ដោយ ៖ រឿន វីរៈ
គម្រាងវណ្ណ ម៉ូលីវណ្ណ គឺជាគម្រោងមួយដែលបានចងក្រងសំណុំឯកសារស្តីអំពីអាគារដែលរចនាម៉ូតដោយបិតានិម្មាបនកម្មសម័យទំនើបរបស់ប្រទេសកម្ពុជា។ មហាជនអាចស្វែងរកគំនូសនិម្មាបនកម្ម និងព័ត៌មានផ្សេងៗរបស់លោកតាវណ្ណ ម៉ូលីវណ្ណតាមរយៈតំណភ្ជាប់មួយនេះបានដោយសេរី។
ខ្ញុំបានជួបជជែកសន្ទនាជាមួយបងប៉ែន សិរីបញ្ញា ប្រធាននៃគម្រោងវណ្ណ ម៉ូលីវណ្ណ (TheVannMolyvannProject)មួយនេះ ដើម្បីយល់ដឹងខ្លះៗពីប្រវត្តិនិងដំណើរការរបស់គម្រោងនេះ។ ខ្ញុំស្គាល់បងបញ្ញាតាំងពីពេលដែលខ្ញុំរៀនឆ្នាំទីពីរមកម្ល៉េះ ហើយគាត់បានជួយត្រួសត្រាយផ្លូវក្នុងវិស័យនិម្មាបនកម្មដល់ខ្ញុំផងដែរ។ ពេលខ្លះ យើងធ្វើការជាមួយគ្នាទៀតផង។
ខាងក្រោមនេះគឺជាកិច្ចសន្ទនាទាំងស្រុងជាភាសាខ្មែរ ដែលខ្ញុំបានប្រែសម្រួលន័យខ្លះៗ ដើម្បីឲ្យអ្នកអានងាយស្រួលយល់សេចក្តីលម្អិតបានក្បោះក្បាយ។
រឿន វីរៈ ៖ ជម្រាបសួរបងបញ្ញា! អរគុណច្រើនដែលបងបានផ្តល់ឱកាសឲ្យខ្ញុំបានជជែកជាមួយទាក់ទងនឹងគម្រោងវណ្ណ ម៉ូលីវណ្ណ។ ជាដំបូងខ្ញុំចង់សួរបងថា តើអ្វីគឺជាគម្រោងវណ្ណ ម៉ូលីវណ្ណ? ហើយវាមានគោលដៅអ្វីដែរ? ហើយសម្រេចបានប៉ុន្មានភាគរយហើយ?
ប៉ែន សិរីបញ្ញា ៖ គម្រោង វណ្ណ ម៉ូលីវណ្ណ យើងធ្វើឡើងដើម្បី ទីមួយគឺយើងព្យាយាមកសាងជាឯកសារ ជាពិសេសទៅលើស្នាដៃរបស់លោកតាវណ្ណ ម៉ូលីវណ្ណ ហើយនឹងអ្នកដទៃទៀតដែលធ្វើការជាមួយគាត់នៅក្នុងសម័យទសវត្សឆ្នាំ៥០និង៦០។ ក្នុងគម្រោងនេះ ខ្ញុំធ្វើការជាលក្ខណៈបីផ្នែក។ ផ្នែកទីមួយ យើងចងក្រងឯកសារ ដើម្បីទុកជាបណ្ណាសារឬបណ្ណាល័យឲ្យអ្នកជំនាន់ក្រោយ។ ទីពីរ ដើម្បីសាបព្រួសចំណេះដឹងអំពីស្ថាបត្យកម្មរបស់គាត់ដល់សាធារជន តាមរយៈការតាំងពិព័រណ៍ ការធ្វើបឋកថា ឬក៏បទបង្ហាញផ្សេងៗ ដែលយើងបានធ្វើកន្លងមកនៅក្នុងប្រទេសនិងក្រៅប្រទេស។ ហើយទីបីគឺ ដើម្បីបង្កើតទំនាក់ទំនងរវាងសិស្សនៅក្នុងនិងក្រៅប្រទេសឬក៏អ្នកស្រាវជ្រាវក្នុងប្រទេសនិងក្រៅប្រទេសផ្សេងៗដែលចាប់អារម្មណ៍ទៅលើចលនាស្ថាបត្យកម្មខ្មែរថ្មីនៅក្នុងកំឡុងទសវត្សឆ្នាំ៥០ឬក៏៦០ ជាពិសេសទៅលើលោកតាវណ្ណ ម៉ូលីវណ្ណ ហើយតាមរយៈការសហការនេះដែរ គឺយើងចង់បានន័យថា បំពេញចន្លោះការខ្វះខាតដែលវាកើតមានឡើងនៅសម័យប៉ុល ពត ព្រោះថានៅសម័យប៉ុល ពត នៅខ្មែរយើងមានបាត់បង់ធនធានមនុស្សជាច្រើន អញ្ជឹងហើយគម្រោងមួយនេះនឹងដើរតួនាទីដើម្បីបំពេញចន្លោះនេះតាមរយៈការប្រមូលផ្តុំឯកសារ ស្រាវជ្រាវ ឬក៏ការសហការគ្នា។
រឿន វីរៈ ៖ ចំពោះសំណួរទីពីរ ខ្ញុំចង់សួរពីបទពិសោធន៍បងផ្ទាល់វិញ តើបងចូលរួមគម្រោងមួយនេះនៅពេលណាដែរ? ហើយដោយវិធីណាដែរ?
ប៉ែន សិរីបញ្ញា ៖ ខ្ញុំចូលរួមនៅឆ្នាំ២០០៩។ ពេលនោះ ខ្ញុំចូលរួមជាមួយក្រុមទេសចរណ៍ស្ថាបត្យកម្មខ្មែរ (KhmerArchitectureTours) បានជាប៉ុន្មាន២ខែមុនហើយ។ ហើយបន្ទាប់មកក៏មានគម្រោងមួយនេះ។ កាលហ្នឹង Billដែលជាស្ថាបនិកចាប់ផ្តើមគម្រោងវណ្ណ ម៉ូលីវណ្ណមកខ្មែរកាលពីឆ្នាំ២០០៩ ហើយគាត់បាននាំក្រុមសិស្សមកពីសាកលវិទ្យាល័យYaleមួយក្រុម ដើម្បីធ្វើការសម្រង់ខ្នាតអាគារលោកតាវណ្ណ ម៉ូលីវណ្ណ ហើយកាលនោះគាត់ចង់សហការជាមួយសិស្សនៅសាលារចនា ហើយគាត់ស្គាល់បងសុខលីដែលធ្វើការជាមួយក្រុមទេសចរណ៍ស្ថាបត្យកម្មខ្មែរ (KhmerArchitectureTours) ហើយខ្ញុំក៏បានស្គាល់បងសុខលីដែរ នៅពេលដែលខ្ញុំជួយគាត់ក្នុងការងារផ្នែកខ្លះនៃសារណារបស់គាត់។ អញ្ជឹងហើយបងសុខ លីក៏បានណែនាំឲ្យខ្ញុំស្គាល់គម្រោងមួយនេះ។ ហើយខ្ញុំក៏ទៅជួបBill ហើយក៏និយាយជាមួយគាត់ថាខ្ញុំចង់ធ្វើការក្នុងគម្រោង ហើយខ្ញុំក៏ធ្វើវាតាំងពីពេលនោះមក។ តាំងពីខ្ញុំនៅជាសិស្សនៅឡើយ។
រឿន វីរៈ ៖ បងនៅជាសិស្សឆ្នាំទីប៉ុន្មានដែរពេលនោះ?
ប៉ែន សិរីបញ្ញា ៖ និយាយទៅ តាំងពីខ្ញុំនៅឆ្នាំទីពីរ។
រឿន វីរៈ ៖ វាជាគម្រោងមួយដ៏ប្រពៃមែនទែន!
ចំពោះសំណួរទីបី ខ្ញុំចង់សួរពីមតិយោបល់របស់បងចំពោះនិម្មាបនកម្មរបស់លោកតា វណ្ណ ម៉ូលីវណ្ណ។ បងយល់ថាម៉េចដែរ?
ប៉ែន សិរីបញ្ញា ៖ និយាយទៅ ទីមួយ វាទាក់ទងច្រើនទៅនឹងបរិបទរបស់ប្រទេសខ្មែរយើង នេះបើនិយាយទាក់ទងការរចនាស្ថាបត្យកម្មរបស់គាត់។ វាទាក់ទងជាមួយនឹងអាកាសធាតុផ្សេងៗ ទាក់ទងនឹងបរិបទវប្បធម៌ ទាក់ទងនឹងបរិបទនៃការរស់នៅផ្សេងៗ។ ប៉ុន្តែគាត់នៅតែរកអ្វីដែលថ្មី ដែលពេលនោះយើងបានដឹងហើយថា នៅក្នុងពិភពលោកមានលេចឡើងនូវចលនាស្ថាបត្យកម្មទំនើប។ តាមរយៈការអប់រំរបស់គាត់ ដែលគាត់បានរៀននៅប៉ារីណឹង គឺគាត់បានយកចលនានោះមក ប៉ុន្តែគាត់អត់មានយកមកទាំងដុលទេ បានន័យថាគាត់បានបំលែងទស្សននិយមនេះទៅតាមអាកាសធាតុ វប្បធម៌ផ្សេងៗរបស់ខ្មែរយើង ហើយបញ្ចូលគ្នាទៅឲ្យក្លាយទៅជាស្ថាបត្យកម្មមួយដែលប្លែក ប៉ុន្តែជារបស់ខ្មែរ ជារបស់គាត់។ ចង់និយាយថាវាប្លែកជាងគេ។ ក្នុងភាសានៃការរចនាស្ថាបត្យកម្ម យើងនិយាយបានថា វាមានភាពច្នៃប្រឌិតមួយដែលមានអត្តសញ្ញាណមួយជារបស់ខ្លួនឯងដែលមិនមែនចេះតែចំលងយកទាំងដុលពីគេ មិនដូចសម័យឥលូវ ភាគច្រើនមានតែចំលងយកទាំងដុលពីគេតែម្តង។
ចំពោះស្តាតអូឡាំពិក វាជាស្ថាបត្យកម្មបែបធរណី (earthen architecture)។ អញ្ជឹងអាគារទាំងអស់ណឹង សាងឡើងដោយប្រើបច្ចេកទេសពូនដីតាមរបៀបអង្គរ នឹងដោយប្រើបច្ចេកទេសទឹក
រឿន វីរៈ ៖ និយាយទៅដូចដែលខ្ញុំបានប្រាប់បងកាលពីកន្លងមកអញ្ជឹង កាលពីពេលខ្ញុំកំពុងតែសរសេអត្ថបទស្រាវជ្រាវសំរាប់ថ្នាក់អនុបណ្ឌិតរបស់ខ្ញុំនៅទីក្រុងឡុងដ៍ ខ្ញុំបានប្រទះភ្នែកនឹងអត្ថបទវិចារណកថាមួយរបស់លោកតាវណ្ណ ម៉ូលីវណ្ណបោះពុម្ពផ្សាយក្នុងឆ្នាំ១៩៦៥។ គាត់ក៏បាននិយាយពីអ្វីដែលស្រដៀងនឹងការលើកឡើងរបស់បងដែរ។
ចំពោះសំណួរទី០៤ ខ្ញុំចង់សួរថាបងចូលចិត្តអាគាររបស់លោកតាវណ្ណ ម៉ូលីវណ្ណណាមួយជាងគេ?
ប៉ែន សិរីបញ្ញា ៖ បើនិយាយទៅគឺអាគារស្តាតអូឡាំពិក។ ចំពោះស្តាតអូឡាំពិក វាជាស្ថាបត្យកម្មបែបធរណី (earthen architecture)។ អាគារទាំងអស់ណឹង សាងឡើងដោយប្រើបច្ចេកទេសពូនដីតាមរបៀបអង្គរនិងដោយប្រើបច្ចេកទេសទឹក ជាភាសាអង់គ្លេសគេហៅថាhydraulic system ។ ភាគច្រើនការរចនារបស់អាគារទាក់ទងទៅនឹងប្រភេទអាកាសធាតុ ចីរភាពនៃសំណង់ ព្រោះថាគាត់អត់ប្រើបេតុងទាំងស្រុងទេ គ្រាន់តែបេតុងពាក់កណ្តាល ទឹកឬក៏ដីពាក់កណ្តាលចូលគ្នា។ ហើយមើលទៅវាមានលំហបើកធំទូលំទូលាយនិងមានតម្លាភាព ហើយទីបី ចំពោះការរចនាស្តាតណឹង គាត់អត់មានរៀបរៀងជាកម្មវិធីស្ថាបត្យកម្មច្បាស់លាស់ដែលកំណត់ថាកន្លែងនេះគាត់រចនាបែបនេះ អញ្ជឹងមហាជនត្រូវប្រើប្រាស់តាមការកំណត់ក្នុងស្ថាបត្យកម្មរបស់គាត់ទេ។ ប៉ុន្តែនៅស្តាត គឺគាត់គ្រាន់តែរចនាលំហមួយឲ្យវាក្លាយទៅជាពហុមុខងារ ដូចជានៅក្រោមដំបូលផ្សិតនៅកន្លែងអាងហែលទឹក យើងឃើញមានគេលក់អីវ៉ាន គេរាំ គេទាត់បាល់ គេដើរលេងជាដើម។ អាគាររបស់គាត់អត់មានកំហិតកម្មវិធីទេ។ កម្មវិធីទាំងអស់គឺស្រាច់តែលើមនុស្សដែលប្រើប្រាស់លំហរបស់គាត់។
រឿន វីរៈ ៖ វាអត់ដូចការរចនាលំហូរទស្សនាចរណ៍របស់អាគារពួករូម៉ាំងទេ ដែលភាគច្រើនគឺនិម្មាបនិកគឺជាអ្នកដាក់កំហិតឲ្យអ្នកប្រើប្រាស់។
ហើយចំពោះសំណួរទី០៥ ខ្ញុំចង់សួរពីទស្សនៈបងផ្ទាល់ចំពោះនិម្មាបនកម្ម។ ដូចចំពោះឡឺ ក័រប៉ុយស៊ីយ៉េ គាត់ឲ្យនិយមន័យនិម្មាបនកម្ម នៅពេលណាដែលនិម្មាបនិកអាចធ្វើឲ្យអ្នកប្រើប្រាស់លំហរំជួលចិត្តដោយការប្រើប្រាស់វត្ថុធាតុដើមសំណង់ ការជ្រាបចូលពន្លឺព្រះសូរិយាជាដើម។
ប៉ែន សិរីបញ្ញា ៖ និយាយរួមទៅ ខ្ញុំនៅតែកំពុងដកពិសោធន៍ពីវានៅឡើយ។ ខ្ញុំអត់ទាន់មានជាទស្សនទានជាក់លាក់ណាមួយនៅឡើយទេ។ ប៉ុន្តែបើតាមអ្វីដែលខ្ញុំធ្លាប់ធ្វើកន្លងមក ខ្ញុំគិតថាធ្វើអ្វីក៏ដោយ វាត្រូវតែដើតាមបរិបទ។ ពាក្យថាបរិបទមួយម៉ាត់នេះ វាអាចជាភូមិសាស្ត្រ កាត្តាអាកាសធាតុ វប្បធម៌ ប្រពៃណី ឬលក្ខណៈជីវសាស្រ្តផ្សេងៗណឹង។ អញ្ជឹងនៅពេលដែលយើងសិក្សាអ្វីក៏ដោយ វាត្រូវតែទាក់ទងទៅនឹងបរិបទទាំងអស់ណឹង។ មើលពីបទបង្ហាញពង្សាវត្តានៅលើទីតាំងនោះ ថាវាយ៉ាងម៉េចដែរ។ ទីពីរខ្ញុំគិតថាស្ថាបត្យកម្មដែលល្អ វាត្រូវទាក់ទងនឹងវត្ថុធាតុដើមសំណង់ដោយឲ្យវត្ថុធាតុទាំងនោះធ្វើស្វ័យបរិយាយ។ ឧទាហរណ៍ បេតុង វាមានពណ៍ប្រផេះ អញ្ជឹងយើងត្រូវឲ្យបុគ្គលិកលក្ខណៈធម្មជាតិរបស់វាលេចចេញមកក្រៅ។ យើងមិនចាំបាច់លាក់វាទេ។ ភាគច្រើនខ្ញុំតែងតែប្រើប្រភេទវត្ថុធាតុដើមសំណង់ជាប្រភេទraw materialsតែម្តង ព្រោះខ្ញុំគិតថាយើងមិនចាំបាច់លាក់លៀមឬលាបព័ណលើraw materialsអីទាំងនោះទេ គឺយើងត្រូវបង្ហាញបុគ្គលិកលក្ខណៈរបស់ធាតុផ្សំក្នុងសំណង់ទាំងនោះមកក្រៅទាំងអស់តែម្តង។ ហើយទីបីទៀត ខ្ញុំគិតថា បើសិនជាស្ថាបត្យកម្មដែលល្អណឹង វាក៏ទាក់ទងជាមួយនឹងការយល់ដឹងច្បាស់ពីខ្លួនឯងដែរ។ ភាគច្រើន បើស្ថាបត្យករដឹងពីខ្លួនឯង ស្គាល់សង្គមដែលយើងរស់នៅ ឬក៏ឥទ្ធិពលពីទីកន្លែងដែលយើងធ្លាប់ទៅដល់ ក៏អាចយកកាត្តាទាំងអស់ណឹងជាចំណុចក្នុងការរចនាដែរ។ ដូចលោកតាវណ្ណ ម៉ូលីវណ្ណ គាត់រៀនមកពីបារាំងអញ្ចឹង ការសិក្សារបស់គាត់រមែងជះឥទ្ធិពលមកលើការរចនាស្ថាបត្យកម្មរបស់គាត់។ ពេលដែលគាត់មកធ្វើនៅខ្មែរ គាត់ប្រើបេតុង ប៉ុន្តែគាត់សំលឹងមើលបរិបទរបស់ខ្មែរយើងវិញ។ ទាំងនេះគឺជាមេរៀន និងបទពិសោធន៍ទាំងអំបាលម៉ាន ដែលខ្ញុំបានរៀនពីគាត់។
រឿន វីរៈ ៖ អ៊ីចឹង តើបងទទួលយកគម្រោងរចនានិម្មាបនកម្មពីក្រៅទេ បើសិនជាមានគេចាប់អារម្មណ៍?
ប៉ែន សិរីបញ្ញា ៖ ខ្ញុំមានសេចក្តីសោមន្សចំពោះចំណាប់អារម្មណ៍ ប៉ុន្តែជួនកាលខ្ញុំនឹងអាចច្រានចោលគម្រោងខ្លះក៏ថាបាន។
រឿន វីរៈ ៖ សំណួរចុងបញ្ចប់ហើយបង តើគម្រោងវណ្ណ ម៉ូលីវណ្ណ នឹងមានសកម្មភាពអ្វីខ្លះនាពេលអនាគត?
ប៉ែន សេរីបញ្ញា ៖ ពួកយើងបានធ្វើច្រើន ចំពោះបេសកម្មបីដែលខ្ញុំបានរៀបរាប់ខាងលើ។ ប៉ុន្តែយើងនៅបន្តបេសកម្មទាំងនេះដដែល ព្រោះយើងចង់រក្សាគម្រោងនេះឲ្យចប់សព្វគ្រប់។ ប៉ុន្តែអាគាររបស់លោកតាខ្លះ យើងអត់ទាន់បានចុះបញ្ជីធ្វើឯកសារនៅឡើយទេ ចឹងហើយយើងចង់បញ្ជប់គម្រោងទាំងអស់របស់គាត់ ដោយយើងព្យាយាមធ្វើឯកសារអាគារបន្ថែម។ ប៉ុន្តែថែមពីលើណឹងទៀត យើងកំពុងតែបន្ថែមប្រត្តិបត្តិការ ទៅលើការស្រាវជ្រាវស្តីពីស្ថាបត្យកម្មទំនើបនិងសហសម័យ។ ទីពីរទៀត គឺបង្កើតក្រុមចងក្រងឯកសារ ដោយសារឥលូវយើងមាន គម្រោងវណ្ណ ម៉ូលីវណ្ណ គម្រោងរោងកុននិងគម្រោងផែនទី ហើយយើងមាន ជាកន្លែងធ្វើការសមូហភាព វិចិត្រសាល ហើយនិងបណ្ណាល័យ។ ការិយាល័យរបស់យើងស្ថិតនៅក្នុងតំបន់សង្កាត់ជនជាតិចិនពីដើម។ យើងក៏នឹងចាប់ផ្តើមបោះពុម្ពផ្សាយជាលក្ខណៈអនឡាញ ឬក៏ជាសៀវភៅនៅពេលខាងមុខ។ ទាំងនេះជាសកម្មភាពដែលយើងនឹងធ្វើ ប៉ុន្តែយើងនឹងធ្វើកិច្ចការទាំងនេះដោយសន្សឹមៗ។
រឿន វីរៈ ៖ គម្រោងទាំងនេះពិតជាអស្ចារ្យមែនទែន។ អរគុណបងបញ្ញាច្រើនដែលបានអនុញ្ញាតឲ្យខ្ញុំអាចជជែកជាមួយបង។ សូមអរគុណបង ហើយសូមជំរាបលា!
ប៉ែន សិរីបញ្ញា ៖ បាទ អរគុណច្រើន។ ជំរាបលា!