វណ្ណ ម៉ូលីវណ្ណ ៖ សំបុត្រពីផ្លូរ៉ង់ស៍ផ្ញើជូនមិត្តសម្លាញ់

ប្រែសម្រួលពីភាសាបារាំងដោយ ៖  ឯល សុខារ៉ាយ

រូបភាពខាងលើអត្ថបទរក្សាសិទ្ធដោយ ៖ Jonathan Körner on Unsplash

សំបុត្រទី១

«​ មិត្តសំឡាញ់ចាស់,

«​  ត្រៀមរួចរាល់អស់ហើយ, នេះជាការចាប់ផ្តើមនៃដំណើរកំសាន្តធំមួយ។

«​ ម៉ោង៨ព្រឹក ខ្ញុំមើលឃើញជួរភ្នំអាល់ ពណ៌ខៀវអស្ចារ្យ ជាមួយពពកនៅលើកំពូលភ្នំ ។  បន្ទាប់មក ខ្ញុំឃើញបឹងជាច្រើន ដែលមានដុំសិលាពណ៌ខៀវនិងប្រផេះនៅជិតនោះ។

«​ ក្រុងម៉ូដាន : ដំណើរការរឿងគយមិនចេះចប់មិនចេះហើយ។ មន្ត្រីគយជនជាតិអ៊ីតាលីស្លៀកពាក់ដូចឧត្តមសេនីយ៍​ ហើយពាក់គ្រឿងអស្សរយសគ្រប់ពណ៌នៃឥន្ធនូ។

«​ ទីបំផុត ដល់អ៊ីតាលីហើយ។ ដូចជាការណ៍ចៃដន្យ ព្រះអាទិត្យចាប់ផ្តើមរះលើជំរាលភ្នំអាល់ដើម្បីអបអរសាទរការមកដល់របស់យើង។ នៅតាមផ្លូវ អ្នកជិះកង់​ខំធាក់តាមពីក្រោយ ដើម្បីអោយតាមទាន់យើង។ ដូចជាមានការផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ ប្តូរពីទេសភាពបឹងពណ៌ស្រគាំៗ មកទេសភាពដែលមានពណ៌ស្រស់ៗ និងមានសំឡេងរំខានច្រើន។ 

«​ ម៉ោង៣រសៀល យើងបានមកដល់ក្រុងហ្ស៊ែន។  ក្រុងនេះកសាងឡើងលើកូនភ្នំមួយ ផ្លូវមានទំហំតូចចង្អៀត ហើយងងឹតសមជាកន្លែងកាត់កស្រស់ៗ ហើយក្នុងតំបន់ពាណិជ្ជកម្មឯណោះវិញ សំបូរទៅដោយអំពូលម៉ែត្រដែលលាក់ពីក្រោយមុខអាគារចាស់ៗដែលមើលទៅគួរអោយស្ញប់ស្ញែង។ សំណង់វិហារហ្សែន សង់ពីថ្មពណ៌សឆ្លាស់គ្នាជាមួយ​បន្ទះថ្មម៉ាបពណ៌ខ្មៅ មើលទៅមានសភាពសំបើមអស្ចារ្យ។ បន្ទប់រានហាល(loggia) ជួយលើកសម្រស់ដល់ធ្លាលំហ(court) សាំងចច ។ នៅជាប់គ្នានឹងបន្ទប់រានហាលនេះ យើងឃើញមានធ្លាតូចមួយរាងងងឹតនៅផ្នែកខាងក្រោម តែមានពន្លឺចុះជាជំរាលមកពីលើ បង្កើតបានជាបរិយាកាសស្ងប់ស្ងាត់មួយមួយបែប នៅកណ្តាលផ្លូវដែលមមារញឹក។

«​ កិច្ចសន្ទនាដំបូងជាមួយជនជាតិអ៊ីតាលី។ ពួកគេនិយាយច្រើន ហើយស្លៀកពាក់ដោយសម្លៀកបំពាក់ស្អាតៗ ឯពួកប៉ូលីសនៅតាមផ្លូវប្រសព្វធ្វើកាយវិការដូចអ្នកចំរៀងអូប៉េរ៉ា។  ហ្ស៊ែន ក្រុងមួយដែលប្រមូលផ្តុំដោយប្រជាជាតិចំរុះ ផ្តល់ជូននូវស្សនីយភាពជាច្រើនដូចជា ខោអាវកខ្វក់ព្យួរនៅតាមមាត់បង្អួច បាររាត្រីដែលមានស្រីៗ និងនាវិកដែលឈប់សំចត។

«​ ម៉ោង១និង៥នាទីរំលងអាធ្រាត្រ យើងចាកចេញពីហ្ស៊ែនឆ្ពោះទៅក្រុងផ្លូរ៉ង់ស៍។ 

ផ្លូវមួយនៅហ្ស៊ែន។
រូបភាពរក្សាសិទ្ធដោយ ៖ Erin Doering on Unsplash

«​ វាជារឿងគួរអោយអស់សំណើច ដែលត្រូវធ្វើដំណើរក្នុងទូររថភ្លើងអ៊ីតាលី។ អ្នកស្រុក ពួកគាត់និយាយគ្នាដោយគ្មានការរំខាន ហើយសំនួនវោហារពួកគាត់ជួយបញ្ចៀសភាពងងុយដេកដូចថ្នាំអកទេឌ្រីន។ ពួកគាត់រ៉ាយរ៉ាប់គ្រប់រឿង ពីជីវិតពួកគាត់ ពីជីវិតរបស់មូសូលីនី Vive le Duce ! ។ល។និង។ល។ ទាំងអស់នេះបង្កើតសំឡេងដូចម៉ាស៊ីនកិនកាហ្វេ ដែលដាស់អោយឯងភ្ញាក់ឡើង បើសិនជាឯងហ៊ានតែដេកលក់មួយភ្លែត។​ 

​«​ ម៉ោង៨ព្រឹក នេះហើយផ្លូរ៉ង់ស៍។ 

«​ ដំណើរទស្សនៈកិច្ចដំបូង យើងដើរលេងប្របមាត់ទន្លេអារណូ យើងទៅទស្សនាវាំង«ពីតទី» សួនឧទ្យាន«បូបូលី» ដំបូលរាងមូលនៃវិហារផ្លូរ៉ងស៍(Duomo di Firenze) និងខ្លោងទ្វារល្បីរបស់ គីប៊ែរទី។ នៅចន្លោះផ្លូវពីរ ផ្ទះដែលដាន់តេធ្លាប់នៅ ព្រះវិហារមាសសាន់មីសែល និងរូបចំលាក់របស់ហ្សង់ដឺបូឡូញ ។ ទន្លេអារណូដែលហូរកាត់ផ្លូរ៉ង់ស៍មានសភាពកខ្វក់មិនគួរអោយជឿ។ តែ​ក្មេងៗ អត់ខ្វាយខ្វល់អ្វីសោះ ដេកននាលនិងហែលទឹកលេងនៅទីនោះដូចជានាវិកកប៉ាល់។​ « Bagnarse e morire » (ហែលទឹកហើយស្លាប់)។

«​ គ្រប់ច្រកល្ហកនៃក្រុងផ្លូរ៉ង់ស៍សុទ្ធតែមានមន្តស្នេហ៍ទាក់ទាញរៀងៗខ្លួន។ វិចិត្រករគំនូរទឹកកំពុងគូរយ៉ាងយកចិត្តទុកដាក់។

«​ គ្រប់ទីធ្លាសាធារណៈទាំងអស់មើលទៅ «សម្បើមគួរអោយស្ញប់ស្ញែង» ។ ជនជាតិអ៊ីតាលីស្រឡាញ់ណាស់ខ្លោងទ្វារជ័យ ហើយតាមរយៈការស្រឡាញ់អ្វីៗដែលសម្បើមៗនេះហើយ បានជាពួកគេសង់ទ្វារជ័យអោយខ្ពស់តាមដែលអាចធ្វើបាន។ ជាធម្មតា ពួកអ៊ីតាលីសង់នៅចំកណ្តាលតែម្តង។  ទាំងអស់នេះសម្តែងចេញអោយឃើញពីពេលវេលាដែលចម្រុងចម្រើនបំផុតរបស់ពួកគេ។ 

«​ មានភ្ញៀវទេសចរច្រើន ហើយភាគច្រើនជាជនជាតិបារាំង។ មានម្តងនោះ យើងកំពុងអង្គុយលើកាំជណ្តើរព្រះវិហារសាន់តា មារីយ៉ា ណូវេឡា ហើយយើងក៏ឃើញមនុស្សមួយក្រុមដើរកាត់យើង និយាយភាសាបារាំងយ៉ាងស្វាហាប់។ មិត្តគ្នាម្នាក់ក៏ធ្វើត្រាប់តាមជនជាតិអ៊ីតាលីដែលលក់តាមចិញ្ចើមផ្លូវ និយាយទៅកាន់ស្រីបារាំងម្នាក់ក្នុងក្រុមនោះ។ នាងមិនយល់ពាក្យអ៊ីតាលីសូម្បីមួយម៉ាត់ ហើយក៏ឆ្លើយតបទាំងអៀនថា «​ Non, merci » ​(អត់ទេ អរគុណ)។ រឿងនេះក៏ចប់ទៅដោយសំណើចក្អាកក្អាយ និងដោយការដើរលេងជាក្រុមទាំងពីរបញ្ចូលគ្នា។​ 

«​ ស្រីអ៊ីតាលីម្នាក់ ចចេសចង់ដឹងថាខ្ញុំជាជនជាតិជប៉ុនមិនមែន ប្រហែលមកពីគេឃើញមួកគេពី (képi) ខ្ញុំហើយមើលទៅ : «តើលោកពិតជាមិនមែនជនជាតិជប៉ុនមែនឬ? អញ្ចឹងមានតែលោកជាជនជាតិចិន ។ » នេះជាការចាប់ផ្តើមនៃកិច្ចសន្ទនាដ៏វែងអន្លាយមួយអំពីវប្បធម៌នៅប្រទេសចិនរបស់ម៉ៅ សេទុង, ចាង ខាយជៀក, ដំណើរត្រាច់ចររបស់ម៉ាកូ ប៉ូឡូ «ជនជាតិអ៊ីតាលីល្បីល្បាញម្នាក់» និង ខុង ជឺ «ជនជាតិចិនល្បីល្បាញម្នាក់» ។  ពេលកំពុងនិយាយនោះ ខ្ញុំលេបស្ករបៀមអស់មួយគ្រាប់ ហើយរវើរវាយទៅក្នុងបរិយាកាសដែលស្ករបៀបរសជាតិជីអង្កាមអាចនាំខ្ញុំទៅក្នុងវេលាខែក្តៅនេះ ។ 

សំបុត្រទី២

«​ នៅផ្លូរ៉ង់ស៍នៅឡើយទេ,

«​​ មួយក្រុមដែលស្នាក់នៅជាប់ជំរំជាមួយយើងមានឡានម៉ាកប៉ង់អា ( Panhard ) ដ៏កញ្ចាស់មួយ ហើយបើមើលតាមសភាពបុរេប្រវត្តិរបស់វា ដូចជារត់មិនត្រង់ផ្លូវទេ ។ តែពួកអ៊ីតាលីបដិសេធមិនព្រមជឿទេថា ឡានប៉ង់អានេះបើកតាំងពីប៉ារីស៍ មកដល់ផ្លូរ៉ង់ស៍ ហើយចង់បន្តទៅវឺនីសទៀត។ 

«​ យើងបានចូលជាមួយក្រុមដែលមានឡានប៉ង់អានោះ ហើយឥឡូវនេះមានគ្នា ៨ នាក់ក្មេងៗដែលបានសម្រេចចិត្តថា

«​ ឯងសមតែបានឃើញគ្នាយើង ៨ នាក់នេះ កន្ទ្រីងកន្ទ្រើងដល់ហើយ ស្រកេកស្រកាកពីក្បាលដល់ចង្កេះ ហើយពាក់ស្បែកជើងអេសប៉ាឌ្រីល ( Espadrille ) ឡើងគ្រប់ពណ៌ ឯងសមតែបានឃើញពួកនេះដើរជាជួរត្រសងតាមផ្លូវក្រុងផ្លូរ៉ង់ស៍ដូចជួរទាហាន តាមផ្លូវរថភ្លើងត្រាំវេយ៍ផង តាមផ្លូវថ្មើរជើងផង ជើងម្ខាងនៅលើចញ្ចើម ម្ខាងទៀតនៅលើថ្នល់។ ប្រសិនបើមានជនជាតិអ៊ីតាលីណាម្នាក់ហ៊ានតែសម្លឹងពួកនេះមួយភ្លែតក្នុងអាកប្បកិរិយារាងប្រមាថបន្តិចនោះ ពួកនេះឈប់គ្រឹប ហើយក្នុងលក្ខណៈជាប្រព័ន្ធក្បាលទាំង៨នឹងបង្វែរទៅសម្លក់អ្នកដែលសម្លឹងពួកគេនោះ រហូតដល់គាត់នោះប្តូរខ្សែភ្នែកទៅមើលអ្វីផ្សេងជាមិនខាន។   

«​ ល្ងាចម្សិលមិញ ជាពេលដែលត្រូវយកឡានប៉ង់អានោះចេញក្រៅ។ ទាំង៨​នាក់នេះបញ្ជ្រៀតចូល​ក្នុងឡានដែលគេធ្វើឡើងសំរាប់អស់ណាស់ហើយមនុស្ស៦នាក់។ ក្នុងលម្អងផង់ធូលីហុយទ្រលោម ឡានបានបរសំដៅទៅសាន់ មីនីអាតូ។ ភ្លើងក្រហម ហើយផ្លាកសញ្ញាហាមឃាត់នានាៗ រលាយទៅតាមខ្សែភ្នែកយើង។ ពេលណាមានផ្លូវកោងម្តងៗ ដៃទាំង៨លាតសន្ធឹងទៅឆ្ងាយ ហើយចម្រៀងមានច្រៀងមិនខ្វះទេ។ 

«​ ពេលត្រឡប់មកដល់ជំរំវិញ ពួកអ៊ីតាលីនៅតែតាមមើលយើងដដែល។ នារីម្នាក់ក្នុងចំនោមមិត្តភក្តិយើងក៏ដោះមួកកាតិបនាងចេញហើយដើរប្រមូលលុយ(ធ្វើត្រាប់តាមអ្នកនៅក្នុងកន្លែងសៀក)។ ច្បាស់ណាស់គ្មាននរណាអោយទេដូចអ្វីដែលយើងរំពឹងទុកអញ្ចឹង។ 

«​ យើងចំណាយពេលមួយថ្ងៃពេញដើរទស្សនាសារមន្ទីរ វិមានផ្សេងៗ។ ម៉ាស៊ីនថត និងហ្វីលកូដាក់របស់យើងប្រើឥតឈប់ដើម្បីថតវិមានវេគីអូ ( Palazzo Vecchio ) ដែលផ្លាស់ប្តូររូបរាងជារៀងរាល់ម៉ោង។ កំពូលវិមានមើលទៅផ្លាស់ប្តូររូបរាងទៅតាមជ្រុងដែលយើងមើល។ 

«​ ការទស្សនានៅសាន់ម៉ាក (វិហារបុព្វជិត) ដែលមានធ្លាចំហនៅខាងក្នុង( cloister ) ហ៊ុមព័ទ្ធជុំវិញដោយថែវ នៅចំកណ្តាលមានដើមឈើសម្បើមមួយនិងអណ្តូងទឹក ទេសភាពទាំងអស់នេះចាំងឆ្លុះដោយពន្លឺភ្លឺច្រាល។ បន្ទប់ស្នាក់នៅរបស់បុព្វជិតមានបង្អួចតូចៗ។ នៅទីនេះហើយដែលនៅដិតដាមការចងចាំរបស់លោកឪសាវ៉ូណារ៉ូល អាចារ្យដែលគេដុតទាំងរស់នៅធ្លាសាធារណៈស៊ីញ៉រី។ បរិយាកាសមិនសូវស្រស់ស្រាយ។ នៅធ្លានេះមានបង្ហាញស្នាដៃរបស់ ហ្វ្រា អង់ជេលីកូ ដែលជាម្នាក់ក្នុងចំណោមវិចិត្រករអ៊ីតាលីដំបូងៗគេ។

«​ សារមន្ទីរមួយទៀត : ស្នាដៃរបស់ ឌែលឡា រ៉ូប៊ីយ៉ា ដែលជាផ្តែរចម្លាក់លាន បង្ហាញពីក្រុមក្មេងៗកំពុងបន់ស្រន់ រាំ ច្រៀង ផ្តែររបស់ដូណាទេឡូ ដែលទាក់ទាញពន្លឺល្អអស្ចារ្យ សៀវភៅចម្រៀងសាសនាគ្រឹស្តធំៗ ហើយជាពិសេសរូបចម្លាក់របស់ដូណាទេឡូធំសម្បើម មើលទៅមានអំណាច។ ការទស្សនាសំខាន់ជាងគេកាលពីម្សិលមិញគឺនៅសាលាវិចិត្រសិល្បៈ។ វាស្តែងអោយឃើញពីពេលដែលមីសែលឡង់បានឈានដល់ចំណុចខ្ពស់បំផុតនៃទេពកោសល្យរបស់គាត់ ជាពេលដែលគាត់ឆ្លាក់រូបដាវីឌ និងជាពេលដែលដុំថ្មធំសម្បើមៗចាប់ផ្តើមលេចចេញរូបរាង ដែលជាស្នាដៃមិនបានបញ្ចប់។ មានរូបចម្លាក់ព្យែតាមួយនោះ (ព្យែតាសំដៅទៅលើវត្ថុសិល្បៈណាមួយដែលបង្ហាញពីនាងម៉ារីអោបសាកសពព្រះយេស៊ូនៅក្នុងដៃ អាចជារូបចម្លាក់ឬរូបគំនូរ) ពិសេសជាងគេ ដែលបង្ហាញអោយឃើញច្បាស់ៗពីសមាសភាពផ្សំរបស់រូបចម្លាក់។ ឧទាហរណ៍ សំណុំខ្សែកោងដែលតជាប់គ្នាជាបន្តបន្ទាប់ ផ្នែកភ្លឺនិងផ្នែកស្រមោលនៃរូបចម្លាក់ជួយគូសបញ្ជាក់អោយឃើញកាន់តែច្បាស់ពីតំណភ្ជាប់នេះ។ ការងារព្រាងៗទាំងនេះពិតជាគួរអោយសំគាល់ក្នុងការយកមកសិក្សា ព្រោះថាគំនិតរចនាចាប់ផ្តើមលេចចេញជារូបរាងនៅលើការងារព្រាងនេះឯង ហើយគំនិតនេះក៏ចាប់ផ្តើមសូនថ្មដែលមិនទាន់មានសភាពផ្លាស្ទិកនៅឡើយនោះ អោយមានសភាពផ្លាស្ទិក។ រីឯនៅលើស្នាដៃដែលបានបញ្ចប់វិញនោះ ក្រសែភ្នែកយើងទាញទៅរកការងារលម្អិតលើរូបចម្លាក់ ទៅរករឿងព្រេងនិងរឿងរ៉ាវដែលបង្ហាញដោយរូបចម្លាក់ តែក្រសែភ្នែកយើងមិនបានផ្តោតទៅលើចេតនាដើមរបស់វិចិត្រករ និងគំនិតច្នៃប្រឌិតរបស់គាត់នោះទេ។​ 

​«​ ពួកយើងបានគូរគំនូរនិងផាត់ពណ៌គំនូរជាច្រើន។  គ្នារាងគាំងត្រង់ថា តើគួរបង្ហាញពន្លឺនៃអ៊ីតាលី ដែលក្នុងពេលតែមួយមានសភាពស្រាលនិងហឹង្សាផង និងចម្រុះពណ៌ផង តាមរបៀបណា។

«​ ផ្លូរ៉ង់ស៍ ដូចហ្ស៊ែនដែរ មានផ្លូវតូចចង្អៀត ហើយនៅខាងចុងផ្លូវមានហាងទំនើបៗទាន់សម័យ។ ការបញ្ចាំងភាពយន្តនៅខាងក្រៅ ហាងកាត់សក់ដែលមានចាក់តន្ត្រី មីលបារ ( Milkbars ) និងការរួមបញ្ចូលនៃភ្លើងអំពូលម៉ែត្រនៅគ្រប់ជ្រុង។ 

 «​ ប៉ុន្តែដោយឡែកពីនេះ ក៏មានផ្នែកខ្លះងងឹត មានផ្លូវតូចៗដែលមិនសូវមានភ្លើងបំភ្លឺ និងមានទន្លេអារណូដែលហូរដោយស្ងប់ស្ងាត់។ គ្នាតែងតែ​មានសេចក្តីសោមនស្សក្នុងការផ្តោតអារម្មណ៍លើចំណាំងផ្លាតរបស់អំពូលម៉ែត្រទៅលើទឹក គ្នាសម្លឹងមើលទន្លេអារណូដែលមានពន្លឺផ្លេកៗរបស់ចំណាំងផ្លាត ហូរយ៉ាងស្ងៀមស្ងាត់នៅក្រោមមេឃមួយដែលគ្មានផ្កាយ។ ស្ពានវេគីអូ ( Ponte Vecchio ) ដែលចាំងទៅដោយរលកផូស្វ័រពីទឹក បានបាត់បង់មន្តស្នេហ៍របស់ខ្លួន។ វាមើលទៅចម្លែក ដូចមិនមែនជាការពិត។ 

ស្ពានវេគីអូ
រូបភាពរក្សាសិទ្ធដោយ ៖ Tobias Fischer on Unsplash

«​ គ្នាមានអារម្មណ៍ថាដូចបានបំពានអ្វីម្យ៉ាង នៅពេលដែលគ្នាបានលឺល្ហៀងៗនូវភ្លេងចង្វាក់ហ្សាសលេងលើឧបករណ៍អាកកឌីយ៉ុងក្នុងក្លឹបរាត្រីមួយដែលមិនជាឆ្ងាយប៉ុន្មានពីនេះ។

«​ ផ្លូរ៉ង់ស៍នៅពេលយប់មានមន្តស្នេហ៍អស្ចារ្យ។ វិមានទាំងឡាយត្រូវបានបំភ្លឺយ៉ាងលាក់លាមដោយភ្លើងហ្វារដែលដាក់នៅកម្ពស់ខ្ពស់ ដែលបញ្ចេញពន្លឺដោយឯកសណ្ឋាន ហើយគូសបញ្ជាក់អោយឃើញពីផ្នែកលាននិងលិបនៃវិមាន។ ដូចនៅអេទ័ល  ( Étoile )  ឬនៅសាក្រេកឺរ (Sacré-Cœur) នៅប៉ារីស៍ឯណោះ ភ្លើងហ្វារដែលដាក់នៅផ្ទាល់នឹងដីបង្សាចពន្លឺពីក្រោមទៅលើ ក៏បង្កើតសភាពអស្ចារ្យម្យ៉ាង។ 

សំបុត្រទី៣

«​ យើងបានធ្វើដំណើរទៅភីយេសូល ចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផ្លូរ៉ង់ស៍។ ទេសភាពស្រស់អស្ចារ្យនៃផ្លូរ៉ងស៍។ ការរួមបញ្ចូលនៃពណ៌ប្រផេះលាយខៀវនៃដើមអូលីវ ដែលរំលេចដោយពណ៌បៃតងចាស់នៃដើមស៊ីព្រែ (cyprès) និងដើមស្រល់ដែលជះស្រមោលទៅលើដីក្រហមនៅទីនោះ។ ហើយនៅពីលើទិដ្ឋភាពទាំងអស់នេះ រស្មីព្រះអាទិ្យកំពុងរៀបលិចដែលញ័រតិចៗ ដូចនៅក្នុងផ្ទាំងគំនូរអាំប្រេស្យូនីស។ ភីយេសូលស្ថិតនៅលើកូនភ្នំមួយ។ នៅទីនេះមាននៅសល់បំណែកនៃមហោស្រពរ៉ូម៉ាំងគួរអោយសង្វែគ និងផ្លូវលំតូចៗដើម្បីដើរទៅជ្រលងភ្នំ។ 

«​ ការធ្វើដំណើរលើផ្លូវដែលកាច់កោងច្រើននេះគឺជាការសប្បាយមួយបែប។ ខ្បល់មានអារម្មណ៍ថាស្រាល។ យើងបានឡើងទៅលើ esplanade មួយ។ នៅទីនោះយើងអាចមើលឃើញជ្រលងទាំងមូលដែលមានផ្ទះពណ៌ទឹកមាស ស លឿងទុំ ក្រហម បន្តុបលើគ្នាជារាងគូប និងរាងប្រឡេពីប៉ែត ដែលទទួលពន្លឺពណ៌លឿងផ្លេកៗពីព្រះអាទិត្យ។ ទេសភាពទាំងនេះប្រឆាំងនឹងទេសភាពស្រអាប់នៃដើមស៊ីព្រែនិងដើមស្រល់។ ទស្សនីយភាពដែលមានតែមួយ គ្មានពីរ។ ទេសចរ៣នាក់ដាច់ដោយឡែកពីគេកំពុងរីករាយនឹងបរិយាកាសនេះ។ ម្នាក់ក្នុងចំណោមពួកគេកំពុងគូរគំនូរ ម្នាក់ទៀតសរសេរ ហើយម្នាក់ចុងក្រោយសម្រាកនៅស្ងៀម បោះដៃយីងយោង។ ដំណើរនៃការរួបរួមគ្នារបស់មនុស្សនៅក្នុងបរិយាកាសពោរពេញដោយកំណាព្យនិងសម្រស់។ 

«​ នៅលើ esplanade ដដែលនេះ មានវិហារតូចមួយ ហើយនៅតាមចន្លោះចម្រឹងដែក គេឃើញមាន cloister ពីរដែលពោរពេញទៅដោយពណ៌ចម្រុះ ភ្លើងបំភ្លឺមានតែមួយគត់ នេះជាបរិយាកាសស្ងប់ស្ងាត់យ៉ាងពិតប្រាកដជាក់ស្តែង សឹងតែអាចជាវត្ថុដែលប៉ះបាន។  គ្នាមិនកុហកឯងទេ ប៉ុន្តែបានឈរនៅពីមុខទស្សនីយភាពមួយនេះ គ្នាមិនមានពាក្យនិយាយទេ។ គ្នាមានអារម្មណ៍ថាខ្លួនតូចតាច ហើយរំពៃនឹកទៅដល់ការគិតមួយ។ តទៅមុខទៅ គ្មាននិម្មាបនករណាម្នាក់នាសម័យទំនើបនេះ នឹងអាចធ្វើអោយលេចចេញរូបរាងឡើងនៃបរិយាកាសដែលកើតឡើងនៅទីនេះ កើតចេញពីអព្ភូតហេតុ នៅក្រោមមេឃដែលត្រូវបានប្រទានពរ ក្នុងប្រទេសដ៏អច្ឆរិយៈនេះបានឡើយ។ អ្វីៗគ្រប់យ៉ាងត្រូវបានប្រទានពរ ក្នុងប្រទេសដ៏អច្ឆរិយៈ។ ឧបករណ៌អ័គចាប់ផ្តើមបន្លឺសំលេងឡើងយ៉ាងស្រទន់។ គ្មានការបរិយាយណាអាចពិពណ៌នាពីបរិយាកាសនេះបានទេ។ សមិទ្ធផលដ៏ល្អឥតខ្ចោះត្រូវបានសម្រេច។ 

 «​ បើទោះជាមានការរៀបរាប់វែងអន្លាយទាំងនេះក្តី គ្នានៅតែមិនអាចពិពណ៌នាអ្វីដែលគ្នាបានឃើញនោះអោយសមនឹងភាពរស់រវើក ភាពពិតប្រាកដរបស់វាឡើយ។ 

«​ ពិតណាស់អ្វីៗគ្រប់យ៉ាងតែងតែមានការបញ្ចប់ ពួកយើងត្រូវត្រឡប់ទៅវិញហើយ។​ គ្មានអ្នកណាម្នាក់និយាយអ្វីទេ។ តើនិយាយធ្វើអ្វី? បើទិដ្ឋភាពទាំងអស់នោះរំលងទៅបាត់ពីយើងទៅហើយ។ 

សំបុត្រទី៤

«​ នៅសល់អ្វីៗត្រូវមើលច្រើនគួរសមនៅផ្លូរ៉ង់ស៍។ សួនឧទ្យានបូបូលី ដែលមានលំដាប់ផ្អែកទៅលើអ័ក្សស៊ីមេទ្រី ដែលមានកោះអ៊ីសូលែតូនិងរូបចម្លាក់ដ៌អស្ចារ្យជាស្នាដៃរបស់ ហ្សង់ បូឡូញ។ ទេសភាពព្រះអាទិត្យរៀបអស្តង្គតនៅផ្លូរ៉ង់ស៍អាចយកដាក់លើកាតប៉ូស្តាល់បានយ៉ងស្រួល មានទន្លេអារណូចម្រុះពណ៌  ដែលចែកផ្លូរ៉ង់ស៍ជាពីរសង្ខាង។ ជាទិដ្ឋភាពចម្រុះពណ៌ ដែលមិនមែនជារឿងងាយក្នុងការបម្លែងទៅជាផ្ទាំងគំនូរ។ 

«​ សារមន្ទីរអូហ្វីស៊ីស ដែលមានតាំងស្នាដៃរបស់មីសែលឡង់ របស់រ៉ាហ្វាអែល របស់បូទីឈេលីដែលមានដូចជា គំនូរ«រដូវផ្ការីក» «ការចាប់កំណើតរបស់វេនុស»។

«​ ល្ងាចថ្ងៃព្រហស្ប មុននឹងចាកចេញពីផ្លូរ៉ង់ស៍ទៅពែរូស។ 

«​ គ្នាបានចំណាយពេលជាងមួយម៉ោង ដើម្បីស្តាប់ផ្នែកដកស្រង់នៃល្ខោន  «ឡា ត្រាវីយ៉ាតា» ដែលលឺចេញពីទ្វារដែលបើកចំហរ។ គ្នានិយាយថាផ្នែកដកស្រង់ព្រោះថាល្ខោននេះត្រូវបានសម្តែងនៅក្នុងcloisterចាស់មួយដែលនៅជាប់ផ្លូវ ហើយសម្លេងត្រាំវេយ៍និងសម្លេងម៉ូតូបានកាត់ផ្តាច់ចង្វាក់នៃល្ខោនដែលជាស្នាដៃរបស់វែឌីនេះ។ មានពួកអ៊ីតាលីច្រើននៅអែបទ្វារនោះដែរដែលកំពុងរីករាយនឹងតន្រ្តី។ មានទាំងឆ្កែមួយក្បាលផង។ រាល់ពេលដែលគេគ្រប់គ្នានៅក្នុងcloisterនោះទះដៃ អាមួយនេះចាប់ផ្តើមព្រុះដែរ ហើយគ្រប់គ្នាក៏ប្រាប់អោយវាស្ងាត់ ហើយអាម្សៀនេះក៏ចេញទៅ ត្រចៀកធ្លាក់ម្ខាង ក្រោមខ្សែភ្នែកសម្លក់ខឹងរបស់ម្ចាស់វា។ 

«​ នៅពាក់កណ្តាលអាធ្រាត្រ យើងក៏ចាកចេញេពីផ្លូរ៉ងស៍ ដោយក្តីអាឡោះ។ ការបំភាន់ភ្នែកមួយដែលចាកចេញទៅក្នុងស្បៃរាត្រី ហើយនឹងមានការបំភាន់ច្រើនទៀតដែលនឹងកើតនៅថ្ងៃស្អែកពេលព្រះអាទិត្យរះ។ 

«​ ហើយចាប់ពីនេះទៅ ទិសដៅបន្ទាប់គឺ ពែរូស រ៉ូម ណាប៉ូលី ប៉ុមពេអ៊ី កាព្រី ប៉ាឡែម និងទុយនី។ 

«​ សៀគ្វីនឹងបញ្ចប់នៅប៉ារីស៍ ក្នុងរយៈពេលមួយខែ។ ការចងចាំដែលមានតែមួយ ល្អជាងគេ។ 

«​ ចំណាប់អារម្មណ៍លើភាពស្រស់ស្អាត ដែលពោរពេញទៅដោយភ្លើងនិងពណ៌ចម្រុះ ដែលមិនអាចកើតឡើងម្តងទៀត។