដែលខ្ញុំធ្លាប់រស់នៅទេ។ នៅពេលដែលព្រះសង្ឃពន្លត់ភ្លើងម្តងៗ ខ្ញុំចេញទៅក្រៅតាមផ្លូវ ហើយអង្គុយចុះក្រោមអំពូលភ្លើងបំភ្លឺតាមផ្លូវ ដើម្បីរៀនបន្តទៀត។”

ដោយរៀបនឹងបោះបង់ចោលការសិក្សា រួចវេចបង្វេចត្រឡប់ទៅផ្ទះនៅកំពង់ចាមវិញទៅហើយ លោកបានហាប់ ក៏បានប្រទះឃើញមុខដែលលោកដូចធ្លាប់ស្គាល់។ ម្នាក់នោះគឺលោកមន្រ្តីរដ្ឋ ប៉ែន នុត ដែលលោកបានហាប់ បានស្គាល់នៅពេលដែលលោកនៅជាអភិបាលខេត្តកំណើតរបស់លោកនៅឡើយ។

លោកបានហាប់ បានរំលឹកដោយនិយាយថា៖ “ខ្ញុំប្រមែប្រមូលភាពក្លាហានរបស់ខ្ញុំទាំងអស់ ហើយសួរគាត់ តើគាត់អាចផ្តល់ការងារខ្លះឲ្យខ្ញុំធ្វើបានទេ”។

លោកប៉ែន នុត ស្ងើចសរសើពីសេចក្តីក្លាហានរបស់យុវជនបានហាប់ រួចក៏នាំបានហាប់ទៅនៅផ្ទះគាត់ ដែលប្រការនេះអាចធ្វើឲ្យបានហាប់អាចបញ្ចប់ការសិក្សាបានដោយរលូន ហើយចាប់ពីពេលនោះមក លោកប៉ែន នុត នៅតែធ្វើជាអ្នកណែនាំត្រួសត្រាយផ្លូវក៏ដូចជាមិតភ័ក្ត្រជាមួយនឹងបានហាប់រហូតដល់គាត់ចែកឋានទៅនៅក្នុងឆ្នាំ១៩៨៥។

ប្លង់របស់លោកលុយ បានហាប់ សំរាប់ទីក្រុងភ្នំពេញ។

នៅក្នុងឆ្នាំ១៩៤៩ លោកបានហាប់ ក្លាយជាផ្នែកមួយនៃរលកសិស្សកម្ពុជាដែលបានបញ្ញូនចេញទៅរៀននៅប៉ារីសតាមរយៈអាហារូបករណ៍សិក្សា។ ពេលដំបូងឡើយ គាត់ចង់ក្លាយទៅជាវិស្វករនោះទេ ប៉ុន្តែតាមរយៈដំបូន្មានរបស់លោកវណ្ណ ម៉ូល្លីវណ្ណ ដែលបានមកដល់ទីក្រុងប៉ារីសមុនបីឆ្នាំ គាត់ក៏បានប្តូរមុខវិជ្ជារបស់គាត់។ លោកបាន់ហាប់ បាននិយាយថា៖ “ពេលនោះ គ្មាននិម្មានិកស្តង់ដារនៅក្នុងប្រទេសកម្ពុជានោះទេ។ លោកម៉ូលីវណ្ណ បាននិយាយពន្យល់ប្រាប់ខ្ញុំថា ប្រការនេះអាចជាឳកាសល្អសំរាប់ពួកយើង ហើយគាត់ក៏បានយកឈ្នះចិត្តខ្ញុំទៅ”។

នៅពេលដែលគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជានិម្មាបនិកហើយនោះ លោកបានហាប់បានអភិវឌ្ឍការងាររចនាដ៏ល្អមួយសំរាប់អាជីពគាត់រួចទៅហើយ ហើយគាត់មានគោលបំណងធ្វើដំណើរទៅប្រទេសប្រេស៊ីលធ្វើការក្នុងគំរោងរដ្ឋធានីថ្មីបែបអនាគតឈ្មោះថា ប្រេស៊ីលីយ៉ា ដែលមានមេនិម្មានិកសម័យទំនើបកំពុងតែស្ថាបនានៅពេលនោះ។

លោក បានហាប់រលឹកថា៖ “មិត្តភក្តិខ្ញុំជាច្រើននៅទីនោះអស់ហើយ ហើយពួកគេតឿនឲ្យខ្ញុំទៅតាមពួកគេ។ ប៉ុន្តែសម្តេចសីហនុបានបដិសេធទៅលើរឿងមួយនេះ”។

លោកបានហាប់ បានជួបសម្តេចសីហនុលើកទីមួយកំឡុងពេលដែលសម្តេចស្នាក់នៅឯមន្ទីរពេទ្យប៉ារីសមួយកន្លែង។ នៅពេលនោះលោកប៉ែន នុតដែលជាគ្រូណែនាំរបស់បាន់ហាប់បានទាញបាន់ហាប់ឲ្យមកកំដរព្រះអង្គម្ចាស់។ ប្រមុខរដ្ឋកម្ពុជាមួយអង្គនេះ មិនចង់ឲ្យនិម្មានិកក្មេងនិងមានចំណេះដឹងដូចជា បានហាប់ទៅណានោះទេ។ លោកបានហាប់បានគោរពតាមព្រះរាជបំណងរបស់ទ្រង់ រួចក៏ត្រឡប់មកទីក្រុងភ្នំពេញវិញនៅឆ្នាំ១៩៦០ ជាទីដែលគាត់ត្រូវបានចាត់តាំងភ្លាមៗឲ្យបង្កើតមន្ទីរសាងសង់លំនៅដ្ឋាន និងរៀចចំគំរោងប្លង់នៃសាលារាជធានីភ្នំពេញ។

ក្នុងតួនាទីថ្មីនេះ លោកអភិបាលរាជធានីទេព ផន បានផ្តល់ឲ្យគាត់នូវសេរីភាពពេញទីដើម្បីធ្វើទំនើបកម្មគំរោងរៀបចំទីក្រុង។ វាជាភារកិច្ចដ៏សែនធំមួយ តែគាត់ជក់ចិត្តនឹងធ្វើវាណាស់។

គាត់ប្រាប់ខ្ញុំថា៖ “នៅពេលដែលគាត់មកដល់ប្រទេសកម្ពុជាវិញដំបូង ដីធ្លីទាំងឡាយត្រូវទុកទំនេរចោលគ្មានប្រើការអីទេ។ គ្មាននរណាម្នាក់ខ្វល់ឡើយ គ្មានកម្មាភិបាល គ្មានរដ្ឋបាលច្បាស់លាស់ទេ។ ឥណ្ឌូចិនបារាំងទទួលបញ្ជាពីទីក្រុងហាណូយ ប៉ុន្តែពេលនេះ ច្បាស់ណាស់ពួកបារាំងបានចាកចេញបាត់ហើយ។ យើងត្រូវតែកសាងអ្វីគ្រប់យ៉ាងថ្មីទាំងស្រុង តែសំរាប់ខ្ញុំវាជាប្រការល្អមួយ”។

អាគារប៊ូឌីងសដែលគាត់រចនារួមជាមួយអ្នកឯទៀត។ រូបភាពដោយ៖ ម៉ួរីត ហេននីង

លោក បានហាប់ក្នុងអាយុខ្ទង់៣០ឆ្នាំ រួមជាមួយនឹងបុគ្គលិក១២នាក់ផ្សេងទៀត បានគ្រប់គ្រងអ្វីគ្រប់យ៉ាង រាប់តាំពីនគរោនីយកម្ម ដល់ការរចនានិងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាតសាងសង់។ គាត់ក៏បានធ្វើជំរឿនប្រជាជន និងអាគារផ្សេងៗនៅទីក្រុងភ្នំពេញផងដែរ។

គាត់ពន្យល់ថា៖ “ប្រសិនបើអ្នកដឹកនាំទីក្រុងមួយ អ្នកត្រូវតែដឹងថាមានជនជាតិខ្មែរប៉ុន្មាននាក់ ចិនប៉ុន្មាននាក់ ឬក៏ចាមប៉ុន្មាននាក់រស់នៅក្នុងទីក្រុងមួយនោះ ទើបអ្នកអាចដឹងថាកន្លែងណាត្រូវសាង់សង់សាលា ឬក៏វិហារអ៊ីស្លាម”។ គាត់បន្តទៀតថា៖ “មុនពេលខ្ញុំមកដល់ គ្មានអ្វីទាំងអស់។ ខ្ញុំជាមនុស្សដំបូងដែលចាប់ផ្តើមមើលទីក្រុងតាមរយៈវិធីនេះ”។

ក្រោមការដឹកនាំរបស់លោកបានហាប់ ទីក្រុងភ្នំពេញបានប្រែខ្លួនក្នុងនាមថ្មីជារាជធានីដ៏គួរឲ្យស្ញប់ស្ញែង។ លោកបានហាប់បានរលឹកថា៖ “ពេលមួយនោះ ប្រធានាធិបតីសឹង្ហបុរីលោកលី ខ្វាន់យូ បានអញ្ជើញមកមើលភ្នំពេញ”។

“គាត់ស្ថិតក្នុងសភាពអស់សង្ឃឹមខ្លាំង បានសួរខ្ញុំពីរបៀបដែលខ្ញុំអាចធ្វើឲ្យទីក្រុងមួយមានរបៀបរៀបរយបាន។ សឹង្ហបុរីនៅពេលនោះ គឺជាទីក្រុងដ៏សែនកខ្វក់មួយ។ ទីក្រុងភ្នំពេញ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានគេហៅថាជា គុជនៃទ្វីបអាស៊ី”។

អមជាមួយនឹងការងាររដ្ឋក្នុងជួររដ្ឋាភិបាលរបស់លោក លោកបានហាប់ ក៏បានបង្កើតការិយាល័យរចនានិម្មាបនកម្មផ្ទាល់ខ្លួនមួយផងដែរ ស្ថិតនៅក្នុងផ្ទះវីឡារបស់គាត់ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ហើយក្រោយមកគាត់ចាប់ផ្តើមបង្កើតក្រុមហ៊ុនសាងសង់សំណង់ទៀតផង។ ក្នុងចំណោមគំរោងនានាដែលឆ្លងកាត់ការិយាល័យរបស់គាត់មានដូចជា៖ មហាវិទ្យាល័យផ្សេងៗ រោងចក្រនានា និងផ្ទះវីឡាជាច្រើនសំរាប់ព្រះបាទ នរោត្តម សីហនុ និងព្រះនាងម្ចាស់ដែលបុត្រីរបស់ព្រះអង្គ។

លោកបានហាប់ សព្វថ្ងៃនេះកំពុងរស់នៅតំបន់ជាយក្រុងប៉ារីសមួយ។ រូបភាពដោយ៖ ម៉ួរីត ហេននីង។

អាគារប៊ូឌីង ដែលខាងសាលារាជធានីចាត់តាំងឲ្យសាងសង់ធ្វើជាផ្ទះអត្តពលិកសំរាប់ការប្រកួតស៊ីហ្គេមហើយក្រោយមកត្រូវគេធ្វើឯកជនភានូបនីយកម្មនោះ មិនដែលជាគំរោងមួួយក្នុងចំនោមគំរោងនានាដែលគាត់ពេញចិត្តនោះទេ។

គាត់និយាយថា៖ “សណ្ឋាគារកាំបូឌីយ៉ាណានិងផ្ទះខ្ញុំបាទ ពួកវាមានសារៈសំខាន់ណាស់ចំពោះខ្ញុំ ប៉ុន្តែអាគារប៊ូឌីង អត់មានទេ។ វាមិនមែនជាគំរោងផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ”។

ការងារដែលគេកាត់បំព្រួញ

នៅពេលដែលលោកលន់ ណុល កាន់កាប់អំណាចនៅឆ្នាំ១៩៧០ លោកបានហាប់ បានកំពុងស្ថិតនៅក្នុងគំរោងស្រាជ្រាវបួនឆ្នាំពេញមួួយ ដើម្បីប្រមើលមើលពីទិសដៅអភិវឌ្ឍទីក្រុងភ្នំពេញនាពេលអនាគត។ ហើយក្នុងរយៈពេលកាន់កាប់អំណាចនេះ ប្លង់អភិវឌ្ឍធំៗរបស់ប្រទេសក៏ត្រូវរលាយអស់គ្មានសល់។ មិត្តភក្តិរួមការងារជាច្រើនរបស់គាត់រួមទាំង លោកវណ្ណ ម៉ូលីវណ្ណផងដែរ បានមើលឃើញពីពពកខ្មៅងងឺតកំពុងតែត្រដែតត្រសែតឡើង រួចក៏វេចបង្វេចចាកចេញពីប្រទេសអស់ទៅ។ ប្រពន្ធ និងកូនៗរបស់លោកបានហាប់បានត្រឡប់ទៅប្រទេសបារាំងវិញ ប៉ុន្តែនិម្មាបនិករូបនេះបានសំរេចចិត្តបន្តស្នាក់នៅក្នុងប្រទេសទៅវិញ ដែលការសម្រេចចិត្តនេះត្រូវបាននិម្មាបនិករូបនេះនិយាយខ្លួនឯងថា ធ្វើឡើងក្នុងអារម្មណ៍ជាប់ជាកាតព្វកិច្ចសំរាប់ប្រទេសជាតិ។

កលយុគ្គនៃសង្គ្រាមស៊ីវិលកើនឡើងឥតស្រាកស្រាន្ត ការសំរេចការងារផ្សេងៗក៏ចាប់ផ្តើមកាន់តែពិបាកទៅៗ។ គាត់រលឹកឡើងដោយសំដៅទៅលើការធ្វើចំណាកស្រុកដ៏សម្បើមពីតំបន់ជនបទមកទីក្រុងភ្នំពេញដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អាមររិកតាមខេត្តនានាថា៖ “យើងអត់អាចធ្វើអ្វីបានទាំងអស់។ មនុស្សម្នាច្រើនឡើងៗសម្រុកចូលមកនៅក្នុងទីក្រុងភ្នំពេញ។ ខ្ញុំជាប់រវល់តែជាមួយការផ្តល់ឲ្យពួកគេនូវតម្រូវការធម្មតាៗណឹង។ ហើយគ្មានវត្ថុធាតុដើមសំរាប់សាងសង់អាគារទៀតទេ។ អតិថិជនខ្ញុំមួយរូបសុខចិត្តដឹកស៊ីម៉ង់ត៍តាមយន្តហោះមកពីទីក្រុងបាំងកក ដោយសារតែគាត់ចង់ដាច់ខាតឲ្យសំណង់អាគាររបស់គាត់ត្រូវតែបន្តសាងសង់ទៅទៀត”។

នៅក្នុងឆ្នាំ១៩៧៥ ពួកខ្មែរក្រហមសម្រុកចូលមកដល់ទីក្រុងភ្នំពេញ។ លោកបានហាប់ ក៏ដូចអ្នកឯទៀតនៅទីក្រុងដែរ ត្រូវបានគេជម្លៀសចេញឲ្យទៅធ្វើការក្នុងជ៉ំរំការងារនៅឯទីជនបទនានា។ ក្នុងរយៈពេលបីខែក្រោយមក គាត់ក៏បានរៀបចំគំរោងការរត់គេចទាំងប្រថុយប្រថាន។ គាត់មានរួមទាំងក្មួយស្រីគាត់ផង ដើរភាគច្រើននៅពេលយប់រហូតដល់ទីក្រុងសៃហ្គន ដែលពីទីនោះគាត់ជិះយន្តហោះទៅហាណូយ បន្ទាប់មកវៀងចន្ទន៍ និងបាំងកក ហើយជាចុងក្រោយគឺទីក្រុងប៉ារីស។ ដំណើរនេះធ្វើឡើងអស់រយៈពេលរាប់ខែ។ គាត់អាចផ្ញើតេឡេក្រាមទៅកាន់គ្រួសារគាត់ ដើម្បីប្រាប់ថាគាត់នៅរស់នៅឡើយ នៅពេលដែលគាត់ទៅដល់ទីក្រុងបាំងកកតែប៉ុណ្ណោះ។ ខ្លឹមសារនៃសារតេឡេក្រាមនោះគ្រាន់តែមានន័យសាមញ្ញថា “យើងទៅ” តែប៉ុណ្ណោះ។

នៅពេលដែលទៅដល់ក្រុងប៉ារីស លោកបានហាប់ ចាប់ផ្តើមធ្វើការម្តងទៀត ប៉ុន្តែគាត់មិនដែលបានបង្កើតទំហំការងារឲ្យបានធំដូចដែលគាត់បានធ្វើនៅកម្ពុជានោះទេ។ គាត់ធ្វើការនៅក្រុមហ៊ុនបោកអ៊ុតសំលៀកបំពាក់ និងរចនាផ្នែកខាងក្នុងភោជនីយដ្ឋានបន្ថែមពីលើទៀត។ នៅឆ្នាំ១៩៧៨ គាត់រចនានិងសង់ផ្ទះដែលគាត់និងប្រពន្ធគាត់បានរស់នៅមកដល់សព្វថ្ងៃ ហើយគេហដ្ឋានជាប់គ្នាមួយទៀតសំរាប់មិត្តចាស់របស់គាត់ប៉ែន នុត ដែលមកដល់ក្រុងប៉ារីសនៅឆ្នាំ១៩៧៩។

លោកបានហាប់ បានត្រឡប់មកប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ១៩៨៩ ដើម្បីគាំទ្រដល់ការងាររបស់អង្គការក្រៅរដ្ឋាភិបាល médecin du monde។ រហូតមកដល់ឆ្នាំ១៩៩៤ គាត់បានមកកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីមើលការងារសាងសង់មជ្ឃមណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យផ្សេងៗ។ គាត់បានបដិសេធសំណើរឲ្យគាត់មករស់នៅប្រទេសកម្ពុជាជាអចិន្រៃ្ត។

គាត់ពន្យល់ថា៖ “ខ្ញុំប្រាប់ពួកគេថាខ្ញុំចាស់ហើយ ហើយប្រពន្ធខ្ញ៉ំនិងកូនៗគេមិនចង់ចាកចេញទេ ដោយសារគេមានមិត្តភក្តិនៅទីនេះ”។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា គាត់នៅមានរឿងជាច្រើនផ្សេងទៀតនៅពីក្រោយការសម្រេចចិត្តនេះ ដែលគាត់មិនបាននិយាយ។

នៅពេលគាត់ជូនខ្ញុំមកព្រលានយន្តហោះដើម្បីត្រឡប់ទៅទីក្រុងប៊ែរឡាំងវិញ គាត់និយាយថា៖ “ខ្ញុំគួរតែអាចធ្វើការបំរើប្រទេសជាតិខ្ញុំបានជាច្រើនតទៅទៀត ប៉ុន្តែការងារខ្ញុំមកដល់ទីអវសាន្តក្នុងពេលដែលខ្ញុំមានអាយុ៤៥ឆ្នាំ”។

“ខ្ញុំបានមានពេលតែ១៥ឆ្នាំប៉ុណ្ណោះ។ វាមិនគ្រប់គ្រាន់នោះទេ”។