អត្ថបទដោយ ៖ រឿន វីរៈ
ដូចជានិម្មាបនិកសម័យទំនើបផ្សេងទៀតនៅលើពិភពលោកដែរ លោកតា វណ្ណ រចនាអាគារឡើងដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រងសីតុណ្ហភាពកម្តៅនិងពន្លឺព្រះអាទិត្យនៅក្នុងសំណង់ទាំងមូល។ ប៉ុន្តែផ្ទុយពី ឡឺ ក័រប៉ុយស៊ីយ៉េ(Le Corbusier) លោកតាវណ្ណ មិនបានប្រើវិធីសាស្រ្តគ្រប់គ្រងអាកាសធាតុក្នុងអាគារប្រភេទមេកានិកឈ្មោះថា respiration exacte នោះទេ។ ខ្ញុំគិតថាមានមូលហេតុធំៗចំនួនពីរ។ ទីមួយនោះគឺ ចាប់តាំងពីឆ្នាំ១៩៣០មក ឡឺ ក័រប៉ុយស៊ីយ៉េ(Le Corbusier) ចាប់ផ្តើមបោះបង់គំនិតគ្រប់គ្រងអាកាសធាតុនៅក្នុងអាគារដោយប្រើប្រាស់ប្រព័ន្ធមេកានិក ហើយបានងាកមកប្រើប្រាស់ធាតុផ្សំនិម្មាបនកម្ម(architectural elements)ផ្សេងៗមកជំនួសវិញម្តងនៅក្នុងការកាត់បន្ថយកម្តៅនិងពន្លឺព្រះអាទិត្យនៅក្នុងសំណង់។ ជាលទ្ធផលយើងសង្កេតឃើញមានធាតុផ្សំមួយមានឈ្មោះថា “ប្រ៊ីសសូឡី” (brise-soleil) មានលេចឡើងនៅលើអាគារនានាសាងសង់ឡើងក្នុងយុគនិម្មាបនកម្មសម័យទំនើប។ លោកតា វណ្ណ បានប្រើប្រាស់ធាតុផ្សំនេះផងដែរនៅលើអាគារខ្លះៗដែលគាត់បានរចនា ប៉ុន្តែអាគារមួយចំនួនទៀតបានប្រើប្រាស់គោលការណ៍ផ្សេងទៅវិញក្នុងការគ្រប់គ្រងកម្តៅ តួយ៉ាងដូចជាអាគារផ្ទះបុរីមួយរយខ្នងជាដើម។ គាត់បានប្រើប្រាស់ទស្សនទាននិម្មាបនកម្មតំបន់ជាចំបងទៅវិញ ដើម្បីកំចាត់កម្តៅនៅក្នុងផ្ទះទាំងនេះ។ មូលហេតុទីពីរ ប្រហែលមកពីបញ្ហាកង្វះអ្នកបច្ចេកទេស និងក្រុមហ៊ុនជំនាញដំឡើងប្រព័ន្ធមេកានិកនៅក្នុងស្រុកកាលពីក្នុងសម័យនោះ។ គួររំលឹកថាបរាជ័យក្នុងការបំពាក់នូវប្រព័ន្ធrespiration exacteរបស់ឡឺ ក័រប៉ុយស៊ីយ៉េ(Le Corbusier) ក៏បណ្តាលមកពីបញ្ហាបច្ចេកទេសជំនាញនេះដែរ។
សង្ខេបៗពី “ប្រ៊ីសសូឡី”
ប្រ៊ីសូឡី គឺជាគំនិតមួយសំយោគចេញពីបរាជ័យក្នុងការសាកល្បងគ្រប់គ្រងអាកាសធាតុនៅក្នុងអាគារជាលើកដំបូងតាមរយៈប្រព័ន្ធមេកានិកដែលគេហៅថា respiration exacte របស់ ឡឺ ក័រប៉ុយស៊ីយ៉េ។ វាជារលកទីពីររបស់ពួកនិម្មាបនិកសម័យទំនើបក្នុងការព្យាយាមកាត់បន្ថយកម្តៅនិងផ្តល់នូវពន្លឺគ្រប់គ្រាន់នៅក្នុងអាគារ។ គំនិតចំបងនោះគឺ បើកាលណាគេរចនាអាគារដែលមានfaçadeបែរចំទិសដែលត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំង និម្មាបនិកគួររិះរកវិធីសាស្ត្រយ៉ាងណាដើម្បីបន្ថយកម្តៅរបស់ព្រះអាទិត្យដែលនឹងចាំងចូលអាគារទាំងមូល។ គេឃើញមានគ្រឿងនិម្មាបនកម្មដំបូងកើតចេញពីគំនិតមួយនេះ នៅលើគម្រោងអាគារ Maison Locative របស់ឡឺ ក័រប៉ុយស៊ីយ៉េ ប៉ុន្តែអាគារមួយនេះមិនបានសាងសង់នោះទេ។ អាគារដំបូងបំផុតសាងសង់ឡើងដោយមានភ្ជាប់នូវទស្សនៈប្រ៊ីសសូឡីមាននៅទីក្រុងរីយ៉ូ ប្រទេសប្រេស៉ីលដែលកាលនោះ ឡឺ ក័រប៉ុយស៊ីយ៉េមានតួនាទីជាអ្នកប្រឹក្សាយោបល់ឲ្យនិម្មាបនិកទំនើបប្រេស៉ីលក្នុងការសាងសង់អាគារក្រសួងអប់រំជាតិនិងសុខាភិបាល។
ប្រ៊ីសសូឡីរបស់លោក វណ្ណ ម៉ូលីវណ្ណ
ដូចដែលខ្ញុំបានបញ្ជាក់មកពីខាងដើមអញ្ជឹង លោកតាវណ្ណក៏បានប្រើប្រាស់គោលការណ៍ប្រ៊ីសសូឡីនេះដែរនៅក្នុងអាគាររបស់គាត់។ ខាងក្រោមនេះ គឺជាអាគារផ្សេងៗរបស់លោកតាវណ្ណ ដែលមានភ្ជាប់ជាមួយនូវគោលការណ៍ប្រ៊ីសសូឡីតាមរយៈការសង្កេតរបស់ខ្ញុំ៖
- នៅលើអតីតអាគារទទួលភ្ញៀវពិសេសនាអាកាសយានដ្ឋាននៅខេត្តសៀមរាប(១៩៦៣) គេឃើញមានការប្រើប្រាស់ប្រ៊ីសសូឡីនៅលើផ្ទៃអាគារសឹងតែទាំងមូលតែម្តង។ ដើម្បីរារាំងកម្តៅមិនឲ្យជ្រៀតចូលតាមជញ្ជាំងកញ្ចក់ក្នុងអាគារនេះបាន លោតាវណ្ណ បានរចនាស្លាបព្រិលធំៗបញ្ឈរ និងបញ្ឆិតនៅពាសពេញមុខផ្ទៃកញ្ចក់។
- នៅលើអតីតអាគារវិទ្យាស្ថានប៉ាស្ទ័រ(១៩៦៧) គេអាចមើលឃើញច្បាស់ពីគំនិតប្រ៊ីសសូឡីនៅលើfaçadeខាងជើងនិងខាងត្បូង។ ជញ្ជាំងប្រ៊ីសសូឡីនេះមានលក្ខណៈស្រដៀងទៅនឹងអាគារក្រសួងអប់រំជាតិនិងសុខាភិបាលនៅប្រេស៊ីលដែរ ដោយខុសត្រង់ថា ប្រ៊ីសសូឡីនៅលើfaçadeរបស់អាគារអតីតវិទ្យាស្ថានប៉ាស្ទ័រមិនមានស្លាបព្រិលមេកានិកដែលអាចបញ្ជាឲ្យធ្វើចលនាក្នុងទម្រង់ ៤៥ -៤៥ដឺក្រេ និងផ្តេក តាមមុំរបស់ព្រះអាទិត្យដែលចាំងចូលក្នុងអាគារនោះទេ។
- នៅលើអាគារធនាគារជាតិកម្ពុជាសាខានៅខេត្តព្រះសីហនុ(១៩៦៨) លោកតាវណ្ណបានប្រើប្រាស់រូបនាគតូចៗធ្វើជាធាតុផ្សំនៃជញ្ជាំងប្រ៊ីសសូឡីដូចមានបង្ហាញស្រាប់នៅក្នុងរូបភាព។ ចន្លោះនានាក្នុងរូបនាគតូចៗទាំងនេះ ក៏បានបង្កើតជាស្រមោលប្រដេញលេងគួរឲ្យចាប់ចិត្តនៅលើកំរាលអាគារ។
- នៅលើផ្ទៃអតីតអាគារសាលមហោស្រពព្រះសុរាម្រិតវិញ(១៩៦៨) គេឃើញមានជញ្ជាំងប្រ៊ីសសូឡីមានរាងស្រដៀងនឹងស្រការរបស់សត្វមានចន្លោះប្រហោងដែលអនុញ្ញាតឲ្យគេមើលចេញទៅក្រៅបាន។ ចន្លោះក្រោមស្រការទាំងនេះក៏អនុញ្ញាតឲ្យខ្យល់និងពន្លឺព្រះអាទិត្យចេញចូលបានងាយស្រួលផងដែរ។ ជាអកុសល អាគារនេះមិនមានរូបរាងស្ថិតនៅទីតាំងដើមនោះទេ។
- នៅលើអាគារដើមទាំងបីនៅក្នុងបរិវេណវិទ្យាស្ថានភាសាបរទេសវិញ(១៩៧២) យើងឃើញថាមានការប្រើប្រាស់ប្រ៊ីសសូឡីពីរបែបផ្សេងគ្នាក្នុងការកាត់បន្ថយកម្តៅនៅក្នុងអាគារទាំងនេះ។ ទីមួយគឺស្លាបព្រិលបញ្ឈរវែងៗដែលព័ទ្ធជុំវិញអាគារE និងផ្នែកខ្លះនៃអាគារD។ មួយប្រភេទទៀតគឺជារាងសំបុកឃ្មុំភ្ជាប់គ្នា មានចន្លោះខាងក្រោមដែលអនុញ្ញាតឲ្យខ្យល់និងពន្លឺចូលបានងាយស្រួល។ ប្រ៊ីសសូឡីស្ថិតក្នុងរាងជាឆកោណនេះមានប្រើប្រាស់នៅលើផ្នែកខ្លះនៃអាគារD និងអាគារបណ្ណាល័យ។ កញ្ចក់រាងឆកោណនៅលើជញ្ជាំងប្រ៊ីសសូឡីរបស់អាគារDនេះ ពាំនាំពន្លឺព្រះអាទិត្យចូលទៅក្នុងអាគារបង្កើតបានជាទស្សនីយភាពគួរជាទីពេញចិត្ត។
ជាគោលការណ៍ ប្រ៊ីសសូឡីទាំងនេះពិតជាអាចឲ្យលោកតាវណ្ណ គ្រប់គ្រងកម្តៅ និងខ្យល់នៅក្នុងអាគារគាត់បានពិតមែន ប៉ុន្តែខ្ញុំមិនហ៊ានសន្និដ្ឋានថាប្រសិទ្ធភាពរបស់វាមានកម្រិតណានោះទេ ដោយសារតែខ្ញុំនៅខ្វះខាតអត្ថបទស្រាវជ្រាវវិភាគបែបវិទ្យាសាស្រ្តអំពីអាគារទាំងអស់នេះ។ នៅប្រហែលជាមានអាគារច្រើនទៀតរចនាឡើងជាមួយប្រ៊ីសសូឡីដោយលោកតាវណ្ណ ប៉ុន្តែខ្ញុំមិនមានឯកសារគ្រប់គ្រាន់សំរាប់ធ្វើជាអំណះអំណាងគាំទ្រក្នុងអត្ថបទនោះទេ។