Zaha Hadid ស្រ្តីផ្លាស់ប្តូរកិច្ចពិភាក្សានិម្មាបនកម្មជាសកល

អត្ថបទដោយ ៖ រឿន វីរៈ

វិសមភាពយ៉េនឌ័រ គឺជាចំណោតបញ្ហាសំខាន់មួយក្នុងការងារមិនថានៅក្នុងស្រុកយើង ឬក៏នៅបរទេសនោះទេ។ វាកើតមាននៅស្ទើរគ្រប់វិស័យទាំងអស់ ហើយជាអកុសលវិស័យនិម្មាបនកម្មក៏មានរាប់បញ្ចូលនៅក្នុងបាតុភាពនេះផងដែរ។ ក្នុងការរចនាអាគារភាគច្រើន គេមានលើកនិយាយតែពីកេរ្តិ៍ឈ្មោះបុរសប៉ុណ្ណោះ បើទោះបីជាស្ត្រីបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកិច្ចការទាំងនោះក៏ដោយ។ នៅក្នុងពិភពនិម្មាបនកម្មavant-gardeវិញ គេបានសង្កេតឃើញថាមានតែបុរសប៉ុណ្ណោះបានដើរតួនាទីជាអ្នកដឹកនាំក្បាលម៉ាស៊ីននៃកិច្ចពិភាក្សានានា។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរនៅពេលកិត្យានុភាពរបស់លោកស្រី Zaha Hadid លេចត្រដែតឡើងខ្ពស់សន្លឹមនៅក្នុងវិស័យនេះ។ គាត់បានផ្លាស់ប្តូរប៉ូលគំនិតនៃការរចនា និងកិច្ចសន្ទនានានាទាក់ទងនឹងអនាគតថ្មីនៃចលនានិម្មាបនកម្មសម័យទំនើបនៅក្នុងពិភពលោកយើងនេះ។

រូបផ្ទាំងគំនូរផ្ទាល់របស់លោកស្រ្តី Zaha Hadid នៅក្នុងគម្រោងរបស់លោកស្រី មានឈ្មោះថា ៖ Malevich’s Tektonik។ រូបភាពរក្សាសិទ្ធដោយ ៖ Zaha Hadid Architects។

លោកស្រ្តីកើតនៅប្រទេសអ៉ីរ៉ាក់ តែគ្រួសារបានរ៉ើលំនៅទៅតាំងទីនៅរាជធានីឡុងដ៍វិញ។ នៅទីនោះលោកស្រីបានរៀននៅសាលាដែលមានកិត្តិនាមខ្លាំងក្នុងផ្នែកនិម្មាបនកម្មឈ្មោះថាAA ជាមួយនឹងសាស្ត្រាចារ្យមានទេពកោស្យខ្លាំងដូចជា លោកRem Koolhas នៃការិយាល័យOMA(Office for Metropolitan Architecture)ជាដើម។ ដោយសារមានទេពកោសល្យ គាត់ក៏បានចូលរួមធ្វើការជាមួយការិយាល័យOMA ហើយបង្រៀននៅសាលាAA រហូតមកដល់ឆ្នាំ១៩៩០ទើបលោកស្រីចាប់ផ្តើមអនុវត្តគំនិតនិម្មាបនកម្មរបស់គាត់ជាមួយអាគារស្ថានីយ៍សម្រាប់អ្នកពន្លត់អគ្គីភ័យនៅប្រទេសអាល្លឺម៉ង់។ នៅក្នុងអាគារដំបូង យើងឃើញថាគាត់បានប្រើប្រាស់បេតុងជាធាតុផ្សំក្នុងការបង្កើតរូបរាងទម្រង់ធរណីមាត្ររបស់គាត់។ លុះមកដល់គម្រោងក្រោយៗមកទៀត ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាសំណង់ គេឃើញមានការផ្លាស់ប្តូរធាតុផ្សំនៃសំណង់ច្រើន តែគោលគំនិតរចនានិម្មាបកម្មរបស់គាត់នៅតែដូចគ្នាទៅនឹងអាគារដំបូង ឬក៏ការងារសំណេរនានារបស់គាត់។ Zaha Hadid តែងតែព្យាយាមរុញច្រានវិស័យនិម្មាបនកម្មឆ្ពោះទៅរកមុខមាត់ថ្មីជានិច្ចនៅគ្រប់ពេលនៃជីវិតការងាររបស់គាត់។ ចំពោះគាត់ និម្មាបនិកមានភារកិច្ចស្វែងរកគំនិតរចនាថ្មីជាងអ្វីដែលនិម្មាបនិកក្នុងសតវត្សរ៍មុនៗបានបន្សល់ទុកឲ្យយើង។ ខាងក្រោមនេះគឺជាសម្រង់នៃសំណេរបស់គាត់ក្នុងសៀវភៅ Planetary Architecture Two ៖

The twentieth-century triumph of technology and our accelerating and ever-changing lifestyles have created a totally new condition … We can no longer fulfill our obligations as architects if we carry on as cake decorators. Our role is far greater than that. We, the authors of architecture, have to take on the task of reinvestigating Modernity.

អាគារមជ្ឈមណ្ឌល Heydar Aliyev ដែលខ្ញុំគិតថាជាស្នាដៃល្អឯករបស់គាត់។
រូបភាពរក្សាសិទ្ធដោយ ៖  Orxan Musayev នៅលើ Unsplash

ជាមួយស្នាដៃដ៏ច្រើន និងមានឥទ្ធិពលទាំងអំប្បាលម៉ាណនេះ ទើបនៅឆ្នាំ២០០៤ គេបានសម្រេចប្រគល់ជូនលោកស្រីនូវពានរង្វាន់Pritzer Prize ដែលគេស្គាល់ថាជាពានរង្វាន់ដូចគ្នាទៅនឹងពានរង្វាន់Nobelសម្រាប់និម្មាបនិកនៅរស់រានមានជីវិត និងមានស្នាដៃឆ្នើមបំផុតសម្រាប់មនុស្សជាតិ។ នៅក្នុងឆ្នាំនោះ គាត់គឺជាស្រីដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តដែលទទួលបានពានរង្វាន់មួយនេះ។ នៅកំឡុងពេល២៦ឆ្នាំមុន គេចែកពានរង្វាន់មួយនេះឲ្យនិម្មានិកជាបុរសទាំងអស់។ តើវាជារឿងចៃដន្យ ឬក៏មានបាតុភាពមិនប្រក្រតីណាមួយបានកើតឡើង? ខ្ញុំមិនគិតថា នៅពិភពលោកយើងទាំងមូលមិនមាននិម្មាបនិកស្រ្តីសូម្បីតែម្នាក់ សាកសមនឹងផ្តល់កិត្តិយសឲ្យមុនលោស្រីZaha Hadid? យ៉ាងណាមិញ ចំពោះខ្ញុំ ពានរង្វាន់នេះគឺជារឿងមួយដែលសាកសម និងចាំបាច់បំផុត។ ចំពោះហេតុផលវិញ ខ្ញុំមានមតិដូចគ្នាទៅនឹងនាយកប្រត្តិបត្តិនៃកម្មវិធីពានរង្វាន់មួយនេះ។ លោកBill Lacy មានតួនាទីជានិម្មានិកផងបានមានសំដីនៅចំពោះការផ្តល់កិត្តិយសនេះថា ៖

“Only rarely does an architect emerge with a philosophy and approach to the art form that influences the direction of the entire field. Such an architect is Zaha Hadid who has patiently created and refined a vocabulary that sets new boundaries for the art of architecture.”

សេចក្តីប្រែសម្រួល ៖ វាកម្រមានណាស់ដែលនិម្មាបនិកម្នាក់លេចត្រដែតឡើងជាមួយនឹងទស្សវិជ្ជាមួយ និងការអនុវត្តទម្រង់សិល្បៈមួយ អាចជះឥទ្ធិពលទៅលើទិសនៃវិស័យនិម្មបនកម្មទាំងមូលបាន។ និម្មានិកម្នាក់នោះគឺ Zaha Hadid នេះហើយ ដែលមានភាពអត់ធ្មត់ច្រើនក្នុងការបង្កើត និងប្រណិតកម្មនូវវាក្យស័ព្ទថ្មីមួយ ដែលវាក្យស័ព្ទនេះបង្កើតខណ្ឌសីមាថ្មីសម្រាប់សិល្បៈនិម្មាបនកម្ម។

មានអ្នកខ្លះមិនចូលចិត្តគំនិតរចនា និងអនុវត្តន៍និម្មាបនកម្មរបស់លោកស្រីទាល់តែសោះ។ ការរិះគន់ភាគច្រើនសំដៅទៅលើមុខងារប្រើប្រាស់របស់អាគារដែលលោកស្រីបង្កើតឡើង។ ខ្ញុំគិតថាការរិះគន់ខ្លះវាសមស្របដែរ ប៉ុន្តែបើទោះបីជាគេមានគំនិតប្រឆាំងនឹងនិម្មាបនកម្មរបស់លោកស្រីក៏ដោយក្តី ក៏គេទាំងនោះមិនអាចបដិសេធនូវការចូលរួមចំណែករបស់និម្មាបនិកZaha Hadid ជាស្រ្តី ក្នុងការអភិវឌ្ឈវិស័យនិម្មាបនកម្មនៅក្នុងពិភពលោកយើងនេះបានដែរ។