គ្រឿងសង្ហារឹមទំនើបពាក់កណ្តាលសតវត្សរ៍(Mid-century Modern)

អត្ថបទដោយ ៖ រឿន វីរៈ

បន្ទប់ទទួលភ្ងៀវមួយតុបតែងលម្អដោយគ្រឿងសង្ហារឹមទំនើបពាក់កណ្តាលសតវត្សរ៍ (Mid-century Modern)។
ដកស្រង់ចេញពីសៀវភៅ “Ameublement et Decoration Modernes” បោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៦១។

តាមការសង្កេតរបស់ខ្ញុំ គេមិនទាន់ឃើញមានការប្រើប្រាស់វាក្យសព្ទ “ទំនើបពាក់កណ្តាលសតវត្សរ៍(Mid-century Modern)” ចំពោះគ្រឿងសង្ហារឹមដែលមានលក់នៅស្រុកយើងច្រើននៅឡើយនោះទេប៉ុន្តែបើសិនជាយើងមានឱកាសដើរទិញគ្រឿងសង្ហារឹមតាមក្រុមហ៊ុនធំៗដូចជា Ikea ជាដើមវិញ យើងនឹងសង្កេតឃើញថា គ្រឿងសង្ហារឹមជាច្រើនដាក់លក់ជាមួយនឹងវាក្យសព្ទមួយនេះ។ គ្រឿងសង្ហារឹមប្រភេទនេះ ទទួលបានការពេញនិយមឡើងវិញខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់ទូទៅនៅឯបរទេស។ បើសិនជាយើងវាយហាស់ថេក(hastag) នៅលើ Instagram ឬក៏ Pinterest យើងនឹងឃើញមានរូបស្អាតៗដែលបង្ហាញពីគ្រឿងសង្ហារឹមប្រភេទបែបនេះជាច្រើនអនេក។ តើអ្វីទៅជាការរចនាគ្រឿងសង្ហារឹមបែប “ទំនើបពាក់កណ្តាលសតវត្សរ៍(Mid-century Modern)”? បើចង់ជ្រាបច្បាស់សូមអានអត្ថបទខាងក្រោមនេះ។

គេឃើញវាក្យសព្ទ “ទំនើបពាក់កណ្តាលសតវត្សរ៍(Mid-century Modern)” មានសរសេឡើងដំបូងបំផុតនៅក្នុងសៀវភៅរបស់អ្នកនិពន្ធ គ្រីនប៊ឺក ខារ៉ា (Cara Greenberg) ដែលមានចំណងជើងថា ៖ Mid-century Modern: Furniture of the 1950s ឬជាបកប្រែភាសាខ្មែរថា ទំនើបកម្មនាពាក់កណ្តាលសតវត្សរ៍ ៖ គ្រឿងសង្ហារឹមនៃទសវត្សរ៍ទី៥០។ អ្នកនិពន្ធរូបនេះបានចងក្រងនូវសៀវភៅអំពីគ្រឿងសង្ហារឹម ដែលមានការរចនាដ៏វិចិត្រទាំងឡាយ ផលិតលក់ និងពេញនិយមនៅក្នុងកំឡុងទស្សវត្សរ៍ទី៥០នៅឯសហរដ្ឋអាមេរិក។ សៀវភៅនេះបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ១៩៨៤ ហើយវាក៏បានជួយឲ្យរសនិយមចំពោះគ្រឿងសង្ហារឹមប្រភេទបែបនេះចាប់កំរើកឡើងវិញផងដែរ ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ២០០០មក យើងឃើញថាការយល់ដឹងពីពាក្យនេះបានជ្រួតជ្រាបចូលក្នុងសង្គមច្រើន មិនថាជាការប្រើប្រាស់ក្នុងគេហដ្ឋាន ឬក៏ការប្រើប្រាស់ក្នុងការិយាល័យនោះទេ។ ដូចនេះហើយបានជាគេប្រើប្រាស់ពាក្យនេះកាន់តែច្រើនឡើងសំរាប់ធ្វើការផ្សព្វផ្សាយខាងផ្នែកទីផ្សារ។ ការពិតទៅគ្រឿងសង្ហារឹមប្រភេទនេះមិនមែនរចនា និងផលិតឡើងដំបូងបំផុតក្នុងទសវត្សរ៍ទី៥០នោះទេ។ ផ្ទុយទៅវិញ ពួកវាភាគច្រើនបានរចនាឡើងក្នុងកំឡុងទសវត្សរ៍ទី២០ ឬក៏ទី៣០ ដូចជាកៅអីប៉ាសេឡូនជាដើម ដែលរចនានិងផលិតឡើងដំបូងនៅក្នុងឆ្នាំ១៩២៩។ ប៉ុន្តែគេត្រូវចាំរហូតដល់ទសវត្សទី៥០ ទើបគេឃើញកៅអីនេះបានចាប់ចរាចរលក់ក្នុងចំនួនដ៏ច្រើនសម្បើមសំរាប់មហាជនទូទៅ។

រូបភាពរក្សាសិទ្ធដោយ ៖ Jean-Philippe Delberghe តាមរយៈ Unsplash
រូបភាពរក្សាសិទ្ធដោយ ៖ Josh Hemsley តាមរយៈ Unsplash
រូបភាពរក្សាសិទ្ធដោយ ៖ Sarah Dorweiler តាមរយៈ  Unsplash

បើទោះបីជាគ្រឿងសង្ហារឹមប្រភេទនេះមិនសូវទទួលការពេញនិយមខ្លាំង ក្នុងកំឡុងពេលក្រោយទស្សវត្សទី៦០ក្តី ក៏វានៅតែត្រូវបានគេប្រើប្រាស់ជាហូរហែរមកដែរ រហូតដល់ទសវត្សរ៍ថ្មីយើងនេះទើបមានផ្ទុះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនទូទៅឡើងវិញ។ ជាធម្មតានៅពេលដែលវត្ថុមួយនៅតែពេញនិយមគ្រប់សម័យកាលក្នុងរយៈពេលយូរអង្វែងមានន័យថាការរចនាម៉ូតរបស់វត្ថុទាំងនោះមានចំណុចទាក់ទាញដែលមិនចេះសាបសូន្យ។ តាមយោបល់ខ្ញុំ គ្រឿងសង្ហារឹមបែប “ទំនើបពាក់កណ្តាលសតវត្សរ៍(Mid-century Modern)” ទាំងនេះរចនាឡើងដោយគិតពីទម្លាប់នៃការប្រើប្រាស់របស់មនុស្សជាចំបង ដែលនេះក៏ឆ្លុះបញ្ជាំងផងដែរពីឥទ្ធិពលទ្រឹស្តីនៃការចនាម៉ូតល្អរបស់សាលារចនាម៉ូតដ៏ល្បីប្រចាំសតវត្សរ៍ទី២០មានឈ្មោះថា បោហោស (Bauhaus)។ ខ្ញុំយល់ស្របនឹងគតិដែលថាគ្រឿងសង្ហារឹមទាំងអស់ត្រូវរចនាឡើងប្រកបដោយសោភណ្ឌទន្ទឹមគ្នានឹងការគិតពីផាសុកភាពរបស់អ្នកប្រើប្រាស់ជាទូទៅ។ ចំណុចមួយទៀតគឺការដែលគេខិតខំខ្នះខ្នែងស្វែងរកវត្ថុធាតុផលិត និងបច្ចេកទេសថ្មីៗឥតឈប់ឈរ ដែលកត្តានេះជួយញ៊ាំងឲ្យផលិតផលទាំងនោះអាចផលិតចេញដោយដើរតាមការអភិវឌ្ឍនៃបច្ចេកវិទ្យារបស់មនុស្សជាតិគ្រប់កាលៈទេសៈ។ ជាទូទៅ គេសង្គេតឃើញថាវត្ថុធាតុផលិតរបស់គ្រឿងសង្ហារឹមទាំងនេះច្រើនធ្វើពីឈើ ប្លាស្ទិក ឬក៏ដែកជាដើម ទៅតាមការយល់ឃើញ និងបរិបទផ្សេងៗរបស់អ្នករចនាម៉ូត។ មួយវិញទៀតភាគច្រើន សមាមាត្ររបស់ផលិតផលទាំងអស់នេះតែងតែមើលទៅសមនឹងភ្នែកឥតខ្ចោះ ដោយវាមិនទាមទារឲ្យអ្នកមើលមានជំនាញផ្នែករចនាម៉ូតអ្វីនោះទេ។ លើសពីនេះ ការរចនាដោយមានខ្សែបន្ទាត់ត្រង់បញ្ឃរ ផ្តេក ឬជារាងខ្សែកោងធម្មជាតិ ដែលភាគច្រើនបង្កើតបានជាទម្រង់រចនាមួយដ៏សាមញ្ញនេះ គឺជាចំណុចពិសេសមួយរបស់អ្នករចនាម៉ូតដែលមានទេពកោសល្យរបស់គ្រឿងសង្ហារឹមប្រភេទទំនើបពាក់កណ្តាលសហសវត្ស(Mid-century Modern)៕

រូបភាពរក្សាសិទ្ធដោយ ៖ Michael Dolejš តាមរយៈ  Unsplash

1 Comment

[…] ប៉ុន្តែដោយមានការបារម្ភពីការប៉ះពាល់ដល់បរិស្ថាន  គេក៏បញ្ឈប់ផលិតកម្មរបស់កៅអីនេះមួយរយៈសិន រហូតដល់មានការរកឃើញវត្ថុធាតុដើមជំនួសថ្មី ជាធាតុប្រើប្រាស់ឡើងវិញមានឈ្មោះថា polypropylene នៅឆ្នាំ២០០១។ ក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនដែលទទួលបានសិទ្ធផលិតកៅអីប្រភេទពាក់កណ្តាលសតវត្សរ៍មួយនេះ ចាប់ផ្តើមផលិតកម្មកៅអីនេះអំពីឈើ ដូចទៅនឹងអ្វីដែលលោក Charles Eames តែងតែប៉ុនប៉ងចង់បានតាំងតែពីដំបូងមកម៉្លេះ។ ទន្ទឹមនឹងនេះកៅអីផលិតពីសរសៃកែវផ្លាស្ទិកដែលមានវិញ្ញាប័ណ្ណបញ្ជាក់ថាមិនប៉ះពាល់ដល់បរិស្ថាន(នៅសហរដ្ឋអាមេរិក)ក៏ត្រូវបានគេចាប់ផ្តើមផលិតឡើងវិញផងដែរ។  […]

Comments are closed.