អត្ថបទដោយ ៖ រឿន វីរៈ
ខ្ញុំបានបង្ហាញអំពីឈ្មោះបុរីឧទ្យានមួយ ដែលមានទីតាំងស្ថិតនៅរាជធានីឡុងដ៍ នៅក្នុងអត្ថបទមុនមានចំណងជើងថា ៖ រាជធានីឡុងដ៍ ៖ ជើងឯកខាងបុរីឧទ្យាន។ អញ្ចឹងខ្ញុំសូមលើកយកគម្រោងបុរីឧទ្យានមួយនេះ មកបង្ហាញចែកជូនអ្នកទាំងអស់គ្នាជ្រាបជាព័ត៌មាន។
សាវតាខ្លះៗនៃបុរីឧទ្យាន រីជិនស៍ផាក(Regent’s Park)
នៅក្នុងមជ្ឈឹមសម័យ បុរីឧទ្យាននេះស្ថិតនៅផ្នែកមួយនៅឡើយនៃតំបន់ព្រៃមានឈ្មោះថា ៖ “Great Forest of Middlesex” ប៉ុន្តែនៅក្នុងឆ្នាំ១៥៣៦ ស្តេច ហេនរីទី០៨(Henry VIII) បានព័ទ្ធធ្វើរបងជារាងរង្វង់ជ៉ំវិញដី ដែលជាខណ្ឌសីមារបស់បុរីឧទ្យាននេះក្នុងពេលបច្ចុប្បន្ន។ ព្រះរាជាបានប្រើប្រាស់ដីមួយនេះជាកន្លែងសម្រាប់បរបាញ់សត្វផ្ទាល់ខ្លួន និងសម្រាប់ព្រះរាជវង្សានុវង្ស រហូតដល់ក្នុងរាជ្យព្រះបាទ ឆាលស៍ទី០១(Charles I)ពីឆ្នាំ ១៦២៥ដល់១៦៤៩ ទើបមានបំលាស់ប្តូរការគ្រប់គ្រងកម្មសិទ្ធរបស់ដីនេះមកជារបស់ឯកជនវិញ។ គេឃើញមានការកាប់ឆ្ការដើមឈើបុរាណអស់ជាច្រើននៅក្នុងកំឡុងពេលនេះ ដើម្បីលក់យកថវិការដែលលក់បានមកប៉ះប៉ូវនូវថវិការចំណាយទិញដីនេះពីព្រះរាជា។ ប៉ុន្តែដីតំបន់នេះត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សវិញនៅក្នុងរាជ្យព្រះបាទ ឆាលស៍ទី០២(Charles II)។
នៅក្នុងពាក់កណ្តាលសតវត្សរ៍ទី១៨ ផ្នែកខ្លះនៃដីនេះត្រូវបានគេប្រើប្រាស់ជាដីកសិកម្មសម្រាប់បំរើផលប្រយោជន៍របស់អ្នករស់នៅក្នុងរាជធានីឡុងដ៍។ នាពេលនេះ គម្រោងរចនាបុរីឧទ្យាននេះក៏ចាប់កំណើតឡើង។ ដោយមិនមានការចាប់អារម្មណ៍ពីនិម្មាបនករណាម្នាក់ គម្រោងរចនាបុរីឧទ្យាននេះក៏បានធ្លាក់លើលោកចន វៃ(John White)ដែលមានលំនៅរស់នៅក្នុងនឹងស្រាប់។ លោកវៃមានគំនិតបង្កើតជាបណ្តុំផ្ទះវីឡាតាមបន្ទាត់ជារាងរង្វង់ ហើយនៅកណ្តាលមានជាឧទ្យានសម្រាប់កម្សាន្តរួមជាមួយនឹងបឹងមួយ។ គំនិតនេះមិនត្រូវលេចឡើងជារូបរាងទេ ដោយហេតុតែអ្នករៀបចំជ្រើសរើសគម្រោងរចនាបុរីឧទ្យាននេះមិនពេញចិត្តនឹងគំនិតរបស់គាត់។
រហូតមកដល់សតវត្សរ៍ទី១៩ ទើបមានការចាប់ផ្តើមសាង់សង់គម្រោងបុរីឧទ្យាននេះឡើង។ គម្រាងនេះត្រួវបានរចនាឡើងក្រោមការគ្រប់គ្រងរបស់ លោកថមមាស ឆឺវណឺ(Thomas Chawner) លោកថមម៉ាស ឡឺវឺថុន(Thomas Leverton) និម្មាបករចន ណាស(John Nash) និងជំនួយការគាត់គឺលោក ជេមស៍ ម៉ូហ្គឹន(James Morgan)។ គេឃើញមានគំនិតរចនាពីរផ្ទុយគ្នា ទីមួយគឺគេចង់បង្កើតជាផ្លូវក្រឡាចត្រង្គរត់ខ្វាត់ខ្វែងនៅក្នុងដីមួយនេះ។ ផ្ទុយមកវិញ និម្មាបករចន ណាស(John Nash) ដែលដក់ចិត្តនឹងការរចនាបែបPicturesque ចង់បង្កើតការរចនាដែលផ្តោតទៅលើទេសភាពដែលកើតពីធម្មជាតិច្រើនជាងទៅវិញ។ ដោយសារមានការគាំទ្រពីព្រះរាជាផង គំនិតរបស់និម្មាបករចន ណាស(John Nash) ត្រូវបានគេយកមកអភិវឌ្ឍនៅលើគម្រោងមួយនេះ។
ការអនុវត្តគម្រោងវាមិនសូវបានរលូនទៅមុខប៉ុន្មានទេដោយសារបញ្ហានយោបាយ និងថវិការ។ លោកណាស ត្រូវបង្ខំកាត់បន្ថយផ្នែកខ្លះនៃគម្រោងដើមរបស់គាត់ ដើម្បីធ្វើយ៉ាងណាអាចបញ្ចប់ការងារនេះបានដោយជោគជ័យ។ ជាក់ស្តែងដូចជាចំនួនវីឡាដែលត្រូវកសាងនៅក្នុងគម្រោងនេះ ត្រូវកាត់បន្ថយពីចំនួន៥៦ខ្នង មកនៅតែ២៦ខ្នងវិញ។ ហើយមួយវិញទៀត គម្រោងប្រឡាយទឹកដែលត្រូវជីកកាត់ជុំវិញបុរីឧទ្យាននេះ ត្រូវប្តូរមកជីកត្រឹមតែចុងផ្នែកខាងជើងបំផុតតែប៉ុណ្ណោះ។
រោយពេលសាងសង់រួច គេឃើញមានសមាគមចំនួនបីមកបើកដំណើរការដំបូងបំផុតនៅក្នុងបុរីឧទ្យាននេះ។ ទីមួយគឺសមាគមសួនសត្វ(Zoological Society)តាំងទីនៅក្នុងឆ្នាំ១៨២៤ ហើយបើកដំណើរការមកដល់សព្វថ្ងៃ។ សមាគមអ្នកបាញ់ធ្នូ(Taxophilite Society) ក៏ធ្លាប់តាំងទីនៅទីនេះដែរនៅឆ្នាំ១៨៣២ តែត្រូវបិទទ្វារទៅវិញនៅឆ្នាំ១៩២២ ដោយសារលែងសូវមានអ្នកចាប់អារម្មណ៍។ សមាគមភូមិន្ទរុក្ខសាស្រ្តនៃក្រុងឡុងដ៍(Royal Botanical Society of London)បានបើកនៅឆ្នាំ១៩៣៩ ប៉ុន្តែជាអកុសលក៏ត្រូវបានបិទទ្វារទៅវិញនៅឆ្នាំ១៩៣២ដោយសារតែការឡើងថ្លៃឈ្នួលដីខ្ពស់ពេក។ សួនច្បាររបស់សមាគមនេះនៅតែត្រូវបានថែទាំដដែលតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជមន្ទីរឧទ្យាននៃចក្រភពអង់គ្លេស។
ចាប់តាំងពីឆ្នាំ១៨៤១មក បុរីឧទ្យាននេះត្រូវបានបើកឲ្យសាធារណជនប្រើប្រាស់ជាផ្លូវការ។ មនុស្សម្នាអាចចូលមកកម្សាន្តលំហែរអារម្មណ៍ចាប់តាំងពីពេលនោះមក។ គម្រោងបុរីឧទ្យានមួយនេះ ត្រូវបានខូចខាតយ៉ាងដំណំដោយសារសង្រ្គាមលោកលើកទី០២ ប៉ុន្តែគេបានជួសជុលឡើងវិញនូវកន្លែងដែលខូចខាតដោយរក្សាសភាពដើមទាំងស្រុង។ តាំងពីពេលនោះមក គេមិនមានការផ្លាស់ប្តូរអ្វីប្លែកច្រើនជាងគំនិតរបស់និម្មាបនិកចន ណាស(John Nash)ដែរ ហើយមហាជនក៏នៅតែអាចចូលប្រើប្រាស់បុរីឧទ្យាននេះដោយឥតបង់ថវិការអ្វីទាំងអស់បានដដែល។
លើសពីបុរីឧទ្យាន
ជាទូទៅ នៅក្នុងសតវត្សរ៍ទី១៨នៅក្រុងឡុងដ៍ នគរោបនីយករភាគច្រើនតែងតែរចនារៀបចំបុរីឧទ្យានឲ្យដើរតួជាសួតរបស់ទីក្រុង។ នគរោបនីករសម័យទំនើប លោកប្រ៊ូណូ ហ្វ័ទ្យៀ(Bruno Fortier) បានសង្កេតឃើញថា ៖ ជនានុជនចរាចរតាមរយៈផ្លូវខ្វាត់ខ្វែងដែលជាសរសៃឈាមរបស់ទីក្រុង ហើយមកដល់ ឆ្វៀងជុំវិញបុរីឧទ្យាននានាដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ប្រៀបបីដូចជាការលាងឈាមឲ្យស្រស់ស្អាតឡើងវិញដោយសួតដូចច្នេះដែរ។ និម្មាបនិកចន ណាស(John Nash)ក៏បានរចនាបុរីឧទ្យានរីជេនផាកនេះឈរលើគោលការណ៍បែបនេះដែរ។
បើតាមការវិភាគរបស់លោករីឆឹត សេនិត(Richard Sennett) គាត់មើលឃើញម្យ៉ាងថា បុរីឧទ្យាននេះរចនាឡើងដោយផ្ទុយខុសទាំងស្រុងពីសភាពលក្ខណៈរបស់ទីក្រុងឡុងដ៍ទាំងមូល។ រាជធានីឡុងដ៍ គឺជាទីក្រុងមួយដែលអាគារទាំងឡាយមានលក្ខណៈឯកជនផ្ទាល់ៗខ្លួន។ ប៉ុន្តែបើយើងសង្កេតមើលប្លុកសំណង់ផ្ទះដែលសាងសង់ជុំវិញបុរីឧទ្យាននេះវិញ យើងឃើញថាលោកចន ណាស(John Nash)បានព្យាយាមធ្វើឲ្យអាគារទាំងនោះមើលឃើញជាអាគារតែមួយទៅវិញ។ វិធីមួយមួយ គេអាចមើលឃើញយ៉ាងច្បាស់ក្រឡែតគឺតាមរយៈការប្រើប្រាស់សំភារៈសំណង់ពីខាងក្រៅដែលគេស្គាល់ថាជាស៊ីម៉ង់បៀកជញ្ជាំង(stucco)បង្កើតឲ្យមើលឃើញឯកភាពគ្នារវាងអាគារទាំងឡាយ បើទោះបីជាវាជាអាគារសំណង់ផ្សេងៗគ្នាក៏ដោយ។
ប្រការមួយទៀតនោះគឺការផ្តាច់ចេញពីគ្នាទាំងស្រុងរវាងបុរីឧទ្យាននេះជាមួយនឹងទីក្រុងឡុងដ៍។ វាឆ្លុះបញ្ចាំងពីវិសមភាពសង្គមនាពេលនោះផងដែរ។ នៅផ្នែកខាងជើងបំផុតនៃដីបុរីឧទ្យានធ្លាប់មានមនុស្សរស់នៅ ប៉ុន្តែគម្រោងរបស់លោកចន ណាស(John Nash)បានរុញច្រានឲ្យពួកគេទៅរស់នៅសង្កាត់ក្រីក្រផ្សេងៗវិញ។ នៅលើដីនេះ គាត់បានសង់សំណង់ផ្ទះដូចដែលបានរៀបរាប់ខាងលើ ដែលប្រការនេះធ្វើឲ្យមានការលំបាកដល់ការជ្រៀតចូលមកកម្សាន្តរបស់ជនដែលរស់នៅក្នុងរាជធានីឡុងដ៍។ ជាលទ្ធផលយើងឃើញថាបុរីឧទ្យានមួយនេះ គឺជាលំហបើកចំហមួយដែលគ្មានមនុស្សប្រើប្រាស់ ក្នុងពេលដែលបុរីឧទ្យាននេះបើកកាលពីដំបូងៗ។ ការពិតទៅវិសមភាពសង្គមនេះក៏គេអាចដឹងច្បាស់តាមរយៈនិម្មាបនិកដែលរចនាឧទ្យានមួយនេះដែរ។ លោកចន ណាស(John Nash)សាងសង់វាឡើងសម្រាប់អ្នកមានទ្រព្យស្តុកស្តម្ភជាចំបង។ ខាងក្រោមនេះគឺជាសម្រង់ពាក្យលោកផ្ទាល់ ៖
“The attraction of open Space, free air and the scenery of Nature, with the means and invitation of exercise on horseback, on foot and in Carriages, shall be preserved or created in Mary-le-bone Park, as allurements or motives for the wealthy part of the Public to establish themselves there…”
“ភាពទាក់ទាញរបស់លំហបើកទូលាយមានខ្យល់បរិសុទ្ធ និងទេសភាពបែបធម្មជាតិ បង្កើតឡើងដើម្បីអញ្ជើញ ឬក៏ធ្វើជាកន្លែងសម្រាប់ការហាត់ប្រាណដោយជិះសេះក្តី ថ្មើរជើងក្តី និងក្នុងរទេះសេះជាដើមក្តី គួរណាស់តែត្រូវបានគេរក្សាទុកឬក៏បង្កើតនៅក្នុងបុរីឧទ្យានម៉ាលីប៊ន ដើម្បីធ្វើឲ្យវាក្លាយទៅជាកន្លែងសម្រាប់សាធារណជនដែលមានទ្រព្យស្តុស្តម្ភតាំងទីលំនៅ …។”
ដំបូងឡើយបុរីឧទ្យានមួយនេះបង្កើតឡើង ក្នុងគោលបំណងបែងចែកតំបន់រវាងអ្នកមានឬក៏អ្នកក្រនៅក្នុងរាជធានីឡុងដ៍ ប៉ុន្តែដោយសារបំលាស់ប្តូរសង្គម នយោបាយ ទើបវាផ្លាស់ប្តូរមុខងារប្រើប្រាស់លំហបៃតងដ៏ធំមួយនេះ មកជាទីដែលសាធារណជនអាចមកលំហែកម្សាន្តក្រោយពេលងឿយណាយជាមួយនឹងជីវិតទីក្រុងម្តងៗ៕