ពន្លានាគក្រហមរបស់ Daniel Libeskind

អត្ថបទដោយ ៖ រឿន វីរៈ

ថ្ងៃនេះ ខ្ញុំសូមលើកយកអាគារពន្លាមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីបម្រើបំរាស់យុទ្ធសាស្រ្តប៉ារ៉ាម៉ែត្រក្នុងបរិបទសម័យថ្មីយើងនេះ។ បើតាមរយៈសំដីរបស់និម្មាបនិកអាគារនេះផ្ទាល់ រូបរាងទម្រង់របស់វាទាំងមូល មិនបានអភិវឌ្ឈតាមកម្មវិធីកុំព្យូទ័ររចនាបែបប៉ារ៉ាម៉ែត្រឡើយ ប៉ុន្តែការអភិវឌ្ឈគ្រោងឆ្អឹងសំណង់ និងសំភារៈបំពាក់លើអាគារពីខាងក្រៅវិញ ត្រូវធ្វើតាមកម្មវិធីកុំព្យូទ័រប៉ារ៉ាម៉ែត្រសុទ្ធសាធ ដើម្បីធានាដល់សុក្រឹតភាពក្នុងការសាងសង់ទៅតាមការរចនាចង់បានរបស់និម្មានិក ដាញ៉ែល លីបឺស្គីន (Daniel Libeskind)។

រូបភាពបង្ហាញពីអាគារពន្លា នាគក្រហម។
រូបភាពរក្សាសិទ្ធដោយ ៖ hufton+crow

ព័ត៌មានទូទៅអំពីអាគារ

អាគារនេះចេញម៉ូតដោយនិម្មាបនិកមួយរូបដែលខ្ញុំចូលចិត្តដែរ នោះគឺលោក  ដាញ៉ែល លីបឺស្គីន (Daniel Libeskind) សាងសង់ក្នុងឆ្នាំ២០១៥ ក្នុងកម្មវិធីពិព័រណ៍មីឡង់ នៅក្នុងទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។ ថវិការសម្រាប់សាងសង់ពន្លាទាំងមូល ទ្រទ្រង់ដោយក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យដ៏ធំនៅប្រទេសចិន ដូចនេះហើយទើបគេឲ្យនាមអាគារមួយនេះជាផ្លូវការថា ពន្លាវាំងខេ (Vanke Pavillion)។ 

តាមសំដីរបស់និម្មាបនិក ទម្រង់រូបរាងអាគារមួយនេះរចនាឡើងចេញពីរូបភាពសិល្បៈគំនូរជក់ចិនស្តីអំពីទេសភាពភ្នំ និងដីវាលកសិកម្មដ៏ធំល្វឹងល្វើយ ដែលនៅដិតដាមជាប់នឹងការចងចាំរបស់គាត់។ តែបើតាមការមើលឃើញជាទូទៅវិញ រូបរាងទម្រង់របស់វាធ្វើឲ្យយើងនឹកមមៃទៅដល់សត្វនាគរាជដ៏មានឥទ្ធិពលនៅក្នងសង្គម និងវប្បធម៌របស់ស្រុកចិន។ នេះក៏ប្រហែលជាមកពីទម្រង់ខ្សែកោងខ្វាត់ខ្វែង និងក្បឿងពាសទីតានីញ៉ូមរំលេចពីខាងក្រៅប្រៀបដូចនឹងស្រការរបស់សត្វល្មូនដ៏មានអំណាចមួយនេះអញ្ចឹង។ ក្នុងគម្រោងមួយនេះ គេបានប្រើប្រាស់ក្បឿងអស់ចំនួន ៤០០០ សន្លឹក ហើយក្រឿងទាំងនេះប្រែព័ណពីក្រហមឆ្អិនឆ្អៅ ទៅជាមាសផូរផង់ ឬព័ណស ទៅតាមវដ្តនៃការចាំងរបស់ព្រះសូរិយាមកលើភពផែនដី។

រូបភាពបង្ហាញពីក្បឿងពាសទីតានីញ៉ូមពីផ្ទៃខាងក្រៅ ដែលប្រែព័ណពីក្រហមទៅមាស។
រូបភាពរក្សាសិទ្ធដោយ ៖ hufton+crow

នីតិវិធីក្នុងការស្វែងរករូបរាងទម្រង់ និងគ្រោងឆ្អឹងអាគារ 

ដូចដែលខ្ញុំបានសរសេបញ្ជាក់នៅផ្តើមសេចក្តីរបស់អត្ថបទនេះអញ្ចឹង ការិយាល័យនិម្មាបនកម្ម លីបឺស្គីន មិនបានប្រើប្រាស់យុទ្ធសាស្រ្តប៉ារ៉ាម៉ែត្រនោះទេ ក្នុងការស្វែងរកទម្រង់រូបរាងរបស់អាគារនេះ។ ខ្សែកោងបត់បែនទាំងឡាយ កើតចេញពីមនោគតិផ្ទាល់របស់និម្មាបនិក រួមជាមួយនឹងគំនូសព្រាងរបស់លោក។ នេះជាហេតុញ៊ាំងឲ្យ លោក លីបឺស្គីន ហៅអាគារនេះថាជា “នាគរាជសូនឡើងដោយហត្ថា”។ 

បុគ្គលិកការិយាល័យ លីបឺស្គីន ស្វែងរកទម្រង់រូបរាងផ្ទាល់របស់វា ទៅតាមកម្មវិធីកុំព្យូទ័រធម្មតា។ នៅពេលដែលគេទទួលបានរូបរាងដែលគេពេញចិត្តហើយ ក្រុមហ៊ុនសំណង់ រ៉ាមបុល (Ramboll) មានតួនាទីរ៉ាប់រងក្នុងការស្វែងរកបច្ចេកទេសបង្កើតគ្រោងឆ្អឹងសំណង់ និងរៀបចំប្រក់ក្បឿងពីផ្ទៃខាងក្រៅ។ ដោយសារតែគេចង់រក្សារូបរាងប្លែកគេរបស់អាគារមួយនេះឲ្យនៅដដែល ក្រុមការងាររចនាតាមកុំព្យូទ័ររបស់ក្រុមហ៊ុនសំណង់ រ៉ាមបុល ត្រូវតែប្រើកម្មវិធីរចនាប៉ារ៉ាម៉ែត្រក្នុងកុំព្យូទ័រដើម្បីធ្វើយ៉ាងណាឲ្យទម្រង់រូបរាងអាគារនៅតែរក្សាភាពដើម ស្របពេលជាមួគ្នា គេប្រើប្រាស់ថេរវេលា និងថវិការតិចក្នុងការសាងសង់។ តាមរយៈប្រត្តិបត្តិការសរសេកូដ និងរចនាប៉ារ៉ាម៉ែត្រនេះ ក្រុមការងារបានសម្រចគ្រឿងឆ្អឹងធ្វើពីដែកថែបចំនួន២៥ប្រភេទខុសៗគ្នា។ ប៉ុន្តែការលំបាកនៅតែមានដដែល ក៏ព្រោះតែជំហានបន្ទាប់គឺត្រូវធ្វើយ៉ាងណាទើបអាចបំពាក់ក្បឿងចំនូន ៤០០០ សន្លឹក នៅលើរាងខ្សែកោងរបស់វាបាន។ បើធ្វើតាមធម្មតា ទំហំក្បឿងនៅពីខាងក្រៅអាគារនឹងមានទំហំខុសៗគ្នាទាំងអស់។ ហេតុនេះនាំឲ្យមានការលំបាកក្នុងការផលិត និងបំពាក់វា។ ជាថ្មីម្តងទៀត ក្រុមការងារសរសេកូដពិសេស និងប្រើប្រាស់កម្មវិធីរចនាប៉ារ៉ាម៉ែត្រ ដើម្បីសម្រួលក្នុងកិច្ចការងារនេះ។ ជាលទ្ធផលគេសម្រេចបានទំហំក្បឿងនិមួយៗដូចគ្នាដល់ទៅចំនួន ៩៥ភាគរយឯណោះ នាំឲ្យគេចំណេញពេល និងថវិការក្នុងការសាងសង់ច្រើនជាងធម្មតា។

រូបភាពអាគារពេលសាងសង់ហើយផ្ទឹមនឹងគ្រឿងដែកឆ្អឹងអាគារ។
រូបភាពអាគារសង់រួចរក្សាសិទ្ធដោយ ៖ hufton+crow
ហើយរូបភាពបីវិមាត្រនៃគ្រោងឆ្អឹងអាគាររក្សាសិទ្ធដោយ ៖ sketchfab.com។
រូបភាពគំនូរក្បឿងបំពាក់លើផ្ទៃខាងក្រៅអាគារ ដោយសំរួលរូបរាងតាមរយៈការសរសេកូដ និងតាមប៉ារ៉ាម៉ែត្រក្នុងកម្មវិធីកុំព្យូទ័រ។ រូបភាពរក្សាសិទ្ធដោយ ៖ ក្រុមហ៊ុនសំណង់ Ramboll។
រូបភាពលម្អិតបង្ហាញពីបច្ចេកទេសចាប់ក្បឿងទៅនឹងផ្ទៃអាគារពីក្រៅ។

អាគារទំនើប និងមានរូបរាងស្មុគស្មាញខ្លាំងដូចជាពន្លានាគក្រហមនេះ ទាមទារឲ្យគេត្រូវតែប្រើប្រាស់យុទ្ធសាស្រ្តប៉ារ៉ាម៉ែត្រជាជំនួយ ដើម្បីសម្រេចបានការសាងសង់តាមរូបទម្រង់ដែលចង់បាន តែវាក៏ត្រូវតែសន្សំថវិការ និងពេលវេលាផងដែរ។ ដូចដែលខ្ញុំបានសរសេនៅក្នងអត្ថបទ រូបបដិវត្ត ៖ និម្មាបនកម្មប៉ារ៉ាម៉ែត្រ អញ្ចឹងថា យើងកំពុងតែមើលឃើញពីការប្រែប្រួលរូបរាងរចនាក្នុងនិម្មាបនកម្មទៅមុខយ៉ាងសន្លឹមៗ។ នៅពេលណាមួយនោះក្នុងពេលអនាគត គេប្រហែលជាអាចបោះបង់ចោលការគិត និងការប្រើប្រាស់កម្មវិធីកុំព្យូ័រដែលកំពុងតែពេញនិយមសព្វថ្ងៃផងក៏មិនដឹង ឬក៏វាទាំងពីរអាចរស់នៅចុះសម្រង់នឹងគ្នា?