លោក ឈីវ អុិចថៃ មកសិក្សានៅប្រទេសជប៉ុនតាំងពីឆ្នាំ២០១៤ ក្រោមអាហារូបករណ៍រដ្ឋាភិបាលជប៉ុន។ បច្ចុប្បន្នគាត់កំពុងតែសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនិម្មាបនកម្ម នៅឯវិទ្យាស្ថានបច្ចេកវិទ្យាក្យូតុ (Kyoto Institute of Technology)។ អុិចថៃមានការយល់ដឹងទូលំទូលាយពីនិម្មាបនកម្មទំនើបជប៉ុន។ ថ្មីៗគាត់ផ្តើតការសិក្សាទៅលើ ការស្វែងរកនិម្មាបនកម្មថ្មីរបស់តំបន់អាសុីអាគ្នេយ៍ ដូចក្នុងគម្រោងសារណារបស់លោក ដែលស្វែងរកនិងគិតពីការរស់នៅបែបខ្មែរថ្មីពីបរិបទប្រពៃណី ។
លោក រឿន វីរៈ ទើបទទួលសញ្ញាប័ត្រអនុបណ្ឌិតសិល្បៈនិម្មាបនកម្មផ្នែកទ្រឹស្តី និងប្រវត្តិនិម្មាបនកម្មពីសាកលវិទ្យាល័យវ៉េសមីនស្ទឺរ (Westminster) នារាធានីឡុងដ៍ ចក្រភពអង់គ្លេស។ គាត់ចូលចិត្តនិម្មាបកម្មរបស់ពួករ៉ូមុាំង និងបច្ចេកវិទ្យាទំនើបក្នុងនិម្មាបនកម្មដូចជា digital fabrication ជាដើម។ ដោយសារតែបទពិសោធរបស់គាត់ធ្វើការខាងផ្នែកនិម្មាបនកម្មទាក់ទងនឹងនិម្មាបនិក វណ្ណ ម៉ូលីវណ្ណ ជាច្រើនឆ្នាំ ធ្វើឲ្យគាត់ជក់ចិត្ត និងកោតសរសើខ្លាំងចំពោះការរចនា និងចលនានិម្មាបនកម្មនាទសវត្សទី៦០ នៅប្រទេសកម្ពុជា។ អ្នកទាំងអស់គ្នាអាចចូលអានត្រួសៗពីលោក រឿន វីរៈ តាមរយៈបទសំភាសន៍របស់លោកផ្ទាល់ក្នុងគេហទំព័រមួយនេះ។ សព្វថ្ងៃ គាត់ធ្វើការជាអ្នកស្រាវជ្រាវ សរសេរ និងគ្រប់គ្រងគេហទំព័រមួយនេះ ស្របពេលជាមួយគ្នានេះ គាត់បានចាប់ផ្តើមដំណើរការការិយាល័យរចនាម៉ូតឈ្មោះថា ទីសម័យ—tisamai ដែលផ្តោតទៅលើការងារនិម្មាបនកម្ម ការរចនាក្រាហ្វិក និង Product Design បែបសហសម័យ។ អ្នកទាំងអស់គ្នាអាចចូលមើលការងារផ្ទាល់ខ្លួនគាត់ ឬក៏ចង់ទាក់ទងសំរាប់ការងារបានតាមរយៈអ៉ីម៉េល ៖ virakroeun@hotmail.com។
លោក ឯល សុខារ៉ាយ កើត និងធំធាត់នៅទីក្រុងភ្នំពេញ ហើយបញ្ចប់ការសិក្សាបរិញ្ញប័ត្រផ្នែកវិស្វកម្មនម្មាបនវិទ្យាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងឆ្នាំ២០១៩ ហើយក៏ជាបេក្ខភាពអនុបណ្ឌិផ្នែកនិម្មាបនកម្មនាសាកលវិទ្យាល័យ ENSA-Toulouse នៃសាធារណរដ្ឋបារាំង។ សុខារ៉ាយមានចំណាប់អារម្មណ៍ខ្លាំងទៅលើនិម្មាបនកម្មសម័យទំនើប ហើយជួនកាលគាត់អាចថាចូលចិត្តនិម្មាបនិកក្នុងជំនាន់និម្មាបនកម្មសម័យទំនើបនេះខ្លាំងជ្រុលលើសលប់ជាងនិម្មាបនិកណាៗទាំងអស់។ គាត់មានចំណង់ចំណូលចិត្តក្នុងតន្ត្រី សៀវភៅ និងការជិះកង់។ ជួនកាលគេឃើញគាត់គាស់កកាយឯកសារ និងរូបភាពចាស់ៗនៅឯបណ្ណាសារដ្ឋានជាតិ។ នៅពេលទំនេរពីការងារ គាត់ធ្វើការជាអ្នកបង្ហាញពីអាគារនិម្មាបនកម្មចាស់ៗនៅក្នុងទីក្រុងភ្នំពេញតាមរយៈការជិះស៊ីក្លូ។