ដោយ ៖ រឿន វីរៈ
ថ្ងៃនេះ ខ្ញុំសូមធ្វើការលើកយកសៀវភៅខ្លះៗដែលមានខ្លឹមសារល្អទាក់ទងទៅនឹងនិម្មាបនិក វណ្ណ ម៉ូលីវណ្ណ។ សៀវភៅខ្លះសរសេរផ្ទាល់ដោយលោកតា ហើយខ្លះទៀតសរសេរដោយអ្នកនិពន្ធផ្សេងៗ។ ថ្វីត្បិតតែសៀវភៅខ្លះមិនមានបោះពុម្ពផ្សាយលក់សេរីនៅលើទីផ្សារពិតមែន ប៉ុន្តែលោកអ្នកនៅតែអាចរកអានសៀវភៅទាំងនេះបាននៅតាមបណ្ណាល័យផ្សេងៗនៅក្នុងប្រទេសយើង។
ប្រសិនបើអ្នកចង់ដឹងពីទស្សនទានរបស់លោក វណ្ណ ម៉ូលីវណ្ណផ្ទាល់នៅក្នុងនគរោបនីយកម្មខ្មែរស្តីអំពីរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង លោកអ្នកគួរតែអានសៀវភៅដែលសរសេរឡើងដោយលោកផ្ទាល់បោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០០៣ដោយវិទ្យាស្ថានរ៉ៃយំដែលមានឈ្មោះថា បុរីខ្មែរសម័យទំនើប (Modern Khmer Cities ជាភាសាអង់គ្លេស)។ ក្នុងសៀវភៅនេះ គាត់សរសេលម្អិតច្រើនពីការៀបចំប្រព័ន្ធទឹកក្នុងទស្សនៈរៀបចំក្រុងរបស់ខ្មែរតាំងពីអតីតរាជធានីអង្គរបុរី រហូតដល់រាជធានីអង្គរក្នុងខេត្តសៀមរាបបច្ចុប្បន្ន ហើយគាត់ក៏បានដាក់ចេញនូវផែនគំនិតរបស់គាត់ផ្ទាល់ចំពោះកិច្ចការនេះផងដែរ។ សៀវភៅនេះមានចេញផ្សាយជាពីរភាសា(ខ្ញុំមានតែពីរភាសានេះ ដោយខ្ញុំមិនច្បាស់ថាវាមានបោះពុម្ពផ្សាយជាភាសាបារាំងដែរឬក៏អត់ទេ)។
សៀវភៅទីពីរដែលខ្ញុំចង់ណែនាំមួយទៀតនោះមានឈ្មោះថា Les cités khmères anciennes (បុរីរដ្ឋខ្មែរសម័យបុរាណ)ជាភាសាបារាំង និពន្ធដោយគាត់ដែរ។ ខ្ញុំមិនដឹងច្បាស់ទេថា វាមានបោះពុម្ពផ្សាយជាភាសាខ្មែរ ឬក៏អង់គ្លេសនោះទេ។ បើអ្នកទាំងអស់គ្នាមានព័ត៌មានអំពីសៀវភៅនេះច្បាស់ការ សូមធ្វើការបញ្ចេញមតិយោបល់ខាងក្រោមកថាមួយនេះផង ខ្ញុំនឹងកែតម្រូវបន្ថែមទិន្នន័យ។
សៀវភៅទីបី ដែលខ្ញុំចង់ណែនាំគឺជាទស្សនាវដ្តីឈ្មោះថា a+u ដែលតែងតែចេញផ្សាយពីស្នាដៃនិម្មានិកផ្សេងគ្នានៅលើសាកលលោក។ ក្នុងច្បាប់លេខ៥៦៧របស់ខ្លួន ដែលបោះពុម្ពលក់ក្នុងខែធ្នូឆ្នាំ២០១៧ ទស្សនាវដ្តីនេះបានលើកយកស្នាដៃរបស់លោកតា វណ្ណ ម៉ូលីវណ្ណ មកចុះផ្សាយ។ នៅក្នុងទស្សនាវដ្តីនេះ គេសង្កេតមានអត្ថបទល្អៗជាច្រើន ដោយមានមួយជាអត្ថបទរបស់លោកសរសេរផ្ទាល់ទាក់ទងទៅនឹងវប្បធម៌ខ្មែរ។ អត្ថបទមួយទៀតដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺសរសេវែកញែកដោយមិត្តជប៉ុនរបស់ខ្ញុំអំពីការប្រើប្រាស់សមាមាត្រស្រដៀងគ្នារវាងក្រុមប្រាសាទនៅអង្គរនិងអាគារដើមនានាក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។
សៀវភៅទីបួនមានចំណងជើងថា ខ្មែរប្រឈមមុខនឹងវប្បធម៌ ឬក៏ Cultures of Independence ជាភាសាអង់គ្លេស។ គោលដៅចំបងក្នុងសៀវភៅនេះសរសេរឡើងក្នុងគោលបំណងបង្ហាញពីសិល្បៈនិងវប្បធម៌កម្ពុជាក្នុងទសវត្សន៍ឆ្នាំ៥០ឬ៦០ជាទូទៅ ហើយគេក៏បានបញ្ចូលកិច្ចសម្ភាសន៍ជាមួយលោតា វណ្ណ ម៉ូលីវណ្ណផងដែរ។ ក្នុងកិច្ចសន្ទាននេះ គាត់លម្អិតច្រើនពីការរៀបចំទីក្រុងភ្នំពេញជាពិសេសគម្រោងក្រុងរណបឈ្មោះថា ឆ្នេរទន្លេបាសាក់ ឬក៏ le Front du Bassac ជាភាសាបារាំង។ សៀវភៅនេះបោះពុម្ពផ្សាយជាពីរភាសាលាយគ្នាតែម្តងគឺ ភាសាខ្មែរនិងអង់គ្លេស។
សៀវភៅទីប្រាំដែលខ្ញុំសូមណែនាំនោះគឺ សៀវភៅចេញផ្សាយជាភាសាអង់គ្លេសមានឈ្មោះថា Building Cambodia ‘New Khmer Architectuire’ 1953-1970 ឬក៏ កសាងកម្ពុជា “និម្មាបនកម្មខ្មែរថ្មី” ១៩៥៣-១៩៧០ ជាភាសាខ្មែរ។ សៀវភៅនេះសរសេរឡើងដោយប្រវត្តិវទូពីររូបរួមនឹងនិម្មានិកខ្មែរជាអ្នកស្រាវជ្រាវផងដែរ។ មាតិការសៀវភៅនេះមានបរិយាយច្រើនអំពីចលនានិម្មាបនកម្មក្នុងសម័យក្រោយឯករាជ្យ។ ក្នុងនោះគេបានបញ្ចូលអាគារទាំងឡាយរចនាដោយលោកតា វណ្ណ ម៉ូលីវណ្ណនាសម័យនោះ ហើយនិងប្រវត្តិខ្លះៗរបស់លោកផងដែរ។ ខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាគួរតែមានវាម្នាក់មួយនៅក្នុងដៃ។
បើសិនជានរណាម្នាក់ មានសៀវភៅ ឬក៏ឯកសារដែលគួរឲ្យទុកចិត្តបានស្តីអំពីលោកតា វណ្ណ ម៉ូលីវណ្ណ សូមចូលរួមបញ្ចេញមតិនៅខាងក្រោមអត្ថបទនេះ។ ខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវសេចក្តីសប្បុរសរបស់អ្នកទាំងអស់គ្នា។