ទឹក​ និងស្ថាបត្យកម្ម (យោងតាមអគាររចនាដោយនិម្មាបនិកវណ្ណម៉ូលីវណ្ណ)

អត្ថបទដោយ ៖ ទុំ យូរីផល

ស្ថាបត្យកម្ម​មានលក្ខណៈ និងរចនាបថ ដែលជាទូទៅការរចនាទាំងអស់សុទ្ធសឹងតែបង្ហាញពីទំរង់ដែលកើតចេញពីនវានុវត្តន៍ និងការវិវត្តពីជំនាន់មួយទៅជំនាន់មួយ តាមរយៈឥទ្ធិពលសាសនា សង្គម និងការរីកចំរើននៃវប្បធម៌។ ជាឧទាហរណ៍សង្គមកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមដែលត្រូវបានដឹកនាំដោយព្រះបាទ នរោត្តម សីហនុ ទ្រង់បានបង្កើត សង្គមដ៏ស៊ីវីល័យមួយ ដោយការរៀបចំហេដ្ឋារចនាសម្ធ័នគ្រប់គ្រងថ្មី ផ្តោតលើការអភិវឌ្ឍនគ្រប់វិស័យ។ វិស័យស្ថាបត្យកម្ម និងការអប់រំធនធាននាពេលនោះ បានធ្វើអោយកម្ពុជាទទួលបានភាពលេចធ្លោនិងការចាប់អារម្មណ៍ពីអន្តរជាតិជាពិសេសតំបន់អាស៊ីអាគ្នេយ៍។ ស្ថាបត្យកម្មខ្មែរនាទសវត្សរ៍ទី៦០ បានបង្ហាញពីអត្តសញ្ញាណ និងលក្ខណៈមួយដែលមានភាពខុសប្លែកពីស្ថាបត្យកម្មដទៃ ដោយមានការរួមបញ្ចូលទម្រង់នៃភាពទំនើបពីប្រទសបារាំង ជាមួយនឹងលក្ចណៈខ្មែរ ហើយការបង្កើតនេះត្រូវបានហៅថា ទំនើបកម្មនៃស្ថាបត្យកម្មខ្មែរ។  យោងតាមនិម្មាបនិក វណ្ណ ម៉ូលីវណ្ណ ជាស្ថាត្យករដ៏ល្បីល្បាញមួយរូបនាសម័យទសវត្សរ៍ទី៦០ ពាក្យថាស្ថាបត្យកម្មមួយ គឺមានពាក់ពន្ធ័នឹងបែបបទជាច្រើន ដូចជា បញ្ហារូបរាង សោភណភាព តួនាទី និងផាសុកភាព។ លោកបានបង្កើត និងរួមបញ្ចូលទម្រង់ទាំងនោះនៅក្នុងសំណង់អគារទាំងអស់របស់លោក ហើយទម្រង់នោះត្រូវបានលោកបង្រួមតែមួយ និងបង្កើតបានជាគំនិត ស្ថាបត្យកម្មបែបខ្មែរប្រពៃណី។  ជាស្ថាបត្យករមួយរូប បានដើរតួរយ៉ាងសំខាន់ក្នុងការបង្កើតការស្រមើលស្រមៃរបស់ខ្លួនអោយក្លាយជាទំរង់ពិត​ ហើយទ្រង់ទ្រាយទាំងនោះអាចជាអគារ រូបចំលាក់ និង ធាតុតុបតែងនៃសំណង់។ នៅក្នុងអត្ថបទនេះយើងខ្ញុំនឹងលើកយកការបកស្រាយ លក្ខណៈមួយដែលយើងប្រហែលជាមិនបានកត់សំគាល់ រឺក៏ចាប់អារម្មណ៍ច្បោលៗ ទៅលើការការរចនាភាគច្រើននៃសំណង់របស់និម្មាបនិក វណ្ណ​ ម៉ូលីវណ្ណ ដែលតែងតែមានបញ្ចូលសមាសធាតុ “ទឹក” ទៅក្នុងស្ថាបត្យកម្ម។ យើងនឹងច្បិចយកធាតុសំខាន់ៗទាំងនោះមកធ្វើការពិពណ៌នា និងលើកជាឧទាហរណ៍ជាក់ស្តែងតាមរយៈអគារមួយចំនួនរបស់និម្មាបនិក វណ្ណ ម៉ូលីវណ្ណនៅផ្នែកខាងក្រោមនេះ។

ទឹកនៃទស្សនីយភាពស្ថាបត្យកម្ម

ការស្រមើលស្រមៃ និងសេចក្តីពិតដែលរួមបញ្ចូលរវាងធម្មជាតិនៃទឹកនិងស្ថាបត្យកម្មបានបង្កើតជាភាពទាក់ទាញមួយដែលមនុស្សមួយចំនួន ជាពិសេសស្ថាបត្យករអាចនឹងមើលរំលង។ ទឹកជាធាតុសំខាន់ នៅក្នុងស្ថាបត្យកម្ម ការរៀបចំទីក្រុង និងជីវិត។ ជាឧទាហរណ៍ ដូចជារបៀបនៃការរៀបចំទីក្រុងដែលបានភ្ជាប់ជាមួយនឹងទឹកនាសម័យបុរាណខ្មែរ ការបង្កើតឧទ្យានទឹកសាធារណៈ ប្រលាយនាសម័យបារាំង និងការរៀបចំប្រពន្ធ័ស្តុបទឹកនៅក្នុងអគាររបស់និម្មានិក វណ្ណ ម៉ូលីវណ្ណជាដើម។ គំនិតទាំងអស់នេះរបស់ និម្មានិក បានបញ្ជាក់យ៉ាងច្បាស់ពីអត្ថប្រយោជន៍របស់ទឹកដែលជាសមាសធាតុសំខាន់មួយ ហើយបានដាក់បញ្ចូលទៅក្នុងបរិវេណធ្លាអាគារ និងក្នុងអាគារ។ ជាអស្ចារ្យបំផុត អ្នកស្រាវជ្រាវស្ថាបត្យកម្ម និងភ្ញៀវទេសចរណ៍ភាគច្រើនបានកោតសរសើរនោះគឺ ស្ថាបត្យកម្មបានបង្កើតទស្សនីយភាព និងការផ្លាស់ប្តូរឺការបន្ធូអារម្មណ៍ នៅពេលដែលស្ថាបត្យកម្មនោះរួមបញ្ចូលជាមួយទឹក ហើយជាទឹកដែលមានចលនា។  ទឹកភ្លៀងដែលធ្លាក់ពីអាគារ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ប្រដូចទៅនឹងទស្សនីយភាពនៃធម្មជាតិ។ ជាអាទិ៍ដូចជាសំណង់របស់និម្មាបនិក វណ្ណ ម៉ូលីវណ្ណ រួមមានអគារបណ្ណាល័យ អគាររដ្ឋបាល និងថ្នាក់រៀននៃសាកលវិទ្យាល័យភាសាបរទេស ពហុកីឡាដ្ឋានជាតិអូឡាំពិក ផ្ទះបុរី១០០ខ្នង សាលមហោស្រពព្រះសុរាម្រិត អតីតវិទ្យាស្ថានបាស្ទ័រ និងអគារនានាដទៃទៀត សុទ្ធតែបានរចនាដោយរួមបញ្ចូល “ទឹក” ទៅក្នុងអគារទាំងនោះ។ ជាឧទាហរណ៍ដដែល អគារបណ្ណាល័យនៃសាកលវិទ្យាល័ភាសាបរទេស ដែលបានរចនាទំរង់ដំបូលដោយការរួមបញ្ចូលគំនិតគោល នៃការបំបែកទំរង់ធរណីមាត្រ ជាមួយនឹងលក្ខណៈខ្មែរ។ តាមសម្តីរបស់និម្មាបនិក លោកបានជ្រើសរើសរូបរាងទាំងស្រុងនៃអគារស្រដៀងទៅនឹងមួកស្លឹកត្នោតខ្មែរ ហើយក៏កាន់តែអោយយើងឃើញយ៉ាងច្បាស់ពីឥទ្ធិពលនៃទំនើបកម្មរួមបញ្ចូលជាមួយនឹងធម្មជាតិ។ ទំរង់ផ្នត់ៗ ដែលបង្កើតពីរាងត្រីកោណ តម្រៀបហ៊ុំព័ទ្ធកោងជុំវិញអាគារ បានដើរតួនាទីយ៉ាងសំខាន់ជាសសរ ជាដំបូល និងជាសោភណ្ឌ័ភាព។ ទំរង់ផ្នត់ៗ នោះបានបង្កើតជារចនាបទថ្មី និងមានលក្ខណៈសមស្របទៅនឹងសមាមាត្រ និងតួនាទីរបស់វា។ ទម្រង់ឯកជននៃសសរនីមួយៗ ស្រដៀងទៅនឹងស្លឹកត្នោត ដែលបានបង្ហាញពីការបំលែងទ្រង់ទ្រាយស្ថាបត្យកម្មពីធម្មជាតិ។ ភាពផ្នត់ៗនៃដំបូលមិនគ្រាន់តែជាការលំអ ប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលបានអនុញ្ញាតដល់ប្រពន្ធ័ទឹកហូរធ្លាក់នាពេលភ្លៀងម្តងៗ ហើយយើងក៏អាចស្រមៃមើល នៅរដូវភ្លៀង ទំរង់នៃអគារបានប្រែប្រួលទៅតាមធម្មជាតិ។ ទឹកធ្លាក់ដែលហូរពីដំបូលនៃអគារ មានចលនាយ៉ាងសកម្មជាមួយ អាងស្រោចស្រពទឹកដែលស្ថិតឡោមពទ្ធ័ជុំវិញអាគារ។ សិស្ស និស្សិត ដែលអង្គុយអានសៀវភៅពីផ្នែកខាងក្នុង និងកណ្តាលនៃអគារ អាចគយគន់ទៅខាងក្រៅ មើលទិដ្ឋភាពទឹកធ្លាក់តាមផ្នត់នីមួយៗនៃសសរដែលនៅជុំវិញទាំងអស់នោះ។ ចំនែកឯ សិស្ស និស្សិត ដែលជ្រកភ្លៀងនៅតាមក្រោមស្ពាន​ និងអគាររដ្ឋបាល ក៏អាចរំសាយអារម្មណ៍ជាមួយ ទិដ្ឋភាពទឹកធ្លាក់នៃធម្មជាតិនោះផងដែរ។ ការរចនាទាំងអស់នេះ​ បានបញ្ជាក់យ៉ាងច្បាស់ពីផ្នត់គំនិត និងគុណតម្លៃ នៃសំណង់ និងអ្នកប្រើប្រាស់ ក្នុងគោលបំណងធ្វើអោយស្ថាបត្យកម្ម កាន់តែមានប្រសិទ្ធភាព និងផាសុកភាព។ 

រូបភាពបង្ហាញពីស្រះទឹកនៅជាប់នឹងអាគារដើមរចនាដោយនិម្មានិក វណ្ណ ម៉ូលីវណ្ណស្ថិតក្នុងបរិវេណវីទ្យាស្ថានភាសាបរទេស។ រូបភាពរក្សាសិទ្ធដោយ ៖ ទុំ យូរីផល។

ទឹកនៃសុវត្ថិភាពស្ថាបត្យកម្ម

ទឹកអាចបំផ្លាញសំណង់យ៉ាងងាយ តាមរយៈសសៃរទឹកដែលជ្រាបតាមប្រហោងថ្ម រឺទឹកជំនន់ដែលកើតពីទឹកភ្លៀងដោយគ្មានទីបង្ហូរចូល រឺស្តុបទុកសំរាប់ការប្រើប្រាស់ឡើងវិញ។ ទឹក  អាចបណ្តាលអោយមានកាលស្រាំ ស្លែ និងពុកផុយនៃសំណង់ ប្រសិនបើមានការថ្វេសប្រហែស ទៅលើការរចនា រឺការសាសង់របស់និម្មាបនិក វិស្វករ និងកម្មករ។ ផ្ទុយទៅវិញទឹកបែរជាធ្វើអោយសំណង់កាន់តែស្ថិតស្ថេរ នៅពេលដែលអ្នកជំនាញទាំងនោះបានសិក្សាយ៉ាងល្អិតល្អន់ និងមានការថែទាំងពីអ្នកប្រើប្រាស់នៃអគារ។ ជាឧទាហរណ៍ ពហុកីឡាដ្ឋានជាតិអូឡាំពិក បានរចនាហ៊ុំពទ្ធ័ដោយស្រះទឹក និងស្រះលំអដែលនៅជាប់នឹងសសរនៃសាលកីឡាខាងក្នុង។ និម្មាបនិក​ វណ្ណ ម៉ូលីវណ្ណ និងក្រុមវិស្វករបារាំងបានឈ្នះនូវការប្រកួតរចនាពហុកីឡាដ្ឋានជាតិសំរាប់ប្រារព្ធកីឡា ស៊ីហ្គេម អន្តរជាតិនាឆ្នាំ១៩៦៤ ដែលកម្ពុជាបានទ្រៀមធ្វើជាម្ចាស់ផ្ទះ។ ការឈ្នះការប្រកួតប្រជែងនោះក៏ដោយសារគំនិតនៃការបង្កើតអគារដំបូងដែលកើតចេញពីការរចនាបែបស្ថាបត្យកម្មខ្មែរថ្មី ការជីកស្រះដើម្បីយកដីមកសង់អគារ និងការប្រើប្រាស់ធនធានក្នុងស្រុក។  ស្ថាបត្យករមានជំនាញយ៉ាងច្បាស់ និងទេពកោសល្យឈ្លាសវៃក្នុងការទាញយកទឹកពីបរិវេណជុំវិញ ស្តុបទុកក្នុងស្រះ មិនតែប៉ុណ្ណោះ ស្រះទាំងអស់បានជួយបញ្ជៀសជំនន់ទឹកភ្លៀង នាពេលរដូវភ្លៀងម្តងៗថែមទៀត។  តាមការសន្និដ្ឋានរបស់យើង ការបង្កើតស្រះជុំវិញបរិវេណពហុកីឡាដ្ឋាន ក៏ជាផ្នែកមួយសំខាន់ក្នុងការរក្សាលំនឹងនៃសណ្ឋានដី និងបាក់ស្រុតនៃផ្នែកណាមួយនៃអគារនាពេលភ្លៀង និងរំញ័រនៃការបុកគ្រឹះនៅបរិវេណអគារដែលនៅជុំវិញ។

រូបភាពបង្ហាញពីស្រះទឹកនៅជាប់នឹងអាគារនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។
រូបភាពរក្សាសិទ្ធដោយ ៖ ប៉ាន់ វង្សវិចិត្រ។

ទឹកចរន្តត្រជាក់នៃស្ថាបត្យកម្ម

និម្មាបនិក បានព្យាយាមរចនាអគារដោយបញ្ជៀសពីកំដៅព្រះអាទិត្យ និងភាពខ្សត់នៃការទាញយកខ្យល់ធម្មជាតិ ក្នុងបំណងបង្កើតលំហមួយដ៏មានប្រសិទ្ធភាព និងផាសុកភាព។ ដើម្បីដើរតាមគោលការណ៍ទាំងនោះ និម្មាបនិក បានរចនាអគារដែលមានបង្អួចធំៗ ស្លាបព្រិល ដំបូលលឹបលយ និងបើកលំហជាន់ផ្ទាល់ដីសំរាប់អនុញ្ញាតដល់លំហូរខ្យល់ពីខាងក្រៅអគារ ទៅខាងក្នុងអគារ។ ការរចនាទាំងនោះនៅមិនទាន់គ្រាន់នៅឡើយទេសំរាប់ និម្មាបនិក វណ្ណ ម៉ូលីវណ្ណ បើសិនជាគ្មានធ្លាបំលែងពីខ្យល់ត្រជាក់ទៅខ្យល់ក្តៅ។ ដូច្នេះ និម្មាបនិកតែងតែរុញបញ្ចូលនូវ “ទឹក” ទៅក្នុងសំណង់របស់លោកជានិច្ច។ ដូចគ្នានេះដែរ លោកបានរចនាស្រះទឹកខាងក្នុងព័ទ្ធជុំវិញសាលកីឡាខាងក្នុង របស់ពហុកីឡាដ្ឋានជាតិអូឡាំពិក និងសាលមហោស្រពព្រះសុរាម្រិត។ បើនិយាយពីស្រះទឹកដែលស្ថិតនៅខាងក្នុងនៃសាលកីឡាខាងក្នុង ជាលំហដែលបំលែងខ្យល់ពីបរិយាកាសក្តៅ ទៅប៉ះនឹងទឹក ហើយបានបំលែងទៅជាខ្យល់ត្រជាក់នាំយកចូលទៅខាងក្នុងនៃអគារ។ ឧទាហរណ៍ផ្សេងទៀត សំរាប់សាលមហោស្រពព្រះសុរាម្រិត និម្មាបនិកបានរចនាដោយប្តូរចរន្តខ្យល់នៅផ្នែកខាងក្នុង ដោយលំហូរខ្យល់ក្តៅពីខាងក្រៅ កាត់តាមក្រោមអគារ បន្ទាប់មកទៅប៉ះនឹងទឹកក្នុងអាងដែលនៅចន្លោះជណ្តើរ ហើយបំលែងជាខ្យល់ត្រជាក់នាំយកភាពត្រជាក់កាត់តាមលំហជណ្តើរទៅជាន់ខាងលើ ធ្វើចលនាចេញទៅតាមស្លាបព្រិល និងដំបូល។ បន្ថែមពីនេះទៅទៀត និម្មាបនិក វណ្ណ ម៉ូលីវណ្ណបានប្រើប្រាស់របៀបបំលែងខ្យល់ដដែល ប៉ុន្តែក្នុងទំរង់និងទីតាំងផ្សេងមួយទៀត ដោយយើងអាចឃើញនៅផ្នែកខាងលើដំបូលនៃ​ សាកលវិទ្យាល័យភាសាបរទេស។ លោកបានរចនា ដំបូលជារាងសម្បុកឃ្មុំ ដោយមានស្រទាប់ពីរជាន់ ហើយលក្ខណៈទម្រង់នៃរាងដំបូលនោះបានដើរតួនាទីចំបងក្នុងការកាត់បន្ថយកំដៅពីព្រះអាទិត្យ មកលើបេតុង។​ ស្រទាប់ខាងលើនៃដំបូល បានបន្ថយកំដៅដោយសារធាតុត្រជាក់នៃទឹក ដែលស្តុកទុករយៈពេលខ្លីនៅស្រទាប់ដំបូលខាងក្រោម ដោយសារធាតុត្រជាក់របស់ទឹកភ្លៀង។ ទឹកភ្លៀងបានហូរពីផ្នែកខាងលើ ហើយស្តុបទុកនៅផ្នែកខាងក្រោម បន្ទាប់មកខ្យល់ក្តៅដែលហូរតាមប្រលោះចំហៀងនៃដំបូល បានបំលែងទៅជាខ្យល់ត្រជាក់តាមរយៈទឹកនោះ រួចហើយហូរទៅក្នុងបន្ទប់រៀនខាងក្នុងតាមរយៈស្លាបព្រិលនៃអគារ។ ទាំងនេះជាការបំលែងខ្យល់ដ៏មានប្រសិទ្ធភាព ដែលធ្វើអោយរាល់អគាររបស់និម្មាបនិក វណ្ណ ម៉ូលីវណ្ណមានភាពត្រជាក់ ដោយពុំត្រូវការខ្យល់សិប្បនិម្មិត។

ទឹកនិងឥទ្ធិពលនៃស្ថាបត្យកម្មប្រាសាទអង្គរ

តាមការកត់សំគាល់ ព្រះមហាក្សត្រនាសម័យបុរាណខ្មែរ សាងសង់ប្រាសាទក្នុងទិសដៅសាសនា ហើយតែងតែដាក់បញ្ចូលប្រពន្ធ័ទឹកទៅក្នុងការរចនាប្រាសាទជានិច្ច។ ដូចគ្នាដែរ និម្មាបនិក វណ្ណ ម៉ូលីវណ្ណ បានស្វែងរក និងទទួលឥទ្ធិពលពីគំនិតនៃការប្រើប្រាស់ទឹកក្នុងប្រាសាទ មកជាការរចនានៅក្នុងអគាររបស់លោក។ ការជីកស្រះនៅពីមុខ និងមានស្ពានឆ្លងកាត់អគាររដ្ឋបាល នៃសាកលវិទ្យាល័យភាសាបរទេស បានបង្កើតក្នុងគោលបំណង ទាញយកភាពឆ្លុះគ្នារវាងអគារនិងទឹក ព្រមទាំងបង្កើតអារម្មណ័ដែរស្រដៀងគ្នាដូចជាការស្វាគមន៍ពេលដែលយើងឆ្លងកាត់ស្ពាននាគមុខប្រាសាទអង្គរ។ ម្យ៉ាងវិញទៀត និម្មាបនិក ក៏បានទទួលឥទ្ធិពល ពីបច្ចេកទេសនៃការប្រើប្រាស់ទឹកក្នុងបរិវេណប្រាសាទអង្គរ ទៅលើសំណង់របស់លោកដូចជាសំណង់ពហុកីឡាដ្ឋានជាតិអូឡាំពិក និងសាកលវិទ្យាល័យភាសាបរទេស ដែលជាអតីតសាកលវិទ្យាល័យហ្វឹកហ្វឺនគ្រូបង្រៀននាទសវត្សរ៍ទី៦០ផងដែរ។ បើទោះជាលោកមិនបានដាក់បញ្ចូលនៅទិសដៅសាសនាដូចការសាងសង់ប្រាសាទអង្គរក្តី ប៉ុន្តែលោកនៅតែមានភាពឆ្លៀសវៃក្នុងការធ្វើនវានុវត្តន៍ ដែលសមស្របទៅនឹងតម្រូវការ​ និងភាពច្នៃប្រឌិតខ្ពស់។

គំនិតនៃការបង្កើតប្រភពស្តុបទឹក ការបង្កើតទម្រង់ដែលអនុញ្ញាតដល់លំហូរទឹក និងរូបភាពជាច្រើនទៀតដែលទាក់ទងរវាងស្ថាបត្យកម្មនិងទឹក ជាផ្នែកមួយសំខាន់ដែលបានធ្វើអោយស្ថាបត្យកម្ម របស់និម្មាបនិក​ស្ថិតនៅចេរភាព ប្រសិទ្ធភាព មានតម្លៃស្ថាបត្យកម្មពិតប្រាកដ​ដល់អ្នកប្រើប្រាស់ និងកូនចៅជំនាន់ក្រោយដើម្បីសិក្សា និងយកជាគំរូ។ សរុបជារួម ទឹក បានក្លាយទៅជាធាតុសំខាន់មួយក្នុងចំណោមសមាសធាតុដទៃទៀតក្នុងស្ថាបត្យកម្ម មិនមែនមានតែនៅក្នុងស្នាដៃរបស់និម្មាបនិក​ វណ្ណ ម៉ូលីវណ្ណ ប៉ុណ្ណោះទេ ប៉ុន្តែ ទឹកក៏បានក្លាយទៅជាប្រធានបទ និងចំនាប់អារម្មណ៍របស់និម្មាបនិកល្បីៗជាច្រើនទៀត នៅក្នុងស្រុក ក្រៅស្រុក សម័យបុរាណ និងបច្ចុប្បន្នកាល។