អត្ថបទដើមជាភាសាអង់គ្លេសដោយ ៖ វណ្ណ ម៉ូលីវណ្ណ
ប្រែសម្រួលក្រៅផ្លូវការជាភាសាខ្មែរដោយ ៖ រឿន វីរៈ
ការសិក្សាពីទម្រង់រូបរាង។ នៅក្នុងសិល្បៈចំលាក់កម្ពុជា គេមិនធ្វើការបង្ហាញទម្រង់រូបរាងឲ្យលេចឡើងច្បាស់ក្រឡែតទេ តែវាកើតឡើងដោយការប្រដេញលេងដោយស្រមោលនិងពន្លឺ។
ក្រោមការជំរុញលើកទឹកចិត្តដ៏ខ្លាំងក្លាជាព្រះរាជទានរបស់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុយើងសង្កេតឃើញថាមានយន្តការផ្សេងៗគ្នាធ្វើឡើងក្នុងគោលបំណងជុំរុញឲ្យមានការរស់ឡើងវិញនូវទម្រង់សិល្បៈប្រពៃណីជាតិនិងសិល្បៈហត្ថកម្មនៅក្នុងប្រទេសកម្ពុជា។ យន្តការទាំងនេះនាំឲ្យមានការផ្លាស់ប្តូរកំណែទម្រង់យ៉ាងច្រើនផ្តល់នូវការអភិវឌ្ឍ ហើយវាក៏ជួយសម្របសម្រួលដល់កម្មវិធីបំពាក់បំប៉ននិងបង្រៀនក្នុងវិស័យផ្សេងៗដូចជា៖ សិល្បៈនាដសាស្រ្ត របាំ សិល្បៈសូនរូប និម្មាបនកម្ម និងបុរាណវិទ្យាផងដែរ។
កិច្ចការទាំងនេះជាប្រការចាំបាច់ ដោយហេតុតែនៅក្នុងទសវត្សរ៍មុនៗ សិល្បករនិងហត្ថករខ្មែរជាច្រើនរូបបានបង្ហាញឲ្យយើងឃើញតិចតួចបំផុតនូវសម្ថភាពរបស់ពួកគេក្នុងការបង្កើនទម្រង់សិល្បៈប្រពៃណីឬក៏បង្កើតស្នាដៃដែលមានលក្ខណៈថ្មីសុទ្ធសាធ។ បរាជ័យនេះក៏ប្រហែលព្រោះតែភាពអស្ចារ្យរបស់សិល្បៈបុរាណខ្មែរយើងដែរ។ ប្រការនេះញ៉ាំងឲ្យសិល្បករនិងហត្ថករទាំងនោះចេះតែធ្វើការផលិតឡើងវិញនូវវត្ថុសិល្បៈចំលងដែលគ្មានវិញ្ញាណ មិនអាចប្រៀបបានទៅនឹងស្នាដៃឯកបុរាណទាំងឡាយក្នុងសតវត្សន៍ទី១២ឡើយ។ ចម្លាក់ឈើនានាដែលគេផលិតឡើងនៅក្នុងសម័យក្រោយអង្គរបង្ហាញក្នុងទម្រង់ជាអប្សរាឬក៏ជាព្រះពុទ្ធគង់លើសត្វនាគក៏ដោយ សុទ្ធតែជាការងារដែលមិនបានឆ្លុះបញ្ចាំងឲ្យយើងឃើញច្បាស់លាស់នោះទេពីលក្ខណៈឬក៏គំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់សិល្បករនីមួយៗ។ នេះក៏ដោយសារតែសិល្បករទាំងនោះបានទទួលរងសម្ពាធគំនិត ក៏ដូចជាការបង្ហាត់បង្រៀនដែលលើកទឹកចិត្តឲ្យគេចេះតែត្រាប់តាមឬក៏ទឹកចិត្តដែលនៅអាឡោះអាឡៃចំពោះរចនាបទសិល្បៈដែលតាមការពិតទៅមិនអាចឲ្យគេធ្វើការចំលងបាននោះទេ។
បើទោះបីជាគេមិនឃើញមានស្នាដៃសិល្បៈណាមួយក្នុងទម្រង់ជាថ្មឬសំរិទ្ធផលិតឡើងក្រោយសម័យអង្គរក៏ដោយក្តី ក៏ជនជាតិខ្មែរនៅតែបន្តសមត្ថភាពធម្មជាតិផ្នែកសិល្បៈដដែល។ ជាក់ស្តែងដូចជារូបចំលាក់ឈើនានាដែលនៅសេសសល់ផលិតឡើងក្នុងសម័យធ្លាក់ចុះដុនដាបនៃប្រវត្តិសាស្រ្តយើង ដែលនេះវាកម្រណាស់ដោយសារតែលក្ខណៈធម្មជាតិរបស់ឈើគឺឆាប់ពុកផុយ។ ការពិតសមត្ថភាពក្នុងការបង្កើតវត្ថុសិល្បៈដែលមានទម្រង់ដើមសុទ្ធសាធបាត់បង់បន្តិចម្តងៗដោយសារតែលក្ខខណ្ឌសង្គមនៅពេលនោះដើរទៅតាមការចង់បានរបស់មតិសាធារណៈភាគច្រើន។
នៅក្នុងឆ្នាំ១៩១៥ គេបានបង្កើតសាលាសិល្បៈក្នុងបេសកកម្មផ្តល់ជីវិតថ្មីដល់សភាវគតិសិល្បៈនិងការដឹងដោយញ្ញាណរបស់ជាងចម្លាក់។ ប៉ុន្តែបទដ្ឋានបង្រៀនហាក់បីដូចជាមានសភាពធ្លាក់ចុះទៅវិញ ស្របពេលដែលថាមពលជុំរុញទឹកចិត្តចាំបាច់មិនឃើញមានកើតឡើងឡើយ។ ប្រការនេះក៏ដោយសារតែ សាលាបរាជ័យក្នុងការចាក់បញ្ចូលលោហិតថ្មីចាំបាច់បំផុតសម្រាប់បច្ចុប្បន្នភាពទៅក្នុងការបង្កើតសិល្បៈ។
ស្ថិតក្នុងកាលៈទេសៈបែបនេះ កាលពីពេលថ្មីៗនេះ ព្រះប្រមុខរដ្ឋបានចេញព្រះរាជបញ្ជាដាក់គោលដៅចាត់តាំងឲ្យគេធ្វើកំណែទម្រង់ទាំងស្រុងក្នុងវិទ្យាស្ថាននានាដែលមានមុខងារបំពាក់បំប៉ននិងស្រាវជ្រាវផ្នែកសិល្បៈក្នុងគោលបំណងបំបាត់ការដាំក្បាលចុះនិងការបាត់បង់បច្ចេកទេសសិល្បៈប្រពៃណី។ ឧទាហរណ៍ដូចជា ការដែលគេឈប់ប្រើការថ្មភក់ទៀតហើយ ដែលនាំឲ្យសិល្បៈចំលាក់ថ្មក៏បានកំពុងរងការបាត់បង់បន្តិចម្តងៗ។ មួយវិញទៀតចំណាត់តាំងនេះមានគោលបំណងប្រឆាំងនឹងសញ្ញានៃការធ្លាក់ចុះក្នុងសិល្បៈខ្មែរយើងដោយសារតែឥទ្ធិពលអាក្រក់ដែលចេះតែកើនឡើងឥតឈប់ឈររបស់ទំរង់សិល្បៈជាតិបូព៌ាប្រទេសផ្សេងៗទៀត។
គេបានរចនាគម្រោងការមួយឡើងសំរាប់កម្មវត្ថុទាំងនេះជាមួយនឹងគោលដៅផ្តល់ឲ្យសិស្សានុសិស្សនូវមូលដ្ឋានគ្រឹះជ្រៅជ្រះអំពីសិល្បៈបុរាណខ្មែរក្នុងជំនឿថា នៅពេលណាដែលពួកគេមានគោលការណ៍គ្រឹះទាំងនេះនៅក្នុងខ្លួនហើយ នោះពួកគេនឹងអាចស្វែងរកឃើញនូវគំនិតថ្មីៗផ្ទាល់ខ្លួនជាក់ជាមិនខានឡើយ។ គេគិតថា បើសិល្បករដែលមានទេពកោសល្យបានយល់ច្បាស់ពីសិល្បៈក្នុងអតីតកាល ហើយក្នុងខ្លួនពោរពេញទៅដោយគំនិតនិងបច្ចេកទេសទំនើបទៀត នោះពួកគេនឹងក្លាយទៅជាសិល្បករមួយដែលមានវិជ្ជាជីវៈគ្រប់គ្រាន់ មានសេរីភាពពេញលេញនិងជួនកាលមានសេចក្តីជុំរុញចិត្តល្អមូួយជួយពួកគេឲ្យផលិតបានស្នាដៃដើមថ្មីស្រឡាងដ៏ល្អឯក។ ស្នាដៃនេះនឹងក្លាយជាគ្រឿងលើកទឹកចិត្តលក្ខណៈបែបកម្ពុជា ហើយវាក៏រួមចំលែកដល់ការបង្កើតសិល្បៈជាតិទំនើបផងដែរ។
សេចក្តីព្យាយាមមួយនេះលេចរូបរាងឡើងនៅក្នុងសិល្បៈសូនរូប ដោយនិស្សិតនានាត្រូវបានគេលើកទឹកចិត្តឲ្យចេះរិះរករចនាបទថ្មីៗផ្ទាល់ខ្លួនមួយដែលសំយោគពីមនោគតិប្រពៃណី។ កម្មវត្ថុនេះមានទិសដៅបង្កើតឲ្យមានការរស់ឡើងវិញនូវសេចក្តីជំរុញចិត្តបែបសិល្បៈមួយនោះដែលជាបេះដូងនៃកកើតទម្រង់សិល្បៈបុរាណ។ យុទ្ធវិធីដែលបង្កើតឡើងនេះគឺ ដើម្បីបង្ហាញផ្លូវដល់សិស្សានុសិស្សឲ្យស្គាល់ឧទាហរណ៍ខ្លះៗពីសិល្បៈបុរាណ ហើយដើម្បីអនុញ្ញាតឲ្យពួកគេដឹងពីដំណើរផលិតកម្មនៃរវត្ថុបុរាណសិល្បៈនោះផងដែរ។ ស្របពេលជាមួយគ្នានេះ ពួកគេក៏អាចសម្របខ្លួនទៅនឹងវិធីសាស្រ្តស្រាវជ្រាវទំនើបនានាទៀតផង។ និស្សិតអាចដកពិសោធពីការវិវត្តទម្រង់រូបរាងធ្វើឡើងដោយជាងស្មូននិងជាងស្មិតនៅក្នុងសម័យបុរាណ ដែលវិធីនេះនឹងជួយដាស់គំនិតផ្នែកច្នៃប្រឌិតពួកគេ ក៏ដូចជាអនុញ្ញាតឲ្យគេបង្ហាញទម្រង់ថ្មីផ្សេងៗតាមការបង្កើតស្នាដៃរបស់ពួកគេផ្ទាល់។ លើសពីនេះ គេផ្តល់ឲ្យនិស្សិតទាំងនេះនូវសាលាបណ្តុះបណ្តាលមួយសំរាប់រៀនពីជំនាញនិងបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ផ្សេងៗដែលចាំបាច់សំរាប់ការងារផលិតកម្មសិល្បៈរបស់ពួកគេ។ បើទោះបីជាទម្រង់សិល្បៈជាតិគឺជាស្នូលគ្រឹះនៃការហ្វឹកហាត់របស់ពួកគេក៏ដោយ ក៏គេមិនបំភ្លេចចោលសិល្បៈបរទេសទាំងស្រុងនោះដែរ (ឧទាហរណ៍ដូចជាសិល្បៈក្រិក ឬរូម៉ាំងជាដើម) ប៉ុន្តែការវិភាគពីទម្រង់សិល្បៈទាំងនេះនឹងត្រូវបានដាក់ឲ្យនិស្សិតស្វែងយល់នៅជិតចុងការសិក្សារបស់ពួកគេ។
សិល្បៈប្រពៃណីកម្ពុជាតែមួយគត់ ដែលមានដាក់បញ្ចូលបច្ចេកទេសទំនើបតែនៅតែរក្សាបាននូវអត្តសញ្ញាណដើមពីបុរាណដដែលនោះគឺរបាំដែលសម្តែងដោយក្រុមរបាំព្រះរាជទ្រព្យ។ យើងជាកូនចៅជំពាក់គុណបំណាច់ដ៏ធំធេងចំពោះព្រះមហាក្សត្រិយានីដែលទ្រង់បានលះបង់ព្រះកំលាំងកាយចិត្តជំរុញឲ្យមានការរស់ឡើងវិញដោយសន្សឹមៗនូវបច្ចេកទេសរាំរបាំខ្មែរបុរាណទាំងនេះ។ ដូចនេះហើយទើបគេឃើញមានក្រុមរបាំជាមួយនឹងសាច់រឿងផ្សេងៗគ្នាមានសម្តែងលេងរឿងឆ្លាស់គ្នាផងដែរ ហើយក្បាច់រាំរបស់នាដការប្រពៃណីនានាក៏បានបន្ទាន់សម័យទៀតផង ស្របពេលដែលឆាកសម្តែងនិងប្រព័ន្ធភ្លើងក៏បានគេរៀបចំឲ្យស៊ីគ្នាទៅឈុតសម្តែងនីមួយៗ។
លើសពីនេះ អ្នករបាំដែលត្រូវដល់អាយុចូលនិវត្តន៍ត្រូវបានគេផ្តល់ឱកាសឲ្យបង្រៀនកុមារាកុមារីតូចៗពីបច្ចេកទេសរាំផ្សេងៗនៅសាលាមួយដែលគេបង្កើតឡើងនៅជិតព្រះបរមរាជវាំង។ ធ្វើដូចនេះពួកក្មេងៗនឹងមានមហិច្ឆតាចង់ក្លាយទៅជាតារារះត្រចេះត្រចង់នៅក្នុងក្រុមរបាំព្រះរាជទ្រព្យនេះ។ កិច្ចការទាំងនេះបង្កើតឡើងជាមួយនឹងការគោរពទៅដល់ប្រពៃណីទំនៀមទំលាប់ដែលរក្សាទុកតាំងពីរាប់ពាន់ឆ្នាំមកហើយរបស់ក្រុមរបាំព្រះរាជទ្រព្យនេះ។ ទំនៀមក្នុងការសម្តែងនេះមានឃើញតាំងពីពេលដែលព្រះរាជាខ្មែរនានាតាំងអំណាចនៅអង្គរមកម្ល៉េះ ហើយមួយវិញទៀតវាមិនមែនត្រឹមតែមានសាវតាដើមពីក្រុមនាដការហ្លួងនេះទេ តែវាក៏ជាប់ទាក់ទងទៅនឹងលក្ខណៈពិសិដ្ឋរបស់របាំដែលរក្សាបានក្បួនខ្នាតរបាំពីបុរាណកាលមក។
គេទើបតែបានបង្កើតក្រុមនាដការថ្មីមួយទៀតជាផ្នែកមួយភ្ជាប់ទៅនឹងក្រុមរបាំព្រះរាជ្យទ្រព្យនេះផងដែរ។ ក្រុមរបាំថ្មីនេះមានជំនាញខាងការសម្តែងរបាំរបស់ជនជាតិភាគតិច ដោយហេតុតែជនជាតិភាគតិចទាំងនេះមិនសូវដែលបានសម្តែងរបាំរបស់ពួកគេផ្ទាល់ខ្លួននោះទេ ហើយបាតុភាពនេះនឹងនាំឲ្យការចេះចងចាំក្បួនរាំទាំងនេះប្រឈមមុខនឹងការបាត់បង់ទៅថ្ងៃអនាគត។ គួរបញ្ជាក់ថាជនជាតិភាគតិចទាំងនេះបានទទួលឥទ្ធិពលវប្បធម៌ខ្មែរតាំងពីយូរយារណាស់មកហើយ ហើយកំពុងតែបានវិវត្តខ្លួនជាផ្នែកមួយនៃអត្តសញ្ញាណជាតិយើង។
របាំទាំងនេះសម្តែងឡើងសំរាប់ជាកិច្ចពិធីវេទមន្តផ្សេងៗគួរតែត្រូវគេសិក្សាឲ្យបានស៊ីជម្រៅប្រកបដោយភាពយកចិត្តទុកដាក់ច្រើន។ ក្នុងករណីជាច្រើន នាដការទាំងនេះធ្វើត្រាប់តាមចរិកលក្ខណៈសត្វផ្សេងៗ ហើយកាយវិការរាំទៀតសោតបានបង្ហាញឲ្យយើងឃើញពីភាពសមសួននិងសម្រស់ស្រស់ស្អាតចំលែកដែលកម្រនឹងឃើញមាន។ ដោយសារតែការបង្កើតក្រុមរបាំទាំងនេះហើយទើបគេអាចចៀសសវាងគ្រោះថ្នាក់ពីការបាត់បង់បេតិកភណ្ឌវប្បធម៌ជនជាតិភាគតិចនៅក្នុងប្រទេសកម្ពុជាទាំងនេះបាន។ ប៉ុន្តែគេត្រូវប្រើពេលយូរច្រើនទៀតដើម្បីអាចឲ្យគេកត់ត្រាអស់នូវចង្វាក់រាំ ក៏ដូចជាតន្ត្រីដែលប្រគុំលេងជាមួយនឹងវាផងដែរ។ សេចក្តីប្តេជ្ញាក្នុងការកត់ត្រាតន្រ្តីប្រពៃណីរបស់ជនជាតិភាគតិចនេះនឹងធ្វើឡើងតាមរយៈការរៀបចំវង់តន្រ្តីពីរប្រមូលផ្តុំដោយតន្រ្តីករនានា។ គេកំពុងតែចាប់ផ្តើមបង្កើតវង់តន្រ្តីពីរទាំងពីនេះដែលមានភារៈកិច្ចហ្វឹកហាត់ដើម្បីលេងឧបករណ៍តន្ត្រីប្រពៃណីជាតិ ហើយគេនឹងភ្ជាប់វាទាំងពីរនេះទៅនឹងក្រុមនាដការថ្មីនេះ។ វង់តន្ត្រីទាំងពីរនេះក៏មានកាតព្វកិច្ចធ្វើបញ្ជីសារពើភ័ណ្ឌអំពីការសម្តែងតន្រ្តីទូទាំងព្រះរាជាណាចក្រផងដែរ។
ក្នុងពេលជាមួយ គេបានចាប់ផ្តើមធ្វើការស្រាវជ្រាវទៅលើប្រភពដើមនិងសារៈសំខាន់របស់ល្ខោនស្បែកកម្ពុជា ដែលគេឃើញមានសម្តែងជារឿយៗនៅក្នុងខេត្តបាត់ដំបងនិងសៀមរាប។ សិល្បៈកំសាន្តបែបនេះនៅតែបន្តជាទីគាប់ចិត្តសំរាប់ប្រជាជនដែលរស់នៅក្នុងក្នុងខេត្តទាំងពីរនៅឡើយ។ កម្មវិធីសម្តែងល្ខោនបែបនេះមានពីរប្រភេទ ដោយមួយប្រភេទជាការសម្តែងលើឆាកតូចៗ ហើយរូបអាយ៉ងធ្វើពីស្បែកមានគន្លាក់ភ្ជាប់គ្នាដោយខ្សែ។ គេលេងវាក្នុងលក្ខណៈកំប្លុកកំប្លែងចំអែចំអន់ឌឺដងដាក់គ្នា។ គេសម្តែងប្រភេទទីពីរពីខាងក្រោយផ្ទាំងសពត់ស។ ប៉ុន្តែផ្នែកខ្លះនៃល្ខោនស្បែកទាំងនេះមានលក្ខណៈស្រដៀងទៅនឹងការសម្តែងល្ខោនស្បែកបុរាណដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ីឈ្មោះថា វ៉ាយាំង។ គេនៅតែត្រូវស្រាវជ្រាវបន្ថែមទៀតសិនពីប្រភពដើមនៃការសម្តែងដែលមានវត្តមាននៅទូទាំងទ្វីបអាស៊ីទាំងនេះមុននឹងឈានទៅដល់ការអភិរក្សពួកវា។
នៅក្នុងផ្នែកសាលសម្តែងវិញ គេមានគម្រោងជាច្រើននៅក្នុងដៃដើម្បីផលិតល្ខោនមួយចំនួន។ គម្រោងនេះមានចក្ខុវិស័យស្រដៀងគ្នានឹងផលិតកម្មល្ខោនផលិតឡើងដោយ ក្រុមប្រជាសម្តែងជាតិ នៅទីក្រុងប៉ារីនិង ក្រុមប្រជាសម្តែង នៅក្នុងខេត្តផ្សេងៗរបស់ប្រទេសបារាំង។ ក្រុមសម្តែងជាតិ មានភារៈបង្ហាត់បង្ហាញនូវដំណាក់កាលសម្តែងល្ខោនជាចាំបាច់ដល់ពន្លកវិនាដនិពន្ធកម្ពុជានិងដើម្បីលើកយកល្ខោនល្បីល្បាញលំដាប់ពិភពលោកផ្សេងៗមកសម្តែងលើឆាកក្នុងប្រទេសកម្ពុជា។ គេបានសម្តែងល្ខោនឈ្មោះថា ម៉ូលីយ័រ រួចមកហើយ ហើយគេនឹងចាប់ផ្តើមលេងល្ខោនមួយទៀតដែលនិពន្ធដោយ ហ្សេកស្ពែរ នាពេលខាងមុខដ៏ខ្លី។ ក្រុមសម្តែងជាតិ នេះមានតួនាទីចូលរួមចំនែកដល់ការបង្កើនការយល់ដឹងពីកម្រិតប្រជាប្រិយភាពក្នុងទម្រង់សិល្បៈប្រភេទនេះ ហើយវាជួយឲ្យក្មេងជំនាន់ក្រោយដែលកំពុងតែហ្វឹកហាត់ក្នុងអាជីពនេះមានឱកាសបានបង្ហាញសមត្ថភាពនៅមុខអនាគតទស្សនិកជនរបស់ពួកគេផងដែរ។ ដូចនេះ បន្ទាប់ពីពួកគេបានខិតខំដាក់ចិត្តកាយរៀនចំនួនពីរឆ្នាំពីសិល្បៈវិនាដកម្មរួចមកហើយ សិស្សទាំងនោះអាចទទួលបានបទពិសោធអនុវត្តជាក់ស្តែងក៏ដូចជាឱកាសទំនាក់ទំនងជាមួយសិល្បករអាជីពរៀមច្បងផ្សេងៗជាច្រើននាក់។
គេបានបង្កើតវិទ្យាស្ថានតន្ត្រីនិងមហាវិទ្យាល័យតន្រ្តីមួយមានសមភាពស្មើនឹងបណ្ឌិតសភាតន្ត្រី ដើម្បីបង្ហាត់តន្រ្តីករក្មេងៗឲ្យជួយជំរុញមុខមាត់ប្រទេសកម្ពុជាលេចត្រដែតឡើងស្មើគេឯងដែរ ហើយវាក៏ជួយឲ្យតន្ត្រីករក្មេងៗកម្ពុជាមានតួនាទីនៅក្នុងវិស័យសិល្បៈមួយដែលកំពុងតែមានសារៈសំខាន់ខ្លាំងឡើងៗនៅក្នុងពិភពលោកផងដែរ។ គេបង្វឹកសិស្សឲ្យប្រើសោតវិញ្ញាណនិងបង្រៀនពួកគេពីបច្ចេកទេសsolfeggio។ ការហ្វឹកហាត់នេះធ្វើឡើងតាមរយៈតន្ត្រីប្រពៃណីកម្ពុជានិងដោយប្រើប្រាស់អក្សរភ្លេងរបស់បូព៌ាប្រទេស។ ការធ្វើបែបនេះ ពួកគេនឹងទទួលបានមូលដ្ឋានគ្រឹះខ្លះៗក្នុងតន្ត្រីបែបបូព៌ាប្រទេសមុននឹងពួកគេសិក្សាពីតន្ត្រីបច្ចឹមប្រទេស។ ទង្វើដែលជាគោលការណ៍ណែនាំក្នុងការលើកតំកើនសិល្បៈបែបនេះនឹងញ៉ាំងឲ្យអនាគតអ្នកនិពន្ធតន្រ្តីរបស់យើងអាចចាក់បញ្ចូលនូវព្រលឹងតន្ត្រីជាតិទៅក្នុងស្នាដៃផ្ទាល់ខ្លួនរបស់ពួកគេនីមួយៗបាន។ គេបានបង្កើតវង់តន្រ្តីដែលមានលេងតែឧបករណ៍មានខ្សែកូតសំរាប់សម្តែងនៅឯសភាតន្រ្តីរួចមកហើយ ហើយវង់នេះក៏ធ្លាប់បានប្រគុំនៅមុខភ្ញៀវកិត្តិយសបរទេសជាច្រើនលើកច្រើនសារហើយផងដែរ។
នៅឯវិទ្យាស្ថានតន្រ្តីវិញ គេមានបញ្ចូលផ្នែកមួយមានជំនាញខាងតន្រ្តីប្រពៃណី។ គេចែកផ្នែកនេះជាពីរផ្នែករងផ្សេងទៀត ដែលផ្នែករងទីមួយមានតួនាទីក្នុងការស្រាវជ្រាវ ស្របពេលដែលមួយផ្នែករងទៀតមាននាទីខាងបង្ហាត់បង្រៀន។ ឥលូវនេះគេបានបង្កើតវង់តន្រ្តីចំនួនពីរមកហើយ ជាផ្លែផ្កានៃកំលាំងពលកម្មរបស់ផ្នែកនេះ។
តន្រ្តីកម្ពុជាជាតន្ត្រីមួយដែលធ្វើវិវត្តកម្មដោយវប្បធម៌ដ៏កំពូលមួយ។ វាមិនមែនកើតចេញពីរឿងរ៉ាវផ្ទាល់ខ្លួនឬកម្មវត្ថុអ្វីមួយនោះទេ។ គេរចនាវាឡើងក្នុងគោលបំណងប្រគុំលេងក្នុងឱកាសកិច្ចពិធីសាសនាផ្សេងៗ និងសំរាប់គោលបំណងអន្ទងបួងសួងផ្សេងៗ។ គេបញ្ចូនវាតាមសោតាមិនមែនតាមការសរសេកត់ត្រាទុកនោះទេ។ ដូចនេះហើយ វាជាតន្រ្តីដែលត្រូវគ្រប់កាលៈទេសៈទាំងអស់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងរវាងបច្ចុប្បន្ននិងអតីតកាល។ ជាលទ្ធផល វាសឹងតែមិនបានទទួលឥទ្ធិពលពីផ្នែកខាងក្រៅណាមួយនោះទេ។ ទាំងតន្ត្រីបុរាណ(តន្ត្រីព្រះបរមរាជវាំង)និងតន្ត្រីប្រជាប្រិយសុទ្ធតែមានសូរស័ព្ទឡើងចុះនិងមានចង្វាក់ជាក់លាក់ប្រាកដមួយស្របពេលដែលរចនាសម្ព័ន្ធប្រគុំតន្ត្រីសុទ្ធតែដូចគ្នាទាំងអស់។
គេកំពុងតែធ្វើការស្រាវជ្រាវពីឧបករណ៍តន្រ្តីផ្លុំបន្លឺសម្លេងដោយសិក្សាពីរចនាសម្ព័ន្ធនិងទម្រង់ពួកវារួមនឹងកិច្ចពិធីដែលគេសម្តែងអមជាមួយនឹងឧបករណ៍តន្រ្តីទាំងនេះ។
កិច្ចស្រាជ្រាវនេះនឹងរួមបញ្ចូលនូវការថតសម្លេងតន្រ្តីប្រភេទនេះទៀតផង។ គេនឹងរក្សាខ្សែថតសម្លេងទាំងនេះនៅក្នុងបណ្ណាល័យមួយដែលគេនឹងកសាងឡើងសំរាប់តន្រ្តីប្រពៃណីកម្ពុជា។
គេបង្កើតមហាវិទ្យាល័យបុរាណវិទ្យានិងមហាវិទ្យាល័យនិម្មាបនកម្មឡើងសំរាប់កម្មវិធីរៀបរៀងថ្មីនេះ។ មូលដ្ឋានគ្រឹះនៃមហាវិទ្យាល័យទាំងពីរនេះរចនាឡើងសំរាប់បំពេញតំរូវការនាពេលអនាគតក្នុងជំនាញបុរាណវិទ្យានិងនិម្មាបនកម្មក្នុងប្រទេសកម្ពុជាដែលជាប្រទេសមួយពោរពេញទៅដោយសម្បត្តិបេតិភណ្ឌនិម្មាបនកម្ម បុរាណដ្ឋានសំខាន់ៗពាសពេញផ្ទៃប្រទេស។
ក្នុងចំណោមគម្រោងនានា មានគម្រោងមួយដែលគេកំពុងតែបង្កើតឡើងសំរាប់មុខងារនិម្មាបនកម្មប្រពៃណីខ្មែរក្នុងគោលដៅថែទាំរចនាបទប្រពៃណីបុរាណនិងបទដ្ឋានក្នុងសំណង់សាសនា គេហដ្ឋានក្នុងទម្រង់ដើមនិងចេតិយជាដើម។
បឋកថាផ្សេងៗធ្វើឡើងដោយមនុស្សធ្វើការក្នុងមុខងារមួយនេះ ហើយបឋកថាទាំងនេះនឹងផ្តោតសំខាន់លើប្រវត្តិសាស្ត្រ សិល្បៈនិងនិម្មាបនកម្មខ្មែរ ហើយរួមជាមួយបឋកថាជាច្រើនស្តីអំពីលក្ខណៈទូទៅ បង្កើតឡើងសំដៅផ្តល់ឲ្យនិស្សិតថ្នាក់ឧត្តមសិក្សាជាមួយនឹងសេចក្តីស្រឡាញ់ពេញចិត្តចំពោះចលនាសិល្បៈផ្សេងៗនៅក្នុងពិភពលោក។
វិទ្យាស្ថានស្រាវជ្រាវមួយដែលស្ថិតនៅក្រោមមហាវិទ្យាល័យទាំងពីរនេះនឹងផ្តោតសកម្មភាពសំខាន់លើការសិក្សាពីសិល្បៈនិងបច្ចេកទេសប្រពៃណី។ ក្នុងខណៈពេលនេះ ក្រុមស្រាជ្រាវនានាកំពុងតែចុះបេសកម្មនៅតាមខេត្តផ្សេងៗក្នុងគោលបំណងថតរូប ភាពយន្ត និងថតសំលេងពីអ្វីៗដែលមានលក្ខណៈបែបសិល្បៈជាមួយនឹងគោលដៅចំបងចងក្រងនូវបេតិភណ្ឌសិល្បៈខ្មែរដែលប្រឈមមុខនឹងការបាត់បង់។ កិច្ចការនេះភាគច្រើនផ្តោតទៅលើកម្មវត្ថុរបស់វិទ្យាស្ថានដែលមានស្រាប់ក្នុងការសិក្សាផ្ទាល់ទៅលើរបាំរបស់ជនជាតិភាគតិចរស់នៅផ្នែកខ្លះដែលពិបាកទៅដល់នៅក្នុងប្រទេស។ របាំទាំងនេះ ភាគច្រើនគេលែងសូវសម្តែងទៀតហើយក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ គម្រាងស្រាវជ្រាវទៅថ្ងៃអនាគតមួយផ្សេងទៀតស្តីអំពីបេតិកភណ្ឌវប្បធម៌នៃក្រុមជនជាតិភាគតិចទាំងនេះនឹងត្រូវគេចាត់តាំងឡើង។ គេក៏មានគម្រោងសិក្សាពីគំនូរបុរាណលើជញ្ជាំង និងពិដាននៅតាមបណ្តាទីអារាមសាសនា ក៏ដូចជាសិល្បៈនិងហត្ថកម្មមួយចំនួនដែលកំពុងតែរងការគំរាមកំហែងពីការវិនាសបាត់បង់ផងដែរ ហើយគម្រោងសិក្សានេះក៏កត់ត្រាពីរឿងរ៉ាវព្រេងនិទានផ្សេងៗដែលអ្នកស្រុកបាននិយាយតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។
កិច្ចការដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកំពុងតែជួបប្រទះនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយវាក៏មានភាពចាំបាច់ណាស់ផងដែរ។ កម្មវិធីដែលបានរៀបរាប់ខាងលើគឺជាកិច្ចការមួយប្រកបដោយមហិច្ឆតាហើយគេអាចសម្រេចវាបានដោយធ្វើពីដំណាក់មួយទៅដំណាក់កាលមួយតែប៉ុណ្ណោះ។ ពួកយើងនឹងជួបប្រទះនូវការងារដ៏លំបាកក្នុងរយៈពេលដ៏វែងមួយ តែការងារនេះនឹងផ្តល់ផ្លែផ្កាគួរជាទីគាប់ចិត្តមកដល់ពួកយើងវិញជាក់ជាមិនខាន។
សុឆន្ទៈល្អ និងសេចក្តីអាណិតអាសូរស្រឡាញ់រាប់អានពីមហាជនតាំងពីមុននិងក្រោយពេលដែលយើងចាប់ផ្តើមកិច្ចការទាំងនេះជាកញ្ចក់ឆ្លុះបញ្ជាំងគ្រប់គ្រាន់ហើយថាយើងកំពុងធ្វើដំណើរលើវិថីមួយដ៏ត្រឹមត្រូវ។ លើសពីនេះ កម្មវត្ថុដែលយើងបានដាក់ចេញមុននឹងចាប់ផ្តើមផែនការនេះក៏មានតំលៃគ្រប់គ្រាន់ដែរ ដើម្បីលើកទឹកចិត្តយើងឲ្យបន្តជំហានទៅមុខបន្តការងារនេះទៀតដើម្បីរក្សាតំលៃរបស់វា ក៏ដូចជាធ្វើឲ្យប្រាកដថានឹងមានការអភិរក្សបេតិភណ្ឌសិល្បៈដ៏មានតំលៃមួយនេះ។
វណ្ណ ម៉ូលីវណ្ណ