អត្ថបទដោយ ៖ រឿន វីរៈ
ខណៈពេលដែលខ្ញុំកំពុងបញ្ចប់ការងារជាមួយជាងថតរបស់ទស្សនាវដ្តីជប៉ុនឈ្មោះថា a+u នៅឯក្រុងព្រះសីហនុ ខ្ញុំទទួលបានដំណឹងដ៏គួរឲ្យសោកសៅមួយ។ លោកតាវណ្ណ បានទទួលមរណភាពនាថ្ងៃនេះកាលពីបីឆ្នាំមុន។ តាមពិតទៅ ខ្ញុំបានរំពឹងទុកពីដំណឹងអាក្រក់មួយនេះជាយូរមកហើយ ប៉ុន្តែសេចក្តីសោកសង្រែងអាឡោះអាល័យនៅតែកើតមានឡើងដោយចៀសមិនរួចនៅក្នុងចិត្តខ្ញុំ។
ខ្ញុំបានជួបលោកតាផ្ទាល់តែម្តងគត់ ក្នុងឱកាសដែលខ្ញុំនាំសាស្រ្តាចារ្យនិងនិស្សិតផ្នែកនិម្មាបនកម្មជប៉ុនដើរទស្សនាអាគារទាំងឡាយរបស់លោកតាដែលនៅសេសសល់នៅរាជធានីភ្នំពេញ។ ក្នុងពេលល្ងាចក្រោយដំណើរទស្សនកិច្ចនេះ ពួកយើងបានទៅជួបលោកតានាគេហដ្ឋានលោកផ្ទាល់នៅជិតស្ថានទូតចិន។ ខ្ញុំបានថតរូប និងទទួលបានសៀវភៅជាភាសាខ្មែរសរសេរនិងចុះហត្ថលេខាផ្ទាល់ដោយលោកតាផងដែរ។ នេះជាមោទនភាពមួយចំពោះខ្ញុំផ្ទាល់។ ថ្វីត្បិតតែខ្ញុំបានជួបនិយាយជាមួយគាត់តែមួយដងពិតមែន ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកយើងបានស្គាល់គ្នាតាំងពីយូយារណាស់មកហើយ។ នៅក្នុងស្រុកយើងមហាជនភាគច្រើនស្គាល់ឈ្មោះគាត់ បើទោះបីជាពួកគេមិនបានដឹងពីទស្សនៈនិម្មាបនកម្មរបស់គាត់ច្បាស់ក៏ដោយ។ ខ្ញុំចាំបានពីពេលដែលខ្ញុំនៅតូចនៅឡើយ លោកឪពុករបស់ខ្ញុំដែលជាអ្នករត់ម៉ូតូឌុបតែងតែរលឹកពីឈ្មោះវណ្ណ ម៉ូលីវណ្ណប្រាប់ខ្ញុំ ហើយគាត់ចង្អុលបង្ហាញពីការសំគាល់លក្ខណៈរបស់ការរចនារបស់លោកតាវណ្ណតាមរយៈអាគារដែលមានដំបូលជាអក្សរឡាតាំងV ដែលតាមពិតទៅវាមិនមែនជាការពិតទាំងស្រុងនោះឡើយ។ បើយើងមើលពីអាគារសាងសង់ក្នុងទសវត្សទី៦០ចំនួនពីរស្ថិតនៅក្នុងស្ថានទូតរូស្ស៊ីវិញ យើងសង្កេតឃើញថាវាមានដំបូងស្រទាប់ខាងលើជារាងអក្សរ V ដែរ ប៉ុន្តែវាមិនមែនរចនាឡើងដោយលោកតាវណ្ណទេ។
មួយផ្នែកទៀតនៃការស្គាល់គ្នានេះ ខ្ញុំប្រហែលទទួលបានតាមរយៈបទពិសោធន៍ធ្វើការរយៈពេលប្រាំមួយឆ្នាំជាមួយស្នាដៃសំខាន់ៗរបស់គាត់នៅទីក្រុងភ្នំពេញ និងតាមរយៈការអានអត្ថបទស្រាវជ្រាវផ្សេងៗទាក់ទងនឹងរូបគាត់។ ចំពោះខ្ញុំ គាត់គឺជានិម្មាបនិកឆ្នើមមួយរូបមានទេពកោសល្យកម្រនឹងរកបាន។ ទេព្យកោសល្យនេះ ស្តែងចេញឲ្យយើងឃើញផ្ទាល់តាមរយៈអាគារជាច្រើននិងសំណេរវិចារណកថាផ្សេងៗរបស់គាត់ នៅពេលដែលគាត់នៅបំរើការឲ្យរាជការសម័យសង្គមរាស្រ្តនិយម។ គាត់មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងផ្នែករចនានិម្មាបនកម្ម ដោយអាគារនីមួយៗរបស់គាត់មានម៉ូតស្អាតប្លែកចម្លែកល្អ យើងពុំធ្លាប់ឃើញពីមុនមកនោះទេនៅក្នុងប្រទេសកម្ពុជា។ អាគារទាំងនេះទៀតសោតមើលទៅសាកសមនឹងភ្នែកអ្នកទស្សនាឥតទាស់។ ជាក់ស្តែងដូចជាអាគារសាលមហោស្រពចតុមុខជាដើម។ បើទោះបីជាមានការបន្ថែមទំហំបន្ទប់នៅជាន់ផ្ទាល់ដីឬក៏ផ្ទាស់ប្តូរពណ៌ទាំងស្រុងរបស់អាគារទាំងមូលក៏ដោយ ក៏អាគារនេះនៅតែមានសម្រស់ល្អវិចិត្រគួរឲ្យគយគន់។ ចំពោះនិម្មាបនិកសម័យទំនើបខ្លះ គេនឹងចង្អុលបង្ហាញពីការទាស់ភ្នែកទៅនឹងការបន្ថែមបស្បុកទៅលើអាគារនេះ ប៉ុន្តែចំពោះខ្ញុំវិញ ការបន្ថែមបស្បុកបែបនេះគឺជាការបង្ហាញឲ្យយើងដឹងទៅវិញទេ ពីភាពប៉ិនប្រសពក្នុងការរចនារបស់គាត់។ ជាធម្មតា និម្មាបករល្អមួយរូបតែងតែចុះទៅមើលទីតាំងសាងសង់អាគារជាមុនសិន មុននឹងសម្រេចចិត្តចេញម៉ូតអាគារ។ ខ្ញុំគិតថា ដោយសារតែទីតាំងរបស់សាលចតុមុខនេះនៅជិតព្រះបរមរាជវាំងដែលមានសុទ្ធតែសំណង់ប្រពៃណីបំពាក់ទៅដោយដំបូលបស្បុក អ៊ីចឹងហើយគាត់ក៏ត្រូវរចនាដំបូលបែបនេះដែរ ឲ្យវាត្រសងគ្នាទៅនឹងទិដ្ឋភាពនៅជុំវិញនោះ។ មួយវិញទៀតអាគារនេះដើមឡើយសាងសង់ឡើងជាសាលប្រជុំព្រះពុទ្ធសាសនា ហើយឆាកសំរាប់ព្រះសង្ឃអង្គុយ ស្ថិតនៅក្រោមត្រង់ចំដំបូលបស្បុកនេះតែម្តង។ ប្រការនេះសបញ្ជាក់ឲ្យគេដឹងច្បាស់ថា លោកតាវណ្ណជានិម្មាបនិកមួយរូបដែលយល់ច្បាស់សេចក្តីអំពីការប្រើប្រាស់ក្បួនខ្នាតនិងមុខងារក្នុងសំណង់ប្រពៃណីខ្មែរយើង។ គាត់ក៏ជាអ្នករចនាមួយរូបដែលគិតច្រើនដល់ការកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងអាគារផងដែរ។ អាគាររបស់គាត់នីមួយៗមិនទាមទារចាំបាច់តម្រូវឲ្យមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឬអគ្គីសនីច្រើនលើសលប់នោះទេ។ មូលហេតុមកពីធាតុផ្សំនិម្មាបនកម្មក្នុងអាគាររបស់គាត់ រចនាឡើងដោយអនុញ្ញាតឲ្យមានពន្លឺ ឬក៏ខ្យល់ចេញចូលគ្រប់គ្រាន់ហើយ។ គាត់ក៏ជាអ្នកស្នេហាជាតិខ្មែរមួយរូបផងដែរ ក្នុងនោះអាគារដែលគាត់រចនាឡើងមិនថាតាមរយៈអត្ថរូប ឬទស្សនទានក្តីតែងតែឆ្លុះបញ្ចាំងជានិច្ចនូវភាពជាខ្មែរ។ គាត់តែងតែទទូចចង់ឲ្យនិម្មាបនិកខ្មែរជំនាន់ក្រោយ សិក្សាអំពីប្រាសាទបុរាណខ្មែរឲ្យបានច្បាស់លាស់ ជាពិសេសប្រាសាទនៅតំបន់អង្គរ ហើយបញ្ចូលព្រលឹងរបស់និម្មាបនកម្មបុរាណទាំងនោះទៅក្នុងការបង្កើតថ្មីរបស់ខ្លួន។
បន្ទាប់ពីរស់នៅឆ្ងាយពីស្រុកទេសចំនួន២០ឆ្នាំ គាត់ក៏សម្រេចចិត្តចូលមកប្រទេសវិញ ដើម្បីចូលរួមកសាងប្រទេសក្រោយពេលសង្គ្រាម ហើយបន្តរស់នៅក្នុងស្រុករហូតដល់ទីអវសាន្តនៃជីវិតរបស់គាត់ក្នុងឆ្នាំ២០១៧ នាគេហដ្ឋានរបស់លោកតាផ្ទាល់ស្ថិតក្នុងទឹកដីអង្គរ។ ខ្ញុំបានចូលរួមគោរពសពលោកតាជាការលាគ្នាចុងក្រោយ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ។ បើទោះបីជារូបកាយគាត់បានរលាយពីលោកយើងនេះទៅហើយក្តី ក៏គំនិតនិម្មាបនកម្ម និងសេចក្តីស្រឡាញ់ជាតិរបស់គាត់នៅតែស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំជានិរន្តរ៍។ សូមលោកតារស់នៅបរមលោកដោយសេចក្តីស្ងប់សុខ!