អត្ថបទដោយ ៖ រឿន វីរៈ
ថ្ងៃនេះ ខ្ញុំសូមលើកយកគម្រោងមួយដែលពាក់ព័ន្ធទៅនឹងនិម្មាបនកម្មប៉ារ៉ាម៉ែត្រមកបង្ហាញអ្នកទាំងអស់គ្នា។ វាជាគម្រោងមួយរចនាឡើងដោយការិយាល័យនិម្មាបនកម្មដ៏មានឥទ្ធិពលមួយនៅលើលោក ហើយមួយវិញទៀតខ្ញុំជក់ចិត្តនឹងរបៀបប្រត្តិបត្តិរចនា និងសាងសង់របស់គម្រោងមួយនេះមែនទែន តាំងពីដំណាក់កាលចាប់ផ្តើមរហូតដល់ការសាងសង់លេចចេញជារូបរាងឡើង។
សង្ខេបខ្លះៗពីគម្រោងនេះ
គម្រោង នីតខេនដេឡា (KnitCandela) សាងសង់ឡើងជាផ្នែកមួយនៃការតាំងពិព័រណ៍ស្នាដៃរបស់និម្មាបនិក ហ្សាហា ហាឌីត នៅទ្វីបអាមេរិកខាងត្បូង។ រូបរាងវារចនាឡើងដើម្បីឧទ្ទិសដល់ស្នាដៃដ៏ល្អវិចិត្ររបស់និម្មាបនិកអេស៉្បាញ និងម៉ិចស៉ិកមានកិត្តិនាមគឺ លោក ខេនដេឡា ហ្វេលិច (Félix Candela)។ គួរបញ្ជាក់ថា លោក ខេនដេឡា ហ្វេលិច មានទេពកោសល្យខ្លាំងខាងផ្នែកប្រើប្រាស់បេតុងក្នុងទម្រង់ជា shell structure នៅក្នុងប្រទេសម៉ិកស៉ិក។ ការរចនាគម្រោងនេះបានឆ្លុះបញ្ជាំងពីគំនិតរចនានិម្មាបនកម្មរបស់គាត់ផ្ទាល់ ប៉ុន្តែវាបានធ្វើឡើងដោយប្រើប្រាស់បច្ចេកទេសរចនា និងចាក់បេតុងថ្មីមួយក្នុងបរិរបទសម័យយើងនេះ។
គម្រោងនេះរចនាឡើងដោយ ក្រុមសិក្សាស្រាជ្រាវផ្នែកក៉ំព្យូទ័រ នៃការិយាល័យរចនានិម្មាបនកម្ម ហ្សាហា ហាឌីត (Zaha Hadid Computation and Design Group) រួមគ្នាជាមួយនឹងក្រុមស្រាវជ្រាវ Block Research Group របស់វិទ្យាស្ថាន ETH Zurich ដែលមានតួនាទីជាអ្នកគណនារ៉ាប់រ៉ងផ្នែកបច្ចេកវិទ្យាសាងសង់ ហើយក្រុមហ៊ុននៅប្រទេសម៉ិកស៉ិកឈ្មោះថា Architecture Extrapolated (R-EX) មាននាទីជាអ្នកម៉ៅការសាងសង់នៅទីតាំងដែលគេដាក់តាំងគ្រោងសំណង់ ដែលស្ថិតនៅឯសារមន្ទីរបស់សាកលវិទ្យាល័យសិល្បៈសហសម័យ មានទីតាំងក្នុងរដ្ឋធានីម៉ិកស៉ិក ប្រទេសម៉ិកស៉ិក។
ខ្លះៗអំពីការរចនា និងបច្ចេកវិទ្យាក្នុងការសាងសង់
រូបរាងទម្រង់របស់សំណង់នេះ រចនាឡើងទាំងស្រុងតាមរយៈប្រព័ន្ធកុំព្យូទ័រ ហើយខាងក្រុមស្រាវជ្រាវ Block Research Group របស់វិទ្យាស្ថាន ETH Zurich បានប្រើប្រាស់បច្ចេកទេស KnitCrete ដែលជាបច្ចេកទេសទំនើបថ្មីមួយក្នុងការចាក់ពុម្ពបេតុង ដោយប្រើប្រាស់នូវក្រណាត់ចាក់ពុម្ពមានភ្ជាប់ដោយខ្សែកាបជំនួសឲ្យក្តារពុម្ពធម្មតាដែលគេតែងតែប្រើប្រាស់ជាទូទៅ។ ខាងក្រោមនេះគឺជាជំហាននិមួយៗ ដែលញ៊ាំងឲ្យចេញជាលទ្ធផលនៃសំណង់នេះ ៖
- ជាបឋម គេស្វែងរករូបរាងទម្រង់ដែលគេពេញចិត្តសិន តាមរយៈកម្មវិធីកុំព្យូទ័រមួយ ដោយរូបរាងនេះវាឆ្លុះបញ្ចាំងឲ្យឃើញពីកិត្យានុភាពរបស់និម្មាបនិក ខេនដេឡា ហ្វេលិច (Félix Candela)ផងដែរ។ រូបរាងទម្រង់ចុងក្រោយដែលគេពេញចិត្ត ក៏ជារូបរាងដែលឆ្លើយតបទៅនឹងប៉ារ៉ាម៉ែត្រផ្សេងៗផងដែរដូចជា កំលាំសង្កត់របស់គ្រោងសំណង់ជាដើម។
- បន្ទាប់មកគេបានចាក់ក្រណាត់សំរាប់ចាក់ពុម្ពបេតុងចំនួនបួន មានប្រវែងពី១៥ ទៅ២៦ ម៉ែត្រ ដោយប្រើម៉ាស៊ីន ហើយក្រណាត់ចាក់នេះមានពីរស្រទាប់។ ស្រទាប់ខាងក្រោម ជាផ្ទៃដែលគេអាចមើលឃើញ រចនាឡើងមានព័ណ៌ចំរុះគ្នាឆ្លុះបញ្ចាំងពីក្រណាត់ប្រពៃណីរបស់ម៉ិចស៉ិកឈ្មោះថា ហាលីស្កូ (Jalisco)។ ចំពោះស្រទាប់ខាងលើ ជាផ្នែកប៉ះផ្ទាល់នឹងបេតុងវិញ គេមានដេរហោបាវពាសពេញផ្ទាំងក្រណាត់ចាក់ ដើម្បីបង្កើតជាលំហរវាងគ្រោងបេតុង នឹងផ្ទាំងក្រណាត់ចាក់។ នៅចន្លោះហោប៉ាវទាំងនេះ គេមានទុកចន្លោះសំរាប់ស៊កខ្សែកាបផងដែរ។ ផ្ទាំងក្រណាត់បួនផ្ទាំងនេះ ត្រូវដាក់តាមវ៉ាលីចំនួនពីរ ដឹកជញ្ជូនតាមយន្តហោះពីទីក្រុង ហ្សូរីជ (Zurich) ប្រទេសស្វីស ទៅកាន់រដ្ឋធានីម៉ិកស៉ិក ប្រទេសម៉ិកស៉ិក។
- ជំហានបន្ទាប់ទៀត គឺគេចាប់ផ្តើមតំឡើងគ្រោងធ្វើពីឈើ និងដែក សម្រាប់ចាប់ទាញសន្ធឹងក្រណាត់ចាក់ទៅតាមរូបរាងដែលគេបានរចនាទុកតាំងពីដើមមក។ ស្របពេលជាមួយគ្នានេះ គេក៏ចាប់ផ្តើមស៊កបញ្ចូលខ្សែកាបនានាទៅក្នុងចន្លោះរវាងហោប៉ាវទាំងឡាយ។ ដើម្បីទទួលបានលំហរវាងផ្ទៃបេតុងខាងលើ និងផ្ទៃក្រណាត់ចាក់ពុម្ព គេបានស៊កប៉េងប៉ោងបញ្ចូលទៅក្នុងហោប៉ាវទាំងនោះ។ រួចរាល់ហើយ គេក៏ចាប់ភ្ជាប់ក្រណាត់ចាក់ទៅនឹងគ្រោងដំឡើងតាមរយៈខ្សែកាបនានា។ សូមបញ្ជាក់ថា នេះជាវិធីសាស្រ្តរចនាឡើងដើម្បីបង្កើតជាគ្រោងសំណង់ប្រភេទនំពុម្ព (waffled structure) ដោយមិនចាំបាច់ប្រើឈើដូចការងារចាក់ពុម្ពធម្មតាឡើយ។
- បន្ទាប់មក គេក៏បាញ់ល្បាយស៊ីម៉ង់ត៍មានរូបមន្តពិសេសទៅលើស្រទាប់ខាងលើដែលទុកសំរាប់ប៉ះផ្ទាល់នឹងបេតុង រួចទុកវាឲ្យរឹងទើបវាបង្កើតបានជាពុម្ពសម្រាប់ការងារបេតុង។
- ជាចុងក្រោយ គេពាសល្បាយបេតុងធម្មតានៅលើពុម្ពស៊ីម៉ង់ត៍នេះ ហើយបូកវាជាការស្រេច។
ការអនុវត្តការចាក់បេតុងរបៀបខាងលើ នាំឲ្យគេអាចចំណេញពេលវេលា ថវិការ និងសម្ភារៈក្នុងការសាងសង់ បើប្រៀបធៀបទៅនឹងការចាក់បេតុងធ្វើគ្រោងសំណង់ប្រភេទ shell structure ធម្មតាដែលគេធ្លាប់ធ្វើពីមុនៗមក។ ប៉ុន្តែ វាទាមទារឲ្យនិម្មាបនិក វិស្វករ និងអ្នកម៉ៅការសាង់សង់ធ្វើការជាមួយគ្នាដោយរលូន។ ការពិតទៅ ការចាក់បេតុងដោយប្រើក្រណាត់ជំនួសក្តារពុម្ពបែបនេះ ក៏គេឃើញមានផងដែរនៅស្រុកយើង។ គេបានប្រើប្រាស់ការចាក់ពុម្ពបេតុងដោយក្រណាត់នៅក្នុងគម្រោងអាគារសហគមន៍ បំណងល្អ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែគោលដៅនៃការប្រើប្រាស់មិនដូចគ្នាទៅនឹងគម្រោង នីតខេនដេឡា (KnitCandela) របស់ ហ្សាហា ហាឌីតទេ។
ចំពោះនិតិវិធីក្នុងការស្វែងរករូបរាងទម្រង់រចនានិម្មាបនកម្មលម្អិត អ្នកទាំងអស់គ្នាអាចស្វែងរកដោយសេរីនៅលើគេហទំព័ររបស់ការិយាល័យនិម្មាបនកម្ម ហ្សាហា ហាឌីត បាន។