កាល និង អាកាស _ ទម្រង់​នៃពេលក្នុងស្ថាបត្យកម្ម​ (ភាគ១)

  សម្រាប់អត្ថបទខ្លីថ្ងៃនេះ យើងសូមធ្វើការវិភាគក៏ដូចជាការពិភាក្សាទៅលើប្រធានបទមួយ ស្ដីពី  ម្រង់​នៃពេលក្នុងស្ថាបត្យកម្ម  ដែលអាចនិយាយបានថាជា ទំនាក់ទំនងនៃ កាល (time)និង អាកាស (space)។  
 នៅក្នុងអក្សរសាស្រ្តដែលផ្ដោតលើការនិទានរឿង  កាលអាកាស គឺ សំដៅលើ ពេលវេលា និងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅ។ ក្នុងន័យនេះ ស្ថាបត្យកម្មជា អាកាស​មួយ​ដែលអនុញ្ញាត​ឲ្យ​ជីវិត​​អ្នកប្រើ​ប្រាស់ប្រពឹត្ត​ទៅ​​ ឯកាល​ក្នុង​ស្ថាបត្យកម្ម​ ជា​​លំហូរនៃព្រឹត្តការណ៍បន្តបន្ទាប់គ្នាកើតមានឡើងក្នុង​លំហ​អាគារ​ ដែល​មាន​ច្រើន​ទម្រង់​ដែលយើង​នឹង​លើក​យក​មក​ពិភាក្សា​បន្តិច​ទៀត​។ តិចឫច្រើនទាំងក្នុងដំណាក់កាលគិតគូសបង្កើតនិងក្នុង​ពេលប្រើប្រាស់ស្ថាបត្យកម្ម គឺទទួលឥទ្ធិពលពីទម្រង់​នៃ​កាល​។​ នេះក៏ព្រោះតែក្រៅពីឥទ្ធិពលរបស់​ធម្មជាតិ នូវ​មាន​ទម្រង់ឥទ្ធិពលពីកាល​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ​ការ​អនុវត្តរបស់​​សាសនា និងទំនៀមទំលាប់(មិនថាជាតិសាសន៍ណា ឬនៅទីណា) គឺ​សុទ្ធ​សឹង​ជាកត្តាមិនអាចខ្វះបានពេលគិតគូសស្ថាបត្យកម្ម។ យើងនឹងពិនិត្យមើលលើទំរង់នៃពេលចំនួន៥ អមដោយឧទាហរណ៍ស្ថាបត្យកម្មជាក់ស្ដែងទាំងនៅខ្មែរនិងបរទេស ។

ទម្រង់​ទី​១នៃ​កាល
ដំណើរពុកផុយរបស់រូបធាតុ និង បង្គុំស្ថាបត្យកម្ម (decayed of materiality)

ផ្ទះប្រៀបដូចជាជិវីតមនុស្សដែរ កើតហើយក៏បាក់បែក(ស្លាប់)ទៅវិញ

Athena Steen

 ពេលដែលគេបានទៅដល់ប្រាង្គប្រាសាទបុរាណ គេតែងទទួលអារម្មណ៍អមតៈភាព និងធ្វើអោយគេស្រមើលស្រមៃដល់អតីតភាពដែលប្រាសាទទាំងនោះឆ្លងកាត់។ ទោះបីជាប្រាង្គប្រាសាទទាំងនោះមានអាយុកាលយូរក៏ដោយក្ដី ក៏មិនអាចគេចផុតពីភាពពុកផុយទៅវិញដែរ។
 អ្នកប្រហែលជាបានភ្លាប់បានលឺនូវ ទ្រឹស្ដីអង់ត្រូពី (Entropy)ក្នុងរូបវិទ្យានៅថ្នាក់វិទ្យាល័យ។ ទ្រឹស្ដីនេះលើកថា គ្រប់រូបធាតុទាំងអស់បន្តិចម្ដងៗ ផ្លាស់ប្ដូរពីភាពមានរបៀប(order) ទៅភាពមិនមានរបៀប(chaos) ។ការវិល​ត្រលប់​ទៅ​រក​​ភាព​មិនមានរបៀបនេះគឺ ការពុកផុយរបស់​រូបធាតុនានា​។យើងវិភាគច្បាប់នេះក្នុងស្ថាបត្យកម្មនិងអាគារក្នុងជីវភាពប្រចាំថ្ងៃ យើងនឹងអាចឃើញបន្ថែមនូវសារ:(essence)របស់ស្ថាបត្យកម្មវិទ្យា។បើយើងបំលែង ស្ថាបត្យកម្មអោយទៅជាកិរិយា (ប្រពឹត្តនៃស្ថាបត្យកម្ម?) នោះពាក្យនេះប្រហែលជាមានន័យថា ការផ្គុំបង្គុំសំណង់(structural component) ទៅជាទំរង់ជំរកដែលមនុស្សអាចរស់នៅនិងប្រើប្រាស់។ ហើយ ប្រពឹត្តនៃស្ថាបត្យកម្ម នេះជាអំពើប្រឆាំង(ពន្យារនិងពន្យឺត)នូវដំណើរធម្មជាតិអង់ត្រូពី។
ឧទាហរណ៍បើយើងទុកបន្ទះឈើមួយចោលកណ្ដាលវាល វានឹងពុកផុយបាកទៅវិញយ៉ាងឆាប់រហ័ស តែឈើមួយបន្ទះដូចគ្នានេះ ត្រូវបានគេយកទៅប្រើប្រាស់ ជាផ្នែកមួយនៃបង្គុំជញ្ជាំងរបស់ផ្ទះមួយតាមក្បូនខ្នាតការសាងសង់ត្រឹមត្រូវនោះ បន្ទះឈើដដែលនេះ អាចស្ថិតនៅបានរាប់ឆ្នាំ។
 ស្ថាបត្យកម្មទំនេីបៗដែលយេីងតែងឃេីញអ្នកសិក្សាឬអ្នកស្រលាញ់ស្ថាបត្យកម្មតែងលេីកឡេីងមកជាមគ្ទុទេស៍យកមកសិក្សាដែលភាគច្រេីនក្នុងទំរង់រូបថតក្នុងសៀវភៅឬទស្សនាវត្ដី ស្ថិតក្នុងខណៈមួយតែប៉ុណ្ណោះនៃពេល(នេះទៀតសោតគឺពេលដែលអាគារទាំងនោះទេីបសាងសង់ថ្មីៗ)។ នេះបានចូលរួមបង្កើតការយល់ច្រលំដោយមិនដឹងខ្លួនដល់អ្នកសិក្សា ។ ច្រលំអ្វីនឹងអ្វី? ច្រលំពីភាពអមនៈរបស់ស្ថាបត្យកម្មទំនេីបៗទាំងនោះ។ 

ផ្ទះ​លំហែ​កាយ​ Savoyeដ៏​ល្បី​ល្បាញ​ដោយ​​ Le Corbusier ក្នុង​ស្ថានភាព​បាក់​បែក​
(ដងស្រង​ពី​សៀវភៅ​ On Weathering )

​  ល្បឿននៃដំណើរពុកផុយរបស់បង្គុំស្ថាបត្យកម្ម អាស្រ័យលើទីតាំង មុខងារ និងប្រភេទសំណង់របស់វា។ រូបខាងក្រោមនេះបង្លាញពីអាយុកាលឬ អាចនិយាយបញ្រ្ចាស់មកវិញថាជាពេលដែលត្រូវផ្លាស់ប្ដូរ-ជួលជុលរបស់បង្គុំស្ថាបត្យកម្ម។ ក្នុងក្រាមនេះអាគារត្រូវបានបំបែកជា 6ស្រទាប់
 ① Site (ទីតាំងសាងសង់): ជាទីតាំងរបស់អាគាររួូមមាន ភូមិសាស្រ្ត សណ្ថានដី សណ្ថានភាព
 ② Structure (គ្រោងសំណង់): ជាទូទៅអាចធុនបាន 30 ទៅ 300 ឆ្នាំ
 ③ Skin (ស្រទាប់ហ្វាសាដអាគារ): ជាទូទៅត្រូវការជួលជុលនិងការផ្លាស់ប្ដូរក្នុងរយៈប្រហែល 20ឆ្នាំម្ដង
 ④ Services (សេវារបស់អាគារដូច ភ្លើងទឹក ប្រព័ន្ធម៉ាសុីនត្រជាក់ ប្រព័ន្ធជញ្ដើរយន្ត -ល- ): ជាប្រព័ន្ធផ្គត់ផ្គង់សេវារបស់អាគារ ដែលអាចត្រូវការផ្លាស់ប្ដូរក្នុងរយៈពេលពី 7 ទៅ 15 ឆ្នាំ
 ⑤ Space Plan (ការប្រើប្រាស់លំហ និង រចនាសម្ព័ន្ធលំហ): រចនាសម្ព័ន្ធលំហក៏រួមបញ្ចូលនូវបង្គុំinteriorដូចជាជញ្ចាំងខាន ពិដាន កំរាលឥដ្ឌ -ល- អាចត្រូវការការផ្លាស់ប្ដូរតាមតំរូវការរបស់ការប្រើប្រាស់របស់លំហនោះ
 ⑥ Stuffs (គ្រឿងសង្ហារឹមនានា): អាចប្រើប្រាស់សេរី
ដំណេីរពុកផុយនិងការជួសជុលរបស់បង្គុំ អាចប្រព្រឹត្តទៅម្ដងហេីយម្ដងទៀត នេះបង្កេីតជាវដ្ដមួយ។ក្នុងចំនុចទី២ខាងក្រោមយេីងនឹងមេីលសុីជម្រៅលេី ទម្រង់​នៃពេលជាវដ្ដកាល។

អាយុកាល​របស់​ផ្នែក​ទីមួយ​ៗរបស់​អាគារ​
(ដងស្រង​ពី​សៀវភៅ​ How Buildings learn)


ទម្រង់​ទី​២នៃ​កាល
វដ្ដកាល​_ទម្រង់​ពេល​ជា​វដ្ដ​(cyclinical time)និង​ស្ថាបត្យកម្ម​

 បន្ទាប់មកនេះ ខ្ញុំសូមពិភាក្សាទៅលេីទម្រង់នៃពេលដែលវិលត្រលប់ទៅត្រលប់មកជាអចិន្ត្រៃយ៍ ឧទាហរណ៍ដូចជា ការត្រលប់ទៅត្រលប់មកនៃរដូវក្នុងមួយឆ្នាំ, ថ្ងៃយប់ ឬក៏ទឹកជោរទឺកនាចជាដើម។ គេអាចនិយាយបានថា ទម្រង់​នៃពេលជាវដ្ដមានពីរប្រភេទគឺ វដ្ដ​កើតពី​ធម្មជាតិ និង វដ្ដកើតពីវប្បធម៍ (ឬវត្តដែលខានដោយសង្គមមនុស្ស) ។

គំនូរដៃនៃវដ្ដ​ថ្ងៃ​និង​យប់​ដោយលោក​ Le Corbusier
(ដកស្រងពី Oeuvre complète,1934–1938)

 ទម្រង់នៃពេលជាវដ្ដកើតពីវប្បធម៍ អាចមានទម្រង់ច្រើនទៅតាមវប្បធម៍ ទំនៀមទំលាប់ និង ការអនុវត្តន៍សាសនារបស់សង្គមនីមួយៗ។ វិហារសាសនាសុិនតូ អុីសេ(Ise Shrine)របស់ប្រទេសជប៉ុន ជាឧទាហរណ៍គួរអោយចាប់អារម្មណ៍មួយដើម្បីយកមកពិភាក្សាជាមួយគ្នា។ វិហារសាសនាសុិនតូ អុីសេត្រូវបាន សាងសង់ថ្មីឡើងវិញនៅឯទីតាំងបង្រុក(ទីតាំងទាំងពីរនៅជាប់គ្នា)ចុះឡើង មុខនឹងគេរុះរើវិហារចាស់ចោល។ ដែលពិធីនេះហៅថា shikinen zokan ដែលប្រព្រឹត្តទៅរាល់២០ឆ្នាំម្ដងចាប់តាំងពីសត្សវត្យទី៧មកម្ល៉េះ។

ស្ដាំដៃ​គឺ​វិហារ​ចាស់​(នឹងត្រូវ​រុះរើ​ចោល)​ ឯ​ឆ្វេង​ដៃ​គឺ​វិហារ​ថ្មី​

 យើងសង្កេតឃើញ សណ្ថានរបស់ទម្រង់នៃពេលជាវដ្ដដោយធម្មជាតិ នេះ និងទំនាក់ទំនងរបស់លើទំរង់ស្ថាបត្យកម្មច្បាស់ ក្នុងស្ថាបត្យកម្មឈើ ស្ថាបត្យកម្មបណ្ដោះអាសន្ន(temporary structure) ក៏ដូចក្នុងទម្រង់ស្ថាបត្យកម្មដើម(vernicular architecture)ដែលឆ្លើយតបនឹងបរិស្ថានធម្មជាតិ។ ខ្ញុំសូមលើកឧទាហរណ៍ពីស្ថាបត្យកម្មសាសនាអីស្លាម Djenne ធ្វើពីដីនាឯប្រទេសម៉ាលី(ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកUNISCO ឆ្នាំ១៩៨៨) ទម្រង់ស្ថាបត្យកម្មដើម មួយទៀតដែលបង្កប់វដ្ដកាលនៃរដូវក្នុងការជួលជុលរបស់វា។ ជារៀងរាល់ឆ្នាំម្ដង ក្នុងអំឡុងខែមេសា មានប្រារព្ធពិធីបុណ្យមួយថ្ងៃដែលប្រជាជននៅក្បែរនោះនាំគ្នាមក លាបស្រទាប់ដីឥដ្ឋថ្មីមកលើវិហារ ដើម្បីការពារការហូរច្រោះតាមទឹកភ្លៀងនាខែវស្សា។ 

វិហារ​ Djenne ដែលត្រូវលាបស្រទាប់ដីឥដ្ឋថ្មីមកជញ្ចាំងជារៀងរាល់​ឆ្នាំ​
(រូបភាពពីគេហទំព័រunesco)

 ឧទាហរណ៍ស្ថាបត្យកម្មក្នុងទំរង់នៃពេលជាវដ្ដធម្មជាតិមួយទៀត​មានដូចជា ផ្ទះតាមដងបឹងទន្លេសាបដែលសង់ខ្ពស់ផុតពីដីលើលពី១០ម៉ែត្រ ការពារលិចទឹកនារដូវវស្សា។ការឆ្លើយតបទៅនឹងវដ្ដនៃទឹកជនទឺកស្រកនេះ បង្កើតជាទម្រង់ស្ថាបត្យកម្មពីរដាច់គ្នារវាងវដូវប្រាំងនិងរដូវវស្សា។
 ជាចុងក្រោយនៃវគ្គនេះអត្ថបទនេះខ្ញុំសុំណែនាំពីគម្រោងសារណាបញ្ចប់ថ្នាក់បរិញ្ញត្រ(ឆ្នាំ២០២០) របស់ខ្ញុំ ដែលបានបញ្ចូលទម្រង់កាលជាវដ្ដទៅក្នុងការគិតគូរស្ថាបត្យកម្ម។ គម្រោង ±១០,០០០ សាកស្រមើលស្រមៃនូវស្ថាបត្យកម្មថ្មីមួយនៅចំកណ្ដាលទន្លេចតុមុខ ដែលមានមុខងារបីយ៉ាង ទី①ជាទីតាំងចង្អុលបង្ហាញពីទីតាំងអផិរក្សត្រីនារដូវត្រីឡើងទៅពង(ពីទន្លេសាបទៅទន្លេមេគង្គ) និងពេលកូនត្រីត្រលប់មកបឹងទន្លេសាបវិញ ទី②ជាចំណតសម្រាករបស់ប្រជាអ្នកនេសាទមកពីខេត្តនានា និងទី③ជាសាលមហាស្រពបើកចំណរពីសម្រាប់រដូវប្រាំងនិងវស្សា។ ស្ថាបត្យកម្មនេះមានដំបូលនិងសសរនៅនឹង ឯដងខ្លូនជាទូកអាចអណ្ដែងផ្លាស់ទីតាមនីវូទឺកទន្លេតាមរដូវ ដែលគំនិតនេះត្រូវបានខ្ចីទម្រង់ស្ថាបត្យកម្ម ពីទម្រង់ជីវភាពពីរបស់អ្នកនេសាទគឺ សំណង់ខ្ពស់លើទឹក និង ផ្ទះលើទូក។ តាមរយៈទម្រង់នេះស្ថាបត្យកម្ម ±១០,០០០ ផ្លាស់ប្តូរទម្រង់របស់វាពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងវដ្ដនៃរដូវទឹកឡើង (វស្សា) និងរដូវទឹកស្រក(ប្រាំង)។

ទម្រង់ឆ្លើយតប​នឹង​វដ្ដនៃ​ទឹក​ឡើង​ទឹក​ចុះ: ​ផ្ទះលើទឹក
ទម្រង់ឆ្លើយតប​នឹង​វដ្ដនៃ​ទឹក​ឡើង​ទឹក​ចុះ: ​ផ្ទះផុតពីទឹក
ស្ថាបត្យកម្ម ±១០,០០០ ផ្លាស់ប្តូរទម្រង់របស់វាពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងវដ្ដនៃរដូវទឹកឡើង (វស្សា)
និងរដូវទឹកស្រក(ប្រាំង)
ស្ថាបត្យកម្ម​±១០,០០០ មើលមកក្នុង​រដូវ​វស្សា

សរសេរដោយ ឈីវ អុិច​ថៃ​ 2023/08/13

ឯកសារយោង​គោល

  1. Japan-ness in Architecture, Isozaki Arata,2011, MIT Press 
  2. How Buildings learn,What happens after they’re built, Stewart Brand,1994,Penguin Books
  3. The Lecture on Design of Form(形態デザイン講義), Naito Hiroshi, 2013, Okokusha 
  4. On weathering,The Life of Buildings in Time, Mohsen Mostafavi and David Leatherbarrow, 1993, MIT Press
  5. Design of Time-16 keywords to visualize time and space (時間のデザイン-16のキーワードで読み解く時間と空間の可視化), Waseda University Watanebe HItoshi lab, 2013, Kashima Publishing
  6. Space, Time and Architecture: The Growth of a New Tradition, Sigfried Giedion, 1941, ??? 
  7. Le sanctuaire d’ise, Rémit de la 62e reconstruction, Jean-Sébastien Cluzel and Nishida Masatsugu, 2015,Mardaga