គ្រឿងសង្ហារឹមពាក់កណ្តាលសតវត្សរ៍(Mid-Century) ៖ កៅអី អ៉ីមស៍ (Eames Chair)

អត្ថបទដោយ ៖ រឿន វីរៈ

កៅអីអ៉ីមស៍ជាច្រើនប្រភេទផ្សេងគ្នា។
រូបភាពរក្សាសិទ្ធដោយ ៖ Hermin Miller។

អ្នកទាំងអស់គ្នាប្រហែលជាបានប្រទះភ្នែកឃើញ ឬក៏ធ្លាប់បានអង្គុយលើកៅអីមួយមួយនេះគ្រប់ៗគ្នាជាក់ជាមិនខាន។ នៅស្រុកយើង ខ្ញុំសង្កេតឃើញមានគេលក់វាយ៉ាងព្រោងព្រាត និងចំរុះពណ៌ផ្សេងៗតាមហាងលក់គ្រឿងសង្ហារឹមទូទៅ។ ប៉ុន្តែភាគច្រើនទ្រនាប់អង្គុយខាងលើរបស់កៅអីមួយនេះ តែងតែតែធ្វើពីជ័រហើយជើងវាវិញអាចធ្វើពីឈើ ឬក៏ដែកក៏មានដែរ។ ផលិតផលកៅអីដែលដាក់លក់ព្រោងព្រាត ឬក៏អ្នកទាំងគ្នាធ្លាប់បានប្រើប្រាស់ទាំងអស់នោះមិនមែនជាផលិតផលដែលផលិត និងរចនាឡើងដោយអ្នករចនាម៉ូតដើមរបស់វានោះទេ។ ភាគច្រើនកៅអីទាំងអស់នេះ គឺជាវត្ថុចំលងម៉ូតតាមកៅអីដែលគេរចនាឡើងនៅប្រហែលកំឡុងទសវត្សរ៍ទី៥០ ហើយត្រូវបានគេស្គាល់ឈ្មោះថា “កៅអីអ៉ីមស៍ (The Eames Chair)”។ កៅអីអ៉ីមស៍ដ៏ពេញនិយមនេះត្រូវបានរចនា និងអភិវឌ្ឈឡើងដោយសិល្បករអាមេរិកពីរនាក់ប្តីប្រពន្ធឈ្មោះថា Charles និង Ray Eames ហើយគេបានផលិតវាក្នុងចំនួនច្រើនដំបូង និងដាក់លក់វាជាផ្លូវការនៅឆ្នាំ១៩៤៨។

ការពិតទៅ ដំបូងឡើយលោក Charles Eames និង លោក Eero Saarinen បានចាប់ផ្តើមធ្វើការរួមគ្នាក្នុងការរចនា និងផលិតកៅអីធ្វើពីក្តារបន្ទះប្រភេទplywood ក្នុងឆ្នាំ១៩៣០។ គោលគំនិតចំបងក្នុងការផលិតកៅអីនេះ គឺគេធ្វើយ៉ាងណាពត់ក្តារបន្ទះនេះ ឲ្យចេញជារាងទ្រនាប់អង្គុយភ្ជាប់ជាមួយបង្អែក ដោយប្រើប្រាស់ក្តារបន្ទះតែមួយសន្លឹកគត់។ នៅឆ្នាំ១៩៤០ ពួកគេទាំងពីរក៏បានយកម៉ូតកៅអីនេះទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីរចនាកៅអីរបស់សារមន្ទីរសិល្បៈទំនើបនៅក្រុងញ៉ូយ៉ក ហើយក្នុងនោះ ពួកគាត់ទទួលបានចំណាត់ថ្នាក់លេខមួយ ហើយកៅអីខ្លះត្រូវបានផលិតឡើង។

កៅអីក្តារបន្ទះ plywood រចនាដោយលោក Charles Eames និង លោក Eero Saarinen។
រូបភាពរក្សាសិទ្ធដោយ ៖ Hermin Miller។

ម៉ូតកៅអីដំបូងបំផុតដែលផលិតឡើងតាមគោលគំនិតដើមរបស់លោក Charles Eames ដោយរួមសហការនឹងប្រពន្ធគាត់ Ray Eames បានធ្វើឡើងនៅឆ្នាំ១៩៤១។ ប៉ុន្តែប្តីប្រពន្ធមួុយគូនេះ នៅតែមិនអាចសម្រេចការផលិតតាមអ្វីដែលពួកគេចង់បានទាំងស្រុងនៅឡើយនោះទេ ដោយបង្អែកកៅអី និងទ្រនាប់អង្គុយនៅតែដាច់ចេញពីគ្នានៅឡើយ ដោយវាមិនមែនផលិតឡើងដោយក្តារបន្ទះតែមួយផ្ទាំងដូចអ្វីដែលពួកគេចង់បាន។  ប៉ុន្តែនៅឆ្នាំ១៩៥០ Charles និង Ray Eames បានសម្រេចគោលបំណងរបស់ខ្លួនដោយបានបញ្ចូនកៅអីរចនាដោយគោលគំនិតដើម ចូលរួមការប្រកួតប្រជែងមួយក្រោមឈ្មោះថា ៖ International Competition for Low-Cost Furniture Design ធ្វើឡើងដោយសារមន្ទីរសិល្បៈទំនើបដដែល ហើយទទួលបានចំណាត់ថ្នាក់លេខពីរ។ កៅអីនេះធ្វើឡើងពីលោហធាតុដែកពាសពីក្រៅជុំវិញដោយធាតុ neoprene។ វត្ថុធាតុដើមទាំងនេះធ្វើឲ្យកៅអីនេះមានតំលៃថ្លៃមែនទែន ទើប Charles និងRay ចាប់ផ្តើមស្វែងរកវត្ថុធាតុដើមថ្មីយកមកធ្វើកៅអី ដើម្បីឲ្យវាមានតំលៃថោក ងាយស្រួលឲ្យអ្នករាល់គ្នាអាចទិញយកទៅប្រើប្រាស់បាន។ ទីបំផុតវត្ថុធាតុដើមថ្មីមានឈ្មោះថា សរសៃកែវ(fiberglass)ក្នុងផ្លាស្ទិក ក៏ត្រូវគេយកប្រើប្រាស់ផលិតកៅអីទាំងអស់នេះមកទល់នឹងសព្វថ្ងៃនេះ។

កៅអីអ៉ីមស៍ផ្សេងៗគ្នា រចនាដោយ Charles និង Ray Eames ធ្វើពីសរសៃកែវ(fiberglass)ក្នុងផ្លាស្ទិក។
រូបភាពរក្សាសិទ្ធដោយ ៖ Hermin Miller។

ប៉ុន្តែដោយមានការបារម្ភពីការប៉ះពាល់ដល់បរិស្ថាន  គេក៏បញ្ឈប់ផលិតកម្មរបស់កៅអីនេះមួយរយៈសិន រហូតដល់មានការរកឃើញវត្ថុធាតុដើមជំនួសថ្មី ជាធាតុប្រើប្រាស់ឡើងវិញមានឈ្មោះថា polypropylene នៅឆ្នាំ២០០១។ ក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនដែលទទួលបានសិទ្ធផលិតកៅអីប្រភេទពាក់កណ្តាលសតវត្សរ៍មួយនេះ ចាប់ផ្តើមផលិតកម្មកៅអីនេះអំពីឈើ ដូចទៅនឹងអ្វីដែលលោក Charles Eames តែងតែប៉ុនប៉ងចង់បានតាំងតែពីដំបូងមកម៉្លេះ។ ទន្ទឹមនឹងនេះកៅអីផលិតពីសរសៃកែវផ្លាស្ទិកដែលមានវិញ្ញាប័ណ្ណបញ្ជាក់ថាមិនប៉ះពាល់ដល់បរិស្ថាន(នៅសហរដ្ឋអាមេរិក)ក៏ត្រូវបានគេចាប់ផ្តើមផលិតឡើងវិញផងដែរ។ 

រូបភាពបង្ហាញពីកៅអីអ៉ីមស៍ផលិតឡើងដោយក្រុមហ៊ុនដែលទិញសិទ្ធផលិត។
រូបភាពរក្សាសិទ្ធដោយ ៖ Hermin Miller។
រូបភាពបង្ហាញពីកៅអីអ៉ីមស៍ផលិតឡើងដោយក្រុមហ៊ុនដែលទិញសិទ្ធផលិត។
រូបភាពរក្សាសិទ្ធដោយ ៖ Hermin Miller។

កៅអីអ៉ីមស៍នេះមានតំលៃថ្លៃជាមធ្យមចាប់ពី៥០០ ទៅដល់២០០០ដុល្លាអាមេរិក(តំលៃនៅសហរដ្ឋអាមេរិក)។ ដូចនេះហើយទើបបានជាផលិតផលកៅអីអ៉ីមស៍ពិតប្រាកដប្រហែលជាពិបាករកជាវបន្តិចនៅស្រុកយើង។