ដោយ ៖ រឿន វីរៈ
ហេតុអ្វីបានជាផ្ទៃបេតុងរបស់អាគាររចនាដោយនិម្មាបនិក វណ្ណ ម៉ូលីវណ្ណ មានខ្សែបន្ទាត់ដេកនិងឈរ?
នៅពេលដែលគេពិនិត្យមើលអាគាររចនាដោយនិម្មាបនិក វណ្ណ ម៉ូលីវណ្ណ គេតែងតែសង្កេតឃើញថា ជាទូទៅគាត់តែងតែទុកឲ្យផ្ទៃបេតុងនៃអាគាររបស់គាត់ នៅមើលឃើញផ្ទាល់នឹងនេត្រាទទេ។ គាត់មិនបានព្យាយាមបិទបាំងបេតុងដោយការលាបព័ណ៌ឬក៏បិទសម្ភារៈសំណង់ផ្សេងទៀតបន្ថែមពីលើវាឡើយ ហើយមួយវិញទៀតផ្ទៃបេតុងទាំងនោះតែងតែមានខ្សែឆ្នូតបន្ទាត់ផ្ដេកឬក៏ឈរនៅពាសពេញផ្ទៃបេតុងទាំងមូល។ តើនេះមកពីហេតុអ្វីទៅ?
ភាគច្រើននិម្មាបនិកដែលទទួលឥទ្ធិពលពីមនោគមវិជ្ជារបស់និម្មាបកម្មសម័យទំនើបនៅដើមសតវត្សរ៍ទី២០ ជាពិសេសមនោគតិរបស់លោក ឡឺ ក័រប៉ុយស៊ីយ៉េ តែងតែព្យាយាមរក្សាទុកឲ្យបេតុងរក្សានូវរូបរាងដើមសុទ្ធសាធ។ បើសិនជាវត្ថុធាតុដើមសំណង់នោះមានព័ណ៌ប្រផេះ នោះវាត្រូវតែនៅជាព័ណ៌ប្រផេះ។ ធ្វើដូចនេះដើម្បីធ្វើឲ្យអ្នកទស្សនាអាចយល់ច្បាស់បានពីលក្ខណៈរបស់គ្រឿងបង្គុំសំណង់ទាំងអស់នៅក្នុងអាគារ។ ហើយខ្សែឆូតនានានៅលើផ្ទៃបេតុង វាស្តែងឲ្យយល់បានពីរបៀបចាក់ពុម្ពបេតុង។ ជាធម្មតា ដើម្បីផលិតបេតុងឡើង គេត្រូវរៀបល្បាយនៃធាតុផ្សំឲ្យសព្វគ្នាតាមលក្ខខណ្ឌបច្ចេកទេស រួចហើយគេនឹងចាក់បេតុងនោះចូលទៅក្នុងពុម្ពដែលភាគច្រើនធ្វើពីបន្ទះឈើ។ អ៉ីចឹងហើយ បើសិនជាគេគ្រាន់តែក្រឡេកមើលនូវសំណង់របស់លោក វណ្ណ ម៉ូលីវណ្ណ គេនឹងដឹងច្បាស់ភ្លាមពីរបៀបដែលជាងចាក់ពុម្ពបេតុងក្នុងអាគាររបស់គាត់។ ខ្សែបន្ទាត់ផ្តេក និងឈរទាំងនោះជាសំណាកបន្ទះឈើចាក់ពុម្ពបេតុងទាំងនោះ។
ក្នុងចំនោមនិម្មាបនិកទំនើបទាំងឡាយ លោតា វណ្ណ ជក់ចិត្តនឹងស្នាដៃរបស់និម្មាបនិកអាមេរិក Paul Rudolph ខ្លាំងជាងគេ។ ខ្ញុំគិតថានេះក៏ជាហេតុផលមួយទៀតផងដែរ ដែលលោកតា វណ្ណ រក្សាទុកខ្សែដេក និងឈរនៅលើផ្ទៃបេតុងរបស់គាត់។ កាលពិតពីដំបូងឡើយ លោក Paul Rudolph រចនាអាគាររបស់គាត់ដោយទុកនូវផ្ទៃបេតុងឲ្យរលោងស្មើ ប៉ុន្តែចាប់តាំងពីការរចនាអាគារចំណតរថយន្តនៅ ញ៉ូហេវិន សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៦៣មក និម្មាបនិកមួយនេះក៏បានចាប់ផ្តើមផ្លាស់ប្តូរសភាពផ្ទៃបេតុងលើអាគាររបស់គាត់ពីសភាពដុះខាត់រលើបរលោងមកជាគ្រឺមហើយមានខ្សែបន្ទាត់រត់ចុះឡើងវិញម្តង។ លោក Rudolph រិះគន់អ្នកម៉ៅការសំណង់ខាងការងារបេតុងនៅអាមេរិកថា ពួកគេមោទនភាពជ្រុលក្នុងការធ្វើឲ្យផ្ទៃបេតុងរលោងដូចផ្ទៃលោហធាតុ ដោយគាត់និយាយថា ៖ “បេតុងគឺជាភក់។ ខ្ញុំធ្វើការជាមួយបេតុង មិនមែនប្រឆាំងនឹងវានោះទេ។ ខ្ញ៉ំចូលចិត្តភក់។”
ក្នុងពេលបច្ចុប្បន្ន យើងឃើញថាការប្រើប្រាស់ផ្ទៃបេតុងក្នុងការលម្អមានការពេញនិយមច្រើនមិនចាញ់កាលពីទសវត្សរ៍៦០ឬក៏៧០នោះទេ។ អ្នកខ្លះព្យាយាមធ្វើឲ្យផ្ទៃបេតុងភ្លឺរលោងដូចផ្ទៃវត្ថុធាតុដើមធម្មជាតិផ្សេងៗ ហើយអ្នកខ្លះទៀតទុកខ្សែដេកឬក៏ឈរនៅលើផ្ទៃបេតុងដោយមានមើលឃើញនូវស្លាកស្នាមដូចជាឈើនៅលើផ្ទៃបេតុងក៏មាន។ នេះគឺជាវិធីមួយដែលនិម្មាបនិកផ្សេងៗព្យាយាមធ្វើឲ្យបេតុងដែលគេគិតថាមិនមែនជាវត្ថុធាតុដើមធម្មជាតិប្រែក្លាយទៅជាធម្មជាតិវិញ។ ខ្ញុំសូមហៅវាថាជា “ធម្មជាតិកម្មបេតុង”។ ខ្ញុំសូមលើកយកការវែកញែកពិភាក្សាពីទស្សនៈ “ធម្មជាតិកម្មបេតុង” ទៅអត្ថបទលើកក្រោយៗទៀត។