អ៊ាន បញ្ញាឬទ្ធិ ជានិស្សិតខ្មែរទីមួយដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញផ្នែកស្ថាបត្យកម្ម (ឆ្នាំ២០២០) ពីសាកលវិទ្យាល័យ Harvard Graduate School of Design (GSD) ។ នៅក្នុងកិច្ចសម្ភាសជាមួយនិម្មាបនកម្មនាលើកនេះ បញ្ញាឬទ្ធិនឹងចែករំលែកពីបទពិសោធន៍នៃការសិក្សាស្ថាបត្យកម្មនាឯសហរដ្ឋអាមេរិក , គម្រោងសារណាបញ្ចប់ការសិក្សារបស់លោកនៅ ឯHarvard និង ព្រមទាំងទស្សន:ថ្មីផ្ទាល់ខ្លួនរបស់លោកចំពោះ អនាគតស្ថាបត្យកម្មខ្មែរក៏ដូចជាក្នុងតំបន់។
ប្រទះនឹងស្ថាបត្យកម្ម និងការសិក្សានាឯសហរដ្ឋអាមេរិក
អុិចថៃ :ដំបូងខ្ញុំសូមអរគុណដល់បញ្ញាឬទ្ធិដែលយល់ព្រមចូលរួមក្នុងកិច្ចសម្ភាសថ្ងៃនេះ។
បញ្ញាឬទ្ធិ: បាទ សូមអរគុណដូចគ្នា សម្រាប់ឱកាសជជែកជាមួយខ្ញុំ។
អុិចថៃ : តើបញ្ញាឬទ្ធិបានជួបប្រទះនឹងស្ថាបត្យកម្មយ៉ាងណា? ហើយចាប់អារម្មណ៍ចង់សិក្សាជំនាញនេះ ពីពេលណាដែរ?
បញ្ញាឬទ្ធិ: ការពិតទៅខ្ញុំចូលចិត្តរៀនគូស រៀនគិតប្រើដោយការស្រមើលស្រមៃ និងការឆ្នៃប្រឌិតតាំង ពីនៅតូចមកម្ល៉េះ។ ប្រហែលជានៅថ្នាក់បឋមឬអនុវិទ្យាល័យ ខ្ញុំចាប់ផ្តើមឆ្ងល់ថា ម្ដ៉េចបានជាអាគារភាគច្រើន មានរាងអក្សរ V លើដំបូល អញ្ចឹង ក្រោយពីដេញដោលសួរបងប៉ាម៉ាកនៅ ខ្ញុំក៏ចាប់ផ្ដើមដឹងនិងស្គាល់អំពីលោកតាវណ្ណ និង ស្ថាបត្យកម្ម។ ខ្ញុំចាប់អារម្មណ៍លើស្ថាបត្យកម្ម គ្រាន់តែពេលនោះខ្ញុំមិនទាន់បានយល់ថាវា ជាអ្វីអោយច្បាស់ទេ ពេលដែលចប់ វិទ្យាល័យទើបខ្ញុំធ្វើការស្រាវជ្រាវបន្ថែម ថា តើខ្ញុំចង់បន្តរៀនអ្វីនៅឯ មហាវិទ្យាល័យ ពេលនោះខ្ញុំចាប់ អារម្មណ៍លើ ស្ថាបត្យកម្ម រចនាក្រាហ្វិក និង IT។ តែចុងក្រោយខ្ញុំសម្រេចចិត្តជ្រើសរើសយក ស្ថាបត្យកម្មហើយក៏បានដាក់ ពាក្យសិក្សាមកសហរដ្ឋអាមេរិក។
ការស្វែងរកសមូលហភាពថ្មីនៃទំនើបកម្មនិងរចនាបថដំបូល
អុិចថៃ : “ ម្កុដស័ក្កិសិទ្ធិ, ដងខ្លួនសាមញ្ញ ” (Sacred Hat, Ordinary Body)ដែលជាគម្រោងសារណា បញ្ចប់ការសិក្សានាឯHarvardរបស់បញ្ញាឬទ្ធិ គឺទាក់ទងនឹងស្ថាបត្យកម្មខ្មែរសូមជួយណែនាំពីគម្រោងនេះ បន្តិចបានទេ? តើបញ្ញាឬទ្ធិ់ទទួលបានគំនិតក៏ដូចជាឬសគល់ទស្សនវិជ្ជាជុំវិញប្រធានបទ (epistemology) នេះពីណាដែរ?
បញ្ញាឬទ្ធិ :ពេលខ្ញុំរៀនថ្នាក់បរិញ្ញាប័ត្រនាឯ boston ខ្ញុំចាប់អាម្មណ៍លើទំនើបកម្មរបស់ស្ថាបត្យកម្មខ្មែរដែរ តែពេលនោះមិនទាន់បានស្រាវជ្រាវឲ្យលំអិតទេ។ ពេលដែលខ្ញុំដាក់ពាក្យមក Harvard សម្រាប់ថ្នាក់អនុបណ្ឌិត ក្នុងចិត្តខ្ញុំចង់ធ្វើអ្វីដែលទាក់ទងពី វប្បធម៍ស្រុកយើងនិង ស្ថាបត្យកម្មស្រុកយើង។ ពេលដែលខ្ញុំផ្ដើមសារណានេះ ខ្ញុំចាប់ផ្ដើតការសិក្សាលើដំបូល។ នេះដោយសារស្ថាបត្យកម្មទំនើបសម័យឥឡូវនេះភាគច្រើនប្រើដំបូល ជារូបរាងដែលគេដាក់បណ្តុបលើអាគារទំនើប ដើម្បីថានេះជាអាគារខ្មែរព្រោះថាតែដំបូលនេះមាន រូបរាងជាខ្មែរ។ ខ្ញុំចង់ស្វែងយល់ថាេហតុអ្វីបានជារចនាបថនៃសម័យ យើងចាប់ផ្ដើមធ្វើអញ្ចឹង។ ខ្ញុំក៏ចាប់សិក្សាពីដំបូល ជំនាន់បូរាណ ដំបូលសាសនា ដំបូលពីជំនាន់បារាំង រហូតតមកដល់ ជំនាន់បច្ចុប្បន្ន។
អុិចថៃ : ស្ដាប់ទៅសារណានេះដូចជាផ្ដោតពីរធំៗ គឺលើទំនើបកម្មស្ថាបត្យកម្មនិងរចនាបថដំបូលចឹង…
បញ្ញាឬទ្ធិ :បាទ វាមានពីរវគ្គផ្សេងគ្នាដូចជាជំណងជើងរបស់សារណា។ វគ្គទី១គឺពីដំបូលឬក៏មួកដែលមានប្រវិត្តសា្រស្ត មានរចនាបថផ្សារភ្ជាប់ជាមួយនឹងវប្បធម៍យើង ឯវគ្គទី២និយាយអំពីអាគារជំនាន់ថ្មីក្នុងស្រុកយើង។
អុិចថៃ :ក្នុងការសិក្សាទំនាក់ទំនងរវាងដំបូលនឹងស្ថាបត្យកម្មក្នុងបរិបទសហសម័យ(ស.វទី ២១) តើបញ្ញាឬទ្ធិកំពុងស្វែងរក ឡើងវិញនូវទំរង់ស្ថាបត្យកម្មខ្មែរដោយយករចនាបថមកប្រៀបធៀបគ្នា(contrast)នឹងទំនើបកម្មបច្ចុប្បន្ន និង អនាគត មែនឬ? តើបញ្ញាឬទ្ធិយល់យ៉ាងណាដែរ?
បញ្ញាឬទ្ធិ :ពេលដែលខ្ញុំចាប់ផ្ដើមសារណានេះដំបូង សំនួរទីមួយដែលខ្ញុំចាប់សួរនិងចង់ដឹងនោះគឺ ហេតុអ្វីបានជាមិនមាន សមូលភាពរវាងដំបូលវប្បធម៍នឹងអាគារទំនើប។ វាដូចជាដាច់ជាពីរផ្សេងពីគ្នា។ ពេលដែលខ្ញុំចាប់ផ្ដើមដំបូង ខ្ញុំធ្វើការ រិះគន់ពី ការធ្វើសំណង់ឥឡូវដែលមិនមានភាពចូលគ្នារវាងដំបូលនិងខ្លួនអាគារ។ ប៉ុន្តែពេលដែលបានបន្តស្រាវជ្រាវទៅ ការដែលពីរនេះមិនចូលគ្នាមិនមែនជាអ្វីដែលមិនល្អនោះទេ។ យើងអាចយកភាពខុសគ្នានេះរវាងដំបូល និង អាគារ មកដើម្បីធ្វើជាដំណោះស្រាយថ្មីសម្រាប់អាគារនិងមុខងារ(program)ថ្មីសម្រាប់ទី្រកុងយើងវិញបាន។ បើយើងនិយាយពីសមូលភាព យើងអាចមើលទៅប្រាសាទអង្គរវត្តបាន គឺទាំងដំបូល ទាំងតួខ្លួនទាំងអស់ គឺចូលគ្នាតែមួយ វាជាភាសាតែមួយ តែពួកយើងមិនអាចបន្តធ្វើអញ្ចឹងបានទៀតទេ មិនអាចយករចនាបថចាស់ៗមកធ្វើដដែលរហូតឆ្នាំ២០២០ តទៅមុខទៀតទេ តែយើងអាចយកមកសិក្សា រចនាបថហើយយកវាមកប្រើដើម្បីដោះស្រាយបញ្ហាជំនាន់ថ្មី។ ខ្ញុំចាប់ផ្ដើមគិតវិញថា [ការផ្សារផ្ដាច់រវាងដំបូលនិងខ្លួន] នឹងអាចជាដំណោះស្រាយសម្រាប់ទីក្រុងយើងបាន។
ភាពផ្ដាច់គ្នារវាងដំបូលពីខ្លួនអាគារ និង និរន្តរភាពក្នុងស្ថាបត្យកម្ម
អុិចថៃ :ភាពផ្ដាច់គ្នារវាងដំបូលពីខ្លួនអាគារអាចចាត់ទុកជាបាតុភូតក្នុងសម័យកាលថ្មីមួយហើយ យើងអាចយកលក្ខណៈ ពិសេសនេះជាចម្លើយសម្រាប់ដោះស្រាយបញ្ហា។
បញ្ញាឬទ្ធិ:បាទ,សង្ខេបបានល្អ(សើច) ព្រោះថាមិនមានតែស្ថាបត្យករម្នាក់ទេដែរធ្វើ តែមានច្រើនគេធ្វើ បែបនេះ។ វាច្បាស់ជាមានហេតុផលហើយ អ្វីដែលចាប់អារម្មណ៍ជាងគេគឺផលល្អដែលការផ្សារផ្ដាច់ដំបូលនិងខ្លូន អាចផ្ដល់អោយបាន។ ទីក្រុងយើងបច្ចុប្បន្នតូចចង្អៀតខ្លាំងដ៏សឹងតែអស់ដីសម្រាប់សាងសង់។ ប៉ុន្តែលើដំបូលអាគារមាន ទីធា្លរសល់ទំនេរដែលអាចយកមកកែសម្រួលឲ្យទៅជាកន្លែងប្រជុំជនបានគឺពិតជាល្អ។
អុិចថៃ :ក្នុងសៀវភៅប្រជុំសំនេរ 『In the praise of shadow 』(និពន្ធដោយលោក Junichiro Tanizaki ឆ្នាំ១៩៣៣) បានលើកឡើងថា ស្ថាបត្យកម្មជប៉ុនកើតពីស្រមោលម្លប់ និងដំបូល។ ដំបូលពិតជាសំខាន់ណាស់សម្រាប់ ស្ថាបត្យកម្មអាសុីយើង ដែលខុសពីស្ថាបត្យកម្មលោកខាងលិចដែលខ្លួនសំខាន់ជាង។ ផ្ទុយពីស្ថាបត្យកម្មលោកខាងលិច ដែលលំហត្រូវបានបែកចែកដាច់ច្បាស់លាស់(លំហA ពី លំហ B) ដើម្បីផ្ដល់លំដាប់(order)ទៅស្ថាបត្យកម្ម ដោយលែង ស្ថាបត្យកម្មអាសុីអាគ្នេយ៍យើងដំបូលធំជាអ្នកផ្ដល់លំដាប់ទៅស្ថាបត្យកម្ម ឯលំហខាងក្នុងគឺសេរីតែម្ដង។ ផ្សារថ្មីជាឧទាហរណ៍មួយដែលងាយយល់។ ពេលដែលយើងគិតសរុុបទាំងអស់ទាំងលក្ខណៈពិេសសនៃការលំហ (រៀបរាប់ខាងលើ) ទាំងប្រវិត្តសាស្រ្ត ទាំងបាតុភូត ក្នុងពេលបច្ចុប្បន្ន។ ក្នុងបរិបទនេះ តើបញ្ញាឬទ្ធិ ឃើញអនាគត ស្ថាបត្យកម្មក្នុងតំបន់យើង ទៅជាយ៉ាងណាដែរ?
បញ្ញាឬទ្ធិ: នេះជាចំនុចប្រៀបធៀបល្អដែលអុិចថៃបានជួយលើកឡើង ខ្ញុំសង្ឃឹមថាយើងនឹងមាននិរន្តរភាព (sustainability)កំរិតខ្ពស់ ព្រោះខ្ញុំគិតថាយើងមានផលប្រយោជន៍ អាកាសធាតុ យើងមិនចាំបាច់ប្រើ អុីសូឡង់ ឬ ម៉ាសុីនកម្ដៅអ្វីទេដូចជានៅលោកខាងលិចទេ។ ខ្យល់អាកាសយើងវាផ្ដល់ប្រយោជន៍។ ខ្ញុំចង់ឲ្យស្ថាបត្យកម្ម អនាគតគិតរឿងនេះ ហើយគិតពីការប្រើធម្មជាតិ ប្រើខ្យល់អាកាស ប្រើពន្លឺថ្ងៃ ដើម្បីរចនាអាគារមួយៗ។ ថ្បិតតែលោកខាងលិចពិភាក្សាច្រើនពីនិរន្តរភាពប៉ុន្តែកត្តាអាកាសធាតុប្រែប្រួល ធ្វើឲ្យពិបាក ក្នុងការអនុវត្ត សម្រាប់អាកាសធាតុត្រូពិចខ្មែរយើងមានអំណោយផលល្អ។ ឧទាហរណ៍ សាលាបថមសិក្សានរោត្តម និង វិទ្យាល័យសុីសុវត្ត័ដែលខ្ញុំបានសិក្សារៀនសូត្រ គឺគ្មានម៉ាសុីនត្រជាក់ឬកង្ហារមួយទេ សិស្សរាប់សិបនាក់តែនៅតែមាន ខ្យល់ចេញចូលល្អកន្លែងនេះគឺពិតជាខុសពីស្ថាបត្យកម្មអាគារផ្សារទំនើបថ្មីៗដែលត្រូវការម៉ាសុីនត្រជាក់។ យើងគួរតែ យកផលប្រយោជន៍ធម្មជាតិដែលយើងមានក្នុងតំបន់ត្រូនិចដើម្បីផ្សារភ្ជាប់ក្នុងស្ថាបត្យកម្ម។
អុិចថៃ : អាគារទំនើបបច្ចុប្បន្នដូចមានតែខ្លួនខ្វះដំបូល ខ្វះមួក(សើច)…
បញ្ញាឬទ្ធិ:នឹងហើយ(សើច)ក្នុងសារណារបស់ខ្ញុំដំបូលនៃស្ថាបត្យកម្មគឺបើកជំហរ សម្រាប់ខ្យល់ចេញចូលគ្រប់កន្លែង…
អុិចថៃ :ដំបូលអាចក្លាយជាឧបករណ៍គ្រប់គ្រងបរិស្ថានអាគាររបស់ទីក្រុង…
បញ្ញាឬទ្ធិ: បាទ ព្រោះយើងមិនអាចគ្រាន់តែផ្ដេកផ្ដួលលើតែរចនាបថភាពមួួយមុខសម្រាប់បច្ចុប្បន្ននិងថ្ងៃខាងមុខទេ។ យើងត្រូវគិតពី បរិស្ថាននិងនិរន្តរភាព។ អាគារក្នុងជំនាន់៦០ ជំនាន់លោកតាវណ្ណម៉ូលីវណ្ណ ពួកគាត់បានគិតរឿងខ្យល់ រឿងពន្លឺនេះយ៉ាងសុីជម្រៅ។ផ្ទះឈើប្រជាពលរដ្ឋនៅខ្មែរយើងក៏បានគិតគូរពីបព្ហានេះដែរ។ ប្រាសាទថ្មធំធ្ងន់ក៏នៅតែត្រជាក់មានខ្យល់ចេញចូល (ventilation)។ ទាំងនេះមានន័យថា ស្ថាបត្យកម្មដែលល្អគឺគេគិតពីរឿងបរិស្ថាននេះទាំងអស់។ ទើបតែថ្មីៗនេះទេពេល ដែលយើងមានអគ្គីសនី មានម៉ាសុីនត្រជាក់ បច្ចុប្បន្ននេះយើងពឹងពាក់លើម៉ាសុីនកាន់តែច្រើន។ ដែលនេះធ្វើអោយប៉ះពាល់ដល់បរិស្ថានច្រើន។
ប្រើចំណេះដឹងនិងជំនាញ ដើម្បីដោះស្រាយបុព្វហេតុដែលយើងជឿលើ
អុិចថៃ :ថ្ងៃអនាគតពេលវិលត្រលប់មកមាតុភូមិវិញ បញ្ញាឬទ្ធិចង់សាងសង់ស្ថាបត្យកម្មបែបណាដែរ?
បញ្ញាឬទ្ធិ:រឿងនេះទល់តែចាំទស្សនាភាគបន្តទៀត(សើច)…បច្ចុប្បន្ននេះខ្ញុំនៅបន្តរៀនសូត្រពិសោធន៍ស្វែងរកសំលេង របស់ខ្លួនឯង។ ខ្ញុំចាប់អារម្មណ៍លើបរិស្ថាន។ ខ្ងុំចង់បន្តសិក្សាពីការសាងសង់របស់ខ្មែរយើងនៅជំនានមុនដែលគិតគូរ ពីបរិស្ថានហើយបកប្រែវាទៅជាភាសាស្ថាបត្យកម្មថ្មីសម្រាប់សាងសង់នៅសម័យយើងនេះដោយពឹងពាក់លើបរិស្ថាន។
អុិចថៃ :យើងមិនអាចគ្រាន់តែរិះគន់ពីបញ្ហាហើយចប់នោះទេតែត្រូវគិតថាគួរធ្វើដូុចម្ដ៉េច? ជាមតិផ្ទាល់ខ្លួន ការដែលបញ្ញាឬទ្ធិគិតព្យាយាមចង់រួមបញ្ចូលឡើងវិញដូចលោកតាវណ្ណ ក្នុងបញ្ហានេះ ពិតជាពពេញដោយសុទិដ្ឋិនិយមនិង បានផ្ដល់នូវទស្សនៈថ្មីដល់អ្នកជំនាន់ក្រោយ។ ជាចុងក្រោយតើបញ្ញាឬទ្ធិមានដំបូន្មានទៅដល់សិស្សប្អូនជំនាន់ ក្រោយដែរឬទេ?
បញ្ញាឬទ្ធិ: Just have fun(សើច)… បើយើងមិនអាចរីករាយសប្បាយជាមួយអ្វីដែលយើងកំពុងធ្វើទេ គឺវាមិនសូវមានន័យនោះទេ។យើងត្រូវធ្វើអ្វី ដែលយើងជឿ ដែលផ្ដល់ភាពសប្បាយចិត្តមកអោយយើង ហើយដែលនឹងផ្ដល់ផលប្រយោជន៍អោយអ្នកដទៃ។ ជាពិសេស ក្នុងកាងារដែលតម្រូវឲ្យមានភាពច្នៃប្រឌិតខ្ពស់ យើងត្រូវបើកចិត្តគំនិតឲ្យទូលាយដើម្បីស្ដាប់និងសង្កេតពីអ្វីៗដែលនៅជុំវិញខ្លួនហើយប្រើចំណេះដឹងនិងជំនាញរបស់ យើង ដើម្បីដោះស្រាយបុព្វហេតុដែលយើងជឿលើ។
_____៚_____
អ៊ាន បញ្ញាឬទ្ធិ បានបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញស្ថាបត្យកម្មពីសាកលវិទ្យាល័យ Harvard Graduate School of Design (GSD)។ បញ្ញាឬទ្ធិ គឺជាអ្នករចនាដែលមានជំនាញច្រើនផ្នែកអមជាមួយនឹងចំណាប់អារម្មណ៍លើការរចនាបែបពិពណ៌នារៀបរាប់ក្នុងបរិបទនៃការ សាងសង់និងបច្ចេកវិទ្យា។ សព្វថ្ងៃបញ្ញាឬទ្ធិ ធ្វើការជាអ្នករចនា ផ្នែកស្ថាបត្យកម្ម រចនាក្រាហ្វិក និង រចនាបែបបច្ចេកវិទ្យា(Digital Design)។
កិច្ចសម្ភាសនិងកែសម្រួលអត្ថបទដោយ: ឈីវ អុិចថៃ (តុលា,២០២០)